ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ឆ្នាំង ថ្លែងអំណរគុណរាជរដ្ឋាភិបាល ដែលបានផ្តល់ពូជស្រូវ និងពូជបន្លែបន្ថែមដល់ពួកគាត់

 

វិទ្យុជាតិកម្ពុជា៖ ស្រីផល 

MC៖ ប្រជាពលរដ្ឋដែលរងគ្រោះដោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ឆ្នាំង បានថ្លែងអំណរគុណដល់រាជរដ្ឋាភិបាល ដែលបានផ្តល់ពូជស្រូវនិងពូជបន្លែបន្ថែមដល់ពួកគាត់ ដើម្បីស្តារការដាំដុះឡើងវិញបន្ទាប់ពីទឹកស្រក។

លោកស្រី សយ សំ ប្រជាពលរដ្ឋ រស់នៅស្រុកកំពង់ត្រឡាចខេត្តកំពង់ឆ្នាំងបានឱ្យដឹងថា ក្រោយពីកើតមានជំនន់ ទឹកភ្លៀងរួចមក ស្រូវរបស់លោកស្រីទទួលរងផលប៉ះពាល់មួយចំនួន ដែលមិនអាចបង្កបង្កើនផលទៅមុខទៀតបានឡើយ ប៉ុន្តែបន្ទាប់ពីរាជរដ្ឋាភិបាល ចុះចែកជូនស្រូវពូជដល់ពួកគាត់ ក្នុងការស្តារឡើងវិញនេះ គឺផ្តល់លទ្ធភាពឱ្យពួកគាត់ អាចបង្កបង្កើនផលទៅមុខទៀតបាន ដើម្បីដោះស្រាយជីវភាពប្រចាំថ្ងៃ។

លោកស្រីបានបន្តថា ការ ចែកស្រូវពូជ និងពូជបន្លែនេះ គឺអាចគ្រប់គ្រាន់សម្រាប់ការដាំដុះលើដីស្រែដែលលោកស្រីមាន។

លោក​ស្រី​បញ្ជាក់​ថា​‌‍‍« បានគុណសម្តេចឱ្យមកទាន់ពេលវេលា ខ្ញុំសប្បាយរីករាយមែនទែន ហើយខ្ញុំយកទៅហ្នឹងគឺល្មមរាស់ល្មមបាច តែម្តង យកទៅធ្វើស្រូវប្រាំងខ្ញុំអរមែនទែន»។

ចំណែក លោក សុខ វិសាល ប្រជាពលរដ្ឋ ដែលរស់នៅស្រុកបរិបូរណ៍ក៏បានឱ្យដឹងដែរថា លោកពិតជាសប្បាយរីករាយ ណាស់ ដែលសម្តេចបានយកចិត្តទុកដាក់ពីសុខទុក្ខរបស់ប្រជាពលរដ្ឋ និងបានចុះចែកជូនស្រូវពូជ និងពូជបន្លែ ដល់គ្រួសារ ដែលរងផលប៉ះពាល់ដោយសារ ជំនន់ទឹកភ្លៀងកន្លងមក ដើម្បីឱ្យពួកគាត់ស្តារការដាំដុះឡើងវិញសម្រួលដល់ការរស់នៅ ប្រចាំថ្ងៃ។

សូមបញ្ជាក់ថា រាជរដ្ឋាភិបាល បានផ្តល់ជូនស្រូវពូជចំនួន១៧១តោន និងពូជបន្លែដល់ប្រជាពលរដ្ឋ ដែលរងគ្រោះដោយសារ ទឹកជំនន់ទឹកភ្លៀង នៅក្នុងខេត្តកំពង់ឆ្នាំង មានចំនួន១៧១០គ្រួសារ ក្នុងនោះមកពីស្រុកបរិបូណ៍២២៥គ្រួសារ ស្រុកជល់គិរី ៥៦៧គ្រួសារ ស្រុកកំពង់លែង ១៥២គ្រូសារ ស្រុកកំពង់ត្រឡាច ៣២២គ្រួសារ ស្រុករលាប្អៀរ៤១៤គ្រួសារ និងក្រុងកំពង់ឆ្នាំង មានចំនួន៣០គ្រួសារ ដោយក្នុងមួយគ្រួសារៗទទួលបានស្រូវពូជចំនួន១០០គីឡូក្រាម និងពូជបន្លែចំនួន៦មុខផងដែរ ៕