សហគមន៍កសិកម្មរំដួលម្លូព្រៃជាយដែន ចាប់ផ្តើមប្រមូលផលស្រូវសរីរាង្គ លក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា

 

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា 

MC៖ សហគមន៍កសិកម្មរំដួលម្លូព្រៃជាយដែន ស្ថិតក្នុងស្រុកឆែប ខេត្តព្រះវិហារ ចាប់ផ្តើមប្រមូលផលស្រូវសរីរាង្គ លក់ជូនក្រុមហ៊ុនតាមកិច្ចសន្យា ដើម្បីផ្គត់ផ្គង់ទីផ្សារក្នុងស្រុកនិងនាំចេញទៅក្រៅប្រទេស ។

      លោក ពឹង ទ្រីដា ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់និងនេសាទខេត្តព្រះវិហារ បានឱ្យដឹងថា បច្ចុប្បន្ន សហគមន៍កសិកម្ម រំដួលម្លូព្រៃជាយដែន ស្រុកឆែប កំពុងប្រមូលផលស្រូវលក់តាមកិច្ចសន្យាឱ្យក្រុមហ៊ុន អេមរុ រ៉ាយស៍(Amru Rice) ជាប្រភេទស្រូវក្រអូប (ផ្ការំដួល) ។លោក បញ្ជាក់ថា ក្រុមហ៊ុន ទទួលទិញពីសហគមន៍ ក្នុងតំលៃ ១២៧០រៀលក្នុង១គីឡូក្រាម សម្រាប់ប្រភេទស្រូវផ្ការំដួលសើមលេខ១ និងផ្ការំដួលសើមលេខ២ តំលៃ១២២០រៀលក្នុង១គីឡូក្រាម ។

លោក​បញ្ជាក់ថា​«ការប្រមូលផលចាប់ផ្តើមពីថ្ងៃទី១២ខែវិច្ឆិកាតាមកិច្ចសន្យាដែលក្រុមហ៊ុនបានចុះហត្ថលេខាកាលពីដើមរដូវវស្សាយើងដល់ពេលប្រមូលផលហើយ ជាពិសេសប្រភេទស្រូវក្រអូបផ្ការំដួលក្រុមហ៊ុនបានប្រមូលទិញ ចាប់ពីម្សិលមិញមកឃើញ តាមសហគមន៍ក្នុងខេត្តព្រះវិហារកំពុងតែមមាញឹកក្នុងការប្រមូលផល មែនទែនអត់បាយអត់ទឹក វេចបាយខ្ចប់មកប្រមូលច្រូត ស្រូវ ឃើញម៉ាស៊ីនច្រូតមកជាច្រើន កំពុងតែច្រូតហើយឡើងឡានទៅតាមគោលដៅផ្សេងៗគ្នារបស់ក្រុមហ៊ុន ។ បងប្អូនប្រជាសហគមន៍គាត់សប្បាយចិត្ត ហើយគាត់អបអរសាទ តម្លៃដែលបានចរចាឯកភាពគ្នាជាមួយក្រុមហ៊ុនហ្នឹង ។ ឥឡូវគាត់កំពុងតែមមាញឹកធ្វើការប្រមូលផលពួកគាត់តាមបណ្តាសហគមន៍ពួកគាត់សប្បាយចិត្តមែនទែន » ។

លោកបានបន្ថែមថា  ខាងមន្ទីរក៏ជំរុញឱ្យតំណាងសហគមន៍ទាំងអស់ត្រូវបន្តគោរពតាមកិច្ចសន្យាដែលបានចុះកិច្ចព្រមព្រៀង ជាមួយក្រុមហ៊ុន  ហើយកសិករត្រូវមានភាពស្មោះត្រង់ជាមួយក្រុមហ៊ុន ត្រូវរក្សាគុណភាពស្រូវសរីរាង្គដោយមិនក្លែងបន្លំ ហើយចៀសវាងការលក់ស្រូវឱ្យអ្នកផ្សេងៗ ដើម្បីឱ្យក្រុមហ៊ុនអាចប្រមូលទិញស្រូវបានគ្រប់ចំនួនតាមកិច្ចសន្យាជាមួយ ប្រជាកសិករ ។

យោងតាមរបាយការណ៍របស់មន្ទីរ កសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះវិហារបានឱ្យដឹងថា នៅទូទាំងខេត្តព្រះវិហារ មានសហគមន៍កសិកម្មចំនួន ៣៣ បានចុះកិច្ចសន្យាផលិតនិងផ្គត់ផ្គង់ស្រូវសរីរាង្គ លើបរិមាណស្រូវសរុប ២២,១៩៥ តោន ដែលមានសមាជិកសហគមន៍ផលិតសរុបចំនួនជាង ៦,២០០ គ្រួសារ លើទំហំផ្ទៃដីសរុប ២០,២៩៦ ហិកតា សម្រាប់លក់ឱ្យក្រុមហ៊ុនឯកជនចំនួន០៤គឺ ក្រុមហ៊ុនអេមរុ រ៉ាយ (AMRU Rice),  ក្រុមហ៊ុនស៊ិកនេតឈ័រអហ្វអេស៊ា (Signatures of Asia), ក្រុមហ៊ុនហ្គោលដិនរ៉ាយ(Golden Rice) និងរោងម៉ាស៊ីនសារ៉ាវ៉ាន់កំពង់ធំ ។ រហូតមកដល់ពេលនេះសហគមន៍ប្រមូលផលស្រូវទើបតែបានប្រមាណ១០ភាគរយតែប៉ុណ្ណោះ ៕​