ប្រជាពលរដ្ឋនៅឃុំរកាកោងមួយចំនួន បន្តប្រពៃណីត្បាញកន្ទេលកក់ខ្មែរ ដើម្បីការពារកុំឱ្យបាត់បង់ និងបង្កើនចំណូលក្នុងគ្រួសារ

 

វិទ្យុជាតិកម្ពុជា អត្ថបទ វ៉ែន សុវុទ្ធី

MC: ប្រជាពលរដ្ឋនៅឃុំរកាកោងមួយចំនួន នៅតែបន្តប្រពៃណីត្បាញកន្ទេលកក់ក្រហមខ្មែរ តពីដូនតា ដើម្បីបង្កើន ប្រាក់ចំណូលក្នុងគ្រួសារ និង រក្សានូវទំនៀមទម្លាប់ពីបុរាណឱ្យបានគង់វង្ស។

ទោះបីវិស័យបច្ចេកវិទ្យាកាន់តែរីកចម្រើន ហើយប្រជាពលរដ្ឋភាគច្រើនបានចេញទៅធ្វើការនៅឯរាជធានីភ្នំពេញក៏ដោយ ក៏នៅមានប្រជាពលរដ្ឋមួយចំនួនទៀត ភាគច្រើនជាស្រ្តីមេផ្ទះ នៅក្នុងឃុំរកាកោងស្រុកមុខកំពូល ខេត្តកណ្តាល នៅតែបន្ត ប្រពៃណីពីដូនតា ត្បាញកន្ទេលកក់ក្រហមខ្មែរ សម្រាប់ប្រើប្រាស់ក្នុងក្រុមគ្រួសារ និងការផ្គត់ផ្គង់តម្រូវការទីផ្សារថែមទៀត ផង។
កីតម្បាញមានចាក់ មានដំ ដោយបន្លឺឡើងតំាងពីម៉ោង៤ព្រឹកព្រលឹម ផ្តើមចេញពីផ្ទះអ្នកស្រីសំ សុភា ស្ថិតក្នុងភូមិព្រែកជ្រៅឃុំរកាកោង ស្រុកមុខកំពូល ខេត្តកណ្តាល ដែលកំពុងត្បាញកន្ទេល កក់ក្រហមជាមួយនឹង កូនស្រីរបស់គាត់។ អ្នកស្រីបានឱ្យដឹងថា គ្រួសារអ្នកស្រីបានបន្តប្រពៃណីត្បាញ កន្ទេលកក់ក្រហមខ្មែរនេះ តំាងពីយូរមកហើយ ព្រោះមុខរបរនេះបានផ្តល់ប្រាក់ចំណូលបន្ថែមក្រៅពីរបរធ្វើស្រែចម្ការ អាចឱ្យកូនចៅបានទៅ សិក្សារៀនសូត្រគ្រប់ៗគ្នា។ អ្នកស្រីបន្តថា ទោះបីពេលនេះប្រព័ន្ធ បច្ចេកវិទ្យារីកចម្រើន មានការត្បាញកន្ទេលជ័រ ស្វ័យប្រវត្តិក៏ដោយ ក៏អ្នកស្រីនៅតែទទួលបានការបញ្ជាទិញកន្ទេលកក់ខ្មែរជាហូហែរដូចសព្វដង ហើយមានតម្លៃល្អជាមុន ដោយសារតែកន្ទេលនេះគេងទៅ ត្រជាក់ខ្លួន ប្រើប្រាស់បានយូរ និងមានសោភ័ណភាពស្រស់ស្អាតដែលផលិត ដោយដៃ ផ្ទាល់។

«រាល់ថ្ងៃនេះខ្ញុំត្បាញកន្ទេលដើម្បីរកចំណូលជួយផ្គត់ផ្គងគ្រួសារផងនិងដើម្បីឱ្យកូនបានរៀនសូត្រផង ហើយបន្ទាប់ពីការធ្វើស្រែចម្ការទៅ យើងត្បាញកន្ទេលហ្នឹង ឋិតថេររាល់ថ្ងៃ។ មួយវិញទៀតខ្ញុំសូមអំពាវនាវទៅ បងប្អូនខ្មែរយើងជួយគាំទ្រកន្ទេលកក់ក្រហមខ្មែរផង ពីព្រោះពួកយើងនៅរក្សាបានទំនៀមទម្លាប់ ពីបុរាណមកដល់ សព្វថ្ងៃនេះផងដែរ»។

អ្នកស្រីបានឱ្យដឹងទៀតថា នៅក្នុងភូមិព្រែកជ្រៅនេះគឺនៅមានគ្រួសារជាច្រើនទៀតបានបន្តប្រពៃណីត្បាញកន្ទេលក្រហមនេះ ដោយសារតែប្រជាពលរដ្ឋនៅតែពេញនិយមប្រើកន្ទេលកក់ក្រហមខ្មែរ សម្រាប់ក្រាលក្នុងពិធីផ្សេងៗ និងមួយទៀតគឺដើម្បី រក្សាប្រពៃណីពីចាស់បុរាណ។ ម្យ៉ាងទៀតមុខរបរត្បាញកន្ទេលកក់នេះបានជួយសម្រួលជីវភាព ពោលគឺចំណេញជាងការ ធ្វើស្រែចម្ការ ព្រោះមិនចំណាយដើមទុនច្រើន។អ្នកស្រីបានបន្តថា ដើម្បីត្បាញកន្ទេលកក់ក្រហមខ្មែរ ត្រូវប្រើកម្លាំងចាប់ពី ២ទៅ៣នាក់ ហើយដោយគិតពីគុណភាពក្នុង១ថ្ងៃអាចត្បាញបានកន្ទេលតែ១ប៉ុណ្ណោះក្នុងតម្លៃពី ១០ម៉ឺន ទៅ ១២ម៉ឺនរៀល ទៅតាមទំហំកន្ទេល តូច ឬធំ។
លោក អ៊ុក ណែម ជាមេភូមិព្រែកជ្រៅបានឱ្យដឹងថា សព្វថ្ងៃនេះប្រជាពលរដ្ឋនៅភូមិព្រែកជ្រៅ មានប្រហែលជាង៣០គ្រួសារ បានបន្តត្បាញកន្ទេលកក់ក្រហមខ្មែរនេះគឺទីមួយនៅរក្សាបាននូវប្រពៃណីពីចាស់បុរាណជំនាន់មុននិងមួយទៀតគឺដើម្បីបង្កើនប្រាក់ចំណូលក្នុងជីវភាពគ្រួសារប្រចាំថ្ងៃបន្ទាប់ពីការធ្វើស្រែចម្ការ។

លោកមេភូមិបាន អំពាវនាវដល់ប្រជាពលរដ្ឋខ្មែរ សូមជួយគាំទ្រទិញផលិតផលកន្ទេលកក់ក្រហម របស់អ្នកភូមិព្រែកជ្រៅផង ដើម្បីជួយរក្សាស្នាដៃ និងមរតក ដែលបន្សល់ទុកតាំងពីដូនតាមក និងម៉្យាងទៀតក៏ដើម្បីជួយលើកស្ទួយជីវភាពប្រជាពលរដ្ឋ នៅតាមជនបទឱ្យមានការងារធ្វើនិងមានជីវភាពធូធារផង៕