កម្ពុជាប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការអនុវត្តចក្ខុវិស័យរួមគ្នារបស់អាស៊ាន ក្នុងទិសដៅសម្រេចឱ្យបាននូវសមាហរណកម្មរួម

 

វិទ្យុជាតិកម្ពុជា៖ ដោយ កញ្ញា អ៊ី កនិកា 

ភ្នំពេញ៖  កម្ពុជាប្តេជ្ញាចិត្តដ៏មុតមាំ ក្នុងការអនុវត្តលើចក្ខុវិស័យរួមគ្នារបស់អាស៊ានក្នុងទិសដៅសម្រេចឱ្យបាន នូវសមាហរណកម្មរួមប្រកបដោយភាពរឹងមាំ និងវិបុលភាព។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូនព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងឱកាសដឹកនាំ គណៈប្រតិភូនៃព្រះរាជាណាក្រកម្ពុជា ចូលរួមកិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧ និងកិច្ចប្រជុំពាក់ព័ន្ធក្រោមប្រធានបទ ភាពស្អិតល្មួត និងការឆ្លើយតបនៃអាស៊ាន តាមរយៈប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ  បានមាន ប្រសាសន៍ថា កម្ពុជាសន្យាចូលរួមអនុវត្តលើចក្ខុវិស័យរួមគ្នារបស់អាស៊ាន ក្នុងទិសដៅសម្រេចឱ្យបាននូវសមាហរណកម្ម រួមប្រកបដោយភាពរឹងមាំ និងវិបុលភាព តាមរយៈកិច្ចសហប្រតិបត្តិការ សាមគ្គីភាពនិងប្រកាន់ខ្ជាប់នូវ សេរីភាវូបនីយកម្ម ពាណិជ្ជកម្ម និងយន្តការពហុភាគីនិយម។

កិច្ចប្រជុំផ្ដោតការពិភាក្សាសំខាន់ទៅលើផលប៉ះពាល់លើវិស័យសុខភាពសាធារណៈ និងសង្គមសេដ្ឋកិច្ចរបស់ប្រទេស នៅក្នុងតំបន់ ដែលបណ្ដាលមកពីការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ ការកំណត់ទិសដៅបន្ទាប់ក្នុងការស្ដារ និងរក្សាស្ថិរភាព សង្គមសេដ្ឋកិច្ច របស់ប្រទេសជាសមាជិក និងតំបន់ នៅពេលដែលវិបត្តិនេះត្រូវបញ្ចប់។

ក្នុងកិច្ចប្រជុំនោះ ឯកឧត្តម ង្វៀន សួនហ្វុក នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម បានបង្ហាញពីគោលជំហរ របស់ប្រទេសវៀតណាម ក្នុងការពង្រឹងប្រសិទ្ធភាពស្ថាប័ននៃការប្រយុទ្ធប្រឆាំងនឹងការរាតត្បាតនៃជំងឺកូវីដ-១៩ នឹងការស្តារ និងងើបឡើងវិញនៃសង្គមសេដ្ឋកិច្ច និងបានអំពាវនាវឱ្យប្រទេសអាស៊ានទាំងអស់ប្រកាន់ខ្ជាប់នូវការរក្សាសាមគ្គីភាពរបស់ អាស៊ានព្រមទាំងតុល្យភាពរបស់អាស៊ាននៅចំពោះមុខការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចនៅក្នុង តំបន់។

ចំណែក ឯកឧត្តម តេត្រូ អ៊ែតហានូ ហ្គេប្រេយ៉េសស៊ុល  អគ្គនាយកនៃអង្គការសុខភាពពិភពលោកបានបញ្ជាក់ថា ជំងឺកូវីដ-១៩ មិនទាន់មានភាពថមថយនៅឡើយទេ ដែលនេះទាមទារឱ្យយើងទាំងអស់គ្នាត្រូវប្រុងប្រយ័ត្នខ្ពស់ ព្រមទាំងចូលរួមយ៉ាងសកម្ម ជាមួយគ្នា ក្នុងការស្វែងរកនូវយន្តការនិងឧបករណ៍ថ្មីដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺរាតត្បាតនេះ ក៏ដូចជាការស្ដារសង្គមសេដ្ឋកិច្ច ឡើងវិញក្រោយពីវិបត្តិនៃជំងឺនេះ។

សូមបញ្ជាក់ថា  កិច្ចប្រជុំកំពូលអាស៊ានលើកទី៣៧នេះ ក៏បានអនុម័តដាក់ឱ្យដំណើរការនូវរបាយការណ៍ ស្ដីពីការត្រួតពិនិត្យ វាយតម្លៃឡើងវិញពាក់កណ្ដាលអាណត្តិលើផែនការលម្អិតនៃសហគមន៍អាស៊ានឆ្នាំ ២០២៥  ក្របខណ្ឌស្ដារឡើងវិញ គ្រប់ជ្រុងជ្រោយរបស់អាស៊ាននិងស្តុកបម្រុងបរិក្ខារពេទ្យតំបន់អាស៊ាន៕