រដ្ឋបាលខេត្ត​ព្រះសីហនុ ចុះ​អប់រំ​ណែនាំ​ផ្អាក​ជា​បណ្តោះអាសន្ន​ខារ៉ាអូខេ ឌី​ស្តូ​តែ​ក បៀ​ហ្គា​ឌី​ន ម៉ាស្សា ស្ទី​ម​សូ​ណា ក្លឹប​ហាត់ប្រាណ និង រោងភាពយន្ត​

AKP ព្រះសីហនុ ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​១២​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ក្រោយពី​ទទួលបាន​ការណែនាំ​ពី​រាជ រដ្ឋាភិបាល ពិសេស​ក្រសួងមហាផ្ទៃ ក្រសួងសុខាភិបាល និង​ក្រសួងទេសចរណ៍ ស្តីអំពី​វិធានការ​ការពារ ទប់ស្កាត់​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ក្នុង​សហគមន៍ លោក ម៉ាង ស៊ី​ណេ​ត អភិបាលរង​ខេត្ត​ព្រះសីហនុ តំណាង​ឯកឧត្តម គួច ចំរើន អភិបាល​នៃ​គណៈ​អភិបាលខេត្ត​ព្រះ សីហនុ បាន​ដឹកនាំ​ក្រុមការងារ​ចម្រុះ​ចុះ​ធ្វើ​ការអប់រំ ណែនាំ ស្តីពី​ការផ្អាក​អាជីវកម្ម​លើ​មូលដ្ឋាន​អាជិ​វ​កម្ម​នៅ​ទូទាំង​ខេត្ត​ព្រះសីហនុ មាន​ចំនួន​សរុប ៩៦​កន្លែង ដើម្បី​ចូលរួម​ជាមួយ​រាជរដ្ឋាភិបាល​កម្ពុជា ក្នុងការ​ការពារ ទប់ស្កាត់​នឹង​ជំងឺ​កូ​វីដ​-១៩ នៅ​ខេត្ត​ព្រះសីហនុ ។ សកម្មភាព​ខាងលើនេះ គឺធ្វើឡើង​ដើម្បី​ទប់ស្កាត់ និង​បង្ការ​ការឆ្លង​រីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​-១៩ ពិសេស​ពី​អ្នកពាក់ព័ន្ធ​ក្នុង​ព្រឹត្តិការណ៍ ០៣​វិច្ឆិកា​កន្លងមក ។

​លោក ម៉ាង ស៊ី​ណេ​ត បាន​បញ្ជាក់ថា ដោយមាន​ការណែនាំ និង​បទបញ្ជា​ពី​ឯកឧត្តម គួច ចំរើន អភិបាលខេត្ត​ព្រះសីហនុ ឱ្យ​ក្រុមការងារ​ចម្រុះ និង​អាជ្ញាធរ​ក្រុង​-​ស្រុក​ទាំង​៥ ត្រូវ​បន្ត​ការតាមដាន និង​ត្រួតពិនិត្យ​ជាប់​ជាប្រចាំ​ក្នុងករណី​រកឃើញ​ទីតាំង​ណាមួយ មិន​ចូលរួម​សហការ​ជាមួយ​អាជ្ញាធរ និង​តាម​ការណែនាំ​ជូនដំណឹង​របស់​រាជរ​ដ្ឋា​ភិ​បាល និង​ក្រសួង​ពាក់ព័ន្ធ ត្រូវ​ចុះ​បិទ​អាជីវកម្ម​ជាបន្ទាន់ មិនត្រូវ​បណ្ដែត​បណ្ដោយឱ្យ​បើក​ធ្វើ​សកម្មភាព​ក្នុង​មូលដ្ឋាន ឡើយ​។

​អាជ្ញាធរ​ក្រុង ស្រុក​ទាំង​៥ ត្រូវ​បង្កើន​ការផ្សព្វផ្សាយ​អប់រំ អំពី​វិធានការ​សុខាភិបាល​នៅតាម​មូលដ្ឋាន ទី​វត្ត​អារាម និង​តំបន់​ទីប្រជុំជន​ក្នុង​ក្រុង ស្រុក ឃុំ សង្កាត់ បន្ត​ការយកចិត្តទុកដាក់​តា​ម​ដាន​ចំពោះ​បងប្អូន​ប្រជាពលរដ្ឋ​ដែល​កំពុងតែ​ធ្វើ​ច​ត្តា​ឡី​ស័ក​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​កុំឱ្យ​មានការ​ឆ្លង​រាលដាល​ជំងឺ​កូ​វីដ​-១៩ ចូលក្នុង​សហគមន៍ ។ ក្រុមការងារ​ចម្រុះ​របស់​រដ្ឋបាលខេត្ត​បាន​ចុះ​អប់រំ​ណែនាំ រួមមាន​៖ ទី​១.​ខារ៉ាអូខេ​ចំនួន ៥១​កន្លែង​។ ទី​២.​ឌី​ស្តូ​តែ​ក​ចំនួន ៤​កន្លែង​។ ទី​៣.​បៀ​ហ្គា​ឌី​ន​ចំនួន ៧​កន្លែង​។ ទី​៤.​ម៉ាស្សា​ចំនួន ២៦​កន្លែង​។ ទី​៥.​ស្ទី​ម​សូ​ណា​ចំនួន ២​កន្លែង​។ ទី​៦.​ក្លឹប​ហាត់ប្រាណ​ចំនួន ៥​កន្លែង​។ ទី​៧.​រោងភាពយន្ត​ចំនួន ១​កន្លែង ៕ ដោយ​៖ ងូ សុ​មុនី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​