អាជ្ញាធរខេត្តប៉ៃលិន ព្រមានចាត់វិធានការផ្លូវច្បាប់ចំពោះក្លិបកម្សាន្តណា មិនព្រមបិទតាមការណែនាំរបស់រាជរដ្ឋាភិបាល

 

វិទ្យុជាតិកម្ពុជា៖អត្ថបទ លោក ហឿន គឹមហុន

ប៉ៃលិន៖ រាត្រីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ តាមការចង្អុលបង្ហាញពីឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្ត លោក លឹម វាសនា ប្រធានមន្ទីរទេសចរណ៍ខេត្ត សហការជាមួយស្នងការដ្ឋាននគរបាលខេត្ត និងកងរាជអាវុធហត្ថខេត្ត បានដឹកនាំក្រុមការងារ ចម្រុះ ទៅពិនិត្យមើលតាមបណ្តាក្លិបកម្សាន្ត KTV នានាក្នុងខេត្ត ដើម្បីធ្វើការណែនាំឱ្យបិទអាជីវកម្មទាំងស្រុង តាមការណែនាំ របស់ក្រសួងសុខាភិបាលកម្ពុជា និងយោងតាមអនុសាសន៍ដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលបានសម្រេចឱ្យ បិទក្លឹបកម្សាន្ត KTV រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ដើម្បីបង្ការ និងទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ។

លោក លឹម វាសនាប្រធានមន្ទីរទេសចរណ៍ខេត្តប៉ៃលិនបានឱ្យដឹងថា៖ ម្ចាស់អាជីវកម្មក្លិបកម្សាន្ត KTV នានា បានអនុវត្តន៍ តាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ក្នុងការទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ដោយពេលចុះពិនិត្យមើលជាក់ស្តែង យើងសង្កេតឃើញថា៖ ទីតាំងអាជីវកម្ម ក្លិបកម្សាន្ត ខារ៉ាអូខេ រង្គសាល ឌីស្កូតែក និងបៀរហ្គាឌិន បានផ្អាកអាជីវកម្មទាំងស្រុង ។ លោកប្រធានមន្ទីរទេសចរណ៍ក៏បានណែនាំទៅដល់ម្ចាស់អាជីវកម្មទាំងនោះ ត្រូវបិទរហូតដល់មានការជូនដំណឹងជាថ្មី បើករណីក្លិបកម្សាន្តណាមួយ មិនគោរពតាមការណែនាំរបស់រាជរដ្ឋាភិបាល អាជ្ញាធរខេត្ត នឹងចាត់វិធានការទៅតាមផ្លូវច្បាប់ ដូចជាដកអាជ្ញាបណ្ណធ្វើអាជីវកម្មជាដើម។

សូមបញ្ជាក់ថា កាលពីថ្ងៃទី០៨ខែ វិច្ឆិកា ឆ្នាំ២០២០ ក្រសួងសុខាភិបាលបានប្រកាសឱ្យបិទ KTV ក្លឹបកម្សាន្ត ខារ៉ាអូខេ រោងភាពយន្ត សារមន្ទីរ នៅទូទាំងប្រទេស ក្នុងបរិបទជំងឺកូវីដ-១៩ ជាពិសេសបន្ទាប់ពីការបំពេញទស្សនកិច្ចរបស់រដ្ឋមន្រ្តី ការបរទេសហុងគ្រី មកកាន់ប្រទេសកម្ពុជា កាលពីថ្ងៃទី០៣ ខែវិច្ឆិកា ដែលបន្ទាប់ពីបញ្ចប់ដំណើរទស្សនកិច្ចនេះ លោកត្រូវបាន រកឃើញថាមានវិជ្ជមានមេរោគកូវីដ-១៩ ។
គួរបញ្ជាក់ថា៖ ខេត្តប៉ៃលិនមានខារ៉ាអូខេចំនួន ៧ កន្លែង និងឌីស្កូតែក ១កន្លែង៕