កម្ពុជាចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិនលើកទី២៣ ស្តីពី “ការត្រួតពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ និង ទិសដៅអនាគតអាស៊ាន-ចិន” តាមប្រព័ន្ធវីដេអូ

 

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

ភ្នំពេញ៖ ក្នុងនាមតំណាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃប្រទេសកម្ពុជា ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលពីរសៀលថ្ងៃទី១២ វិច្ឆិកា ២០២០បានដឹកនាំគណៈប្រតិភូជាន់ខ្ពស់ ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៣ ស្តីពី “ការត្រួតពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ និង ទិសដៅអនាគតអាស៊ាន-ចិន” តាមប្រព័ន្ធវីដេអូ នៅទីស្តីការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានីភ្នំពេញ។

យោងតាមសេចក្តីប្រកាសព័ត៌មាន ស្តីពីកិច្ចប្រជុំកំពូលអាស៊ាន-ចិន លើកទី២៣ ស្តីពី “ការត្រួតពិនិត្យឡើងវិញនូវកិច្ចសហប្រតិបត្តិការ និង ទិសដៅអនាគតអាស៊ាន-ចិន” ចេញផ្សាយដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានឲ្យដឹងទៀតថា កិច្ចប្រជុំនោះ ដឹកនាំដោយឯកឧត្តម ង្វៀន សួន ហ៊្វុក នាយករដ្ឋមន្រ្តីនៃសាធារណៈរដ្ឋសង្គមនិយមវៀតណាម។ កិច្ចប្រជុំកំពូល“អាស៊ាន-ចិន លើកទី ២៣”នោះបានផ្តោត កិច្ចពិភាក្សាជាចម្បងលើបញ្ហាប្រឈម ដែលរួមមាន បញ្ហាសុខភាពសាធារណៈ និងស្ថានភាពសង្គម-សេដ្ឋកិច្ច ដែលបណ្តាល មកពីវិបត្តិនៃជំងឺកូវីដ-១៩ នៅក្នុងតំបន់ទាំងពីរ ជាដើម ។ កិច្ចប្រជុំបានសង្កត់ធ្ងន់ អំពីភាពចាំបាច់នៃការបង្កើនកិច្ចសហការ រវាង អាស៊ាន និងចិន ក្នុងការពង្រឹងសាមគ្គីភាព និងកិច្ចសហប្រតិបត្តិការរួមគ្នា ក្នុងការឆ្លើយតបទៅនឹងជំងឺរាតត្បាត និងក្នុងការស្តារស្ថេរភាព និងការងើបឡើងវិញនូវស្ថានភាពសង្គម-សេដ្ឋកិច្ច បន្ទាប់ពីវិបត្តិនោះត្រូវបានបញ្ចប់ តាមរយៈយន្តការដែលមានស្រាប់ រួមមាន “ផែនការអនុវត្តពីឆ្នាំ២០១៦ដល់ឆ្នាំ២០២០” និង “កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ចិន (ACFTA)” ក៏ដូចជា ស្វែងរកនូវយន្តការសហប្រតិបត្តិការថ្មីៗបន្ថែមទៀត។ ថ្នាក់ដឹកនាំនៃប្រទេសអាស៊ានស្វាគមន៍ និងវាយតម្លៃខ្ពស់ចំពោះការចូលរួមចំណែករបស់ប្រទេសចិន ក្នុងការពង្រឹង និងលើកកម្ពស់ចំណងមិត្តភាពអាស៊ាន-ចិន ព្រមទាំងក្នុងការជំរុញគំនិតផ្តួចផ្តើម “ភាពជាដៃគូអាស៊ាន-ចិន ស្តីពី សេដ្ឋកិច្ចពណ៌ខៀវ” និង “ចក្ខុវិស័យភាពជាដៃគូយុទ្ធសាស្ត្រអាស៊ាន-ចិន ឆ្នាំ ២០៣០” ។

ប្រភពដដែលឱ្យដឹងទៀតថា ថ្នាក់ដឹកនាំនៃប្រទេសសមាជិកអាស៊ាន-ចិន បានប្តេជ្ញាបន្តគាំទ្រគោលការណ៍ពហុភាគីនិយម និងបានស្នើឱ្យមានការបង្កើនកិច្ចសហប្រតិបត្តិការនៅក្នុងតំបន់ ទៅលើការកសាងជំនឿទុកចិត្ត និងរក្សាភាពធន់នៃសង្គម-សេដ្ឋកិច្ចនាពេលអនាគត, ការបើកចំហររំហូរពាណិជ្ជកម្មសេរី, ការតភ្ជាប់ខ្សែសង្វាក់ផ្គត់ផ្គង់ក្នុងតំបន់, និងការអនុវត្តសេដ្ឋកិច្ច ឌីជីថល ។ ថ្នាក់ដឹកនាំនៃប្រទេសជាសមាជិកអាស៊ានបានសំដែងការស្វាគមន៍ និងគាំទ្រចំពោះការប្រកាសរបស់ប្រទេសចិន ដែលបានចាត់ទុកវ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ-១៩ជា“ទំនិញសាធារណៈ” និងការបន្តផ្គត់ផ្គង់ថ្នាំនិងបរិក្ខារពេទ្យក្នុងតំបន់ អាស៊ាន សម្រាប់ការសង្គ្រោះបន្ទាន់ លើកកម្ពស់សុខភាពសាធារណៈ ព្រមទាំងជំនួយដទៃទៀតសម្រាប់ការស្តារ និងការងើបឡើងវិញ នៃសង្គម-សេដ្ឋកិច្ចនៅក្នុងតំបន់អាស៊ាន ក្រោយកូវីដ-១៩ ។ ជាមួយគ្នានោះ ថ្នាក់ដឹកនាំនៃប្រទេស ជាសមាជិកអាស៊ាន ក៏បានសំដែងការពេញចិត្ត និងគាំទ្រចំពោះការប្តេជ្ញាចិត្តរបស់ឯកឧត្តម លី ខឺឈាង នាយករដ្ឋមន្រ្តីនៃ សាធារណរដ្ឋប្រជាមានិតចិន ក្នុងការបង្កើនកិច្ចសហប្រតិបត្តិការ, ការជួយដល់តំបន់អាស៊ាន និងការដោះស្រាយបញ្ហាផ្សេងៗ ទៀត តាមយន្តការសន្តិវិធី ដោយឈរលើស្មារតីសាមគ្គីភាព និងវិបុលភាពដល់ប្រជាជនទាំងអស់នៃតំបន់ទាំងពីរ៕