ឯកឧត្ដម ឃួង ស្រេង និងមន្ដ្រីក្រោមឱវាទ បានបន្តចុះចែកម៉ាស់ ជូនប្រជាពលរដ្ឋនៅគោលដៅស្ដុបផ្សារដើមគរ ដើម្បីការពារជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០

ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងឧត្តមសេនីយ៍ឯក ស ថេត អគ្គស្នងការរង និងស្នងការនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២០ នេះ បានដឹកនាំមន្រ្តី និងសមត្ថកិច្ចបន្តចុះចែកម៉ាស់ដែលជាអំណោយរបស់ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ជូនប្រជាពលរដ្ឋទូទៅ នៅស្ដុបផ្សារ ដើមគរ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ក្រៅពីការដឹកនាំមន្ដ្រីចុះចែកម៉ាសដោយផ្ទាល់នៅតាមគោលដៅហើយនោះ ឯកឧត្តម អភិបាលរាជធានីភ្នំពេញ ក៏បានបែងចែកឱ្យអាជ្ញាធរខណ្ឌ ព្រមទាំងមន្រ្តីពាក់ព័ន្ធបន្ដ ចុះចែក ម៉ាស់នៅតាមទីសាធារណៈក្នុងរាជធានីភ្នំពេញជារាងរាល់ថ្ងៃផងដែរ។

នៅក្នុងឱកាសនោះ ឯកឧត្ដម ឃួង ស្រេង ក៏បានណែនាំ និងក្រើនរម្លឹកដល់ ប្រជាពលរដ្ឋឱ្យចេះវិធីការពារ ពីការឆ្លងនៃជំងឺកូវីដ-១៩ផងដែរ ដោយត្រូវឱ្យប្រជាពលរដ្ឋធ្វើ អនាម័យជាប្រចាំ តាមរយៈការឧស្សាហ៍លាងដៃជាមួយទឹកអាល់កុល ឬជែល និងពាក់ម៉ាស់ នៅទីកន្លែងដែលចាំបាច់ ព្រមទាំងរក្សាគម្លាតសុវត្ថិភាពផងដែរ។

ឯកឧត្ដមបានបញ្ជាក់ថា ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានប្រកាសបញ្ចេញម៉ាស់ក្រណាត់ចំនួន ២លាន ម៉ាស់ ដើម្បីចែកជូនដល់បងប្អូនប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ។ សម្ដេចបានបញ្ជាឱ្យ ក្រសួងសុខាភិបាល និងរដ្ឋបាលរាជធានីភ្នំពេញ ធ្វើកិច្ចការនេះជាបន្ទាន់ ដោយបញ្ចេញម៉ាស់ ក្រណាត់ពីឃ្លាំងជាបន្ទាន់ ដើម្បីឱ្យប្រជាពលរដ្ឋរស់នៅក្នុងសហគមន៍ក្រីក្របានពាក់ម៉ាស់ និងសម្រាប់ប្រើប្រាស់ចូលរួមការពារ ពីការឆ្លងជំងឺកូវីដ-១៩ ព្រោះថា ជំងឺនេះវាមិនភ្លេចយើង ទេ មានតែមានយើងទេដែលភ្លេចវានោះ។

សូមបញ្ជាក់ថា នេះជាថ្ងៃទី២ហើយ ដែលស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ធ្វើសកម្មភាពបន្តចុះចែកម៉ាស់តាមគ្រប់គោលដៅស្តុបជូនដល់ប្រជាពលរដ្ឋ ដែលជាអំ ណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃព្រះរាជាណាចក្រកម្ពុជា ដើម្បីចូល រួមបង្ការ និងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩៕

ដោយ សួស សំរិត