ក្រុមប្រឹក្សា​ខេត្តកណ្តាល បើក​កិច្ចប្រជុំ​សាមញ្ញ លើក​ទី​១៨ អាណត្តិ​ទី​៣ របស់ខ្លួន​

AKP កណ្តាល ថ្ងៃទី​១៣ ខែតុលា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​១២​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែតុលា ឆ្នាំ​២០២០ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ ប្រធាន​ក្រុមប្រឹក្សា​ខេត្តកណ្តាល និង ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាលខេត្ត​កណ្ដាល បាន​ដឹកនាំ​កិច្ចប្រជុំ​សាមញ្ញ ក្រុមប្រឹក្សា​ខេត្ត លើក​ទី​១៨ អាណត្តិ​ទី​៣ ដោយមាន​ការអញ្ជើញ​ចូលរួម​ពី​សំណាក់ ឯកឧត្តម លោកជំទាវ សមាជិក​ក្រុមប្រឹក្សា​ខេត្ត អភិបាលរង​ខេត្ត និង​មន្ទីរ អង្គភាព​នានា​ជុំវិញ​ខេត្ត​ផងដែរ​។​

​ក្នុង​កិច្ចប្រជុំ​នេះ ឯកឧត្តម​បណ្ឌិត ម៉ៅ ភិ​រុណ បាន​ស្នើឱ្យ​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត និង​អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​ត្រៀម​រៀបចំ​សន្តិសុខ​សណ្ដាប់ធ្នាប់ ឱ្យបាន​ល្អ​ទាំង​ក្នុងពេល​ប្រឡង និង​ក្រោយ​ប្រឡង​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ ពិសេស​ត្រូវ​យកចិត្តទុកដាក់​ខ្ពស់​ចំពោះ​ទីតាំង​មណ្ឌល​ប្រឡង និង​កន្លែង​ស្នាក់នៅ​របស់​បេក្ខជន​ប្រឡង​ឱ្យបាន​សមស្រប ធ្វើយ៉ាងណា​ឱ្យ​ការប្រឡង​នេះ​ប្រព្រឹត្ត​ដោយ​ជោគជ័យ សុវត្ថិភាព និង​ទទួលបាន​លទ្ធផល​ល្អ​។
​ឯកឧត្តម ប្រធាន​ក្រុមប្រឹក្សា​ខេត្ត ក៏បាន​ជំរុញ​បន្ថែម​ដល់​មន្ទីរអប់រំ​យុវជន និង​កីឡា​ខេត្ត ត្រូវខិតខំ​ពង្រឹង​លើ​ការងារ​បំប៉នបន្ថែម​ដល់​សិស្សានុសិស្ស​ដែល​ត្រូវ​ប្រឡង​ថ្នាក់មធ្យមសិក្សា​ទុតិយភូមិ ក្នុងឆ្នាំនេះ ឱ្យមាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុងការ​ប្រឡង​ជាប់​ឱ្យបាន​ភាគរយ​ខ្ពស់ តាម​គ្រប់​មធ្យោបាយ​នៅតាម​គ្រឹះស្ថាន​អប់រំ សាលា​នានា និង​តាម​ប្រព័ន្ធ​អន​ឡាញ​ជាដើម ។​

​ក្នុងឱកាស​នោះដែរ ឯកឧត្តម គង់ សោ​ភ័​ណ្ឌ អភិបាល នៃ​គណៈ​អភិបាល​បានបញ្ជាក់​ក្នុង​កិច្ចប្រជុំ​នេះ​ថា ពាក់ព័ន្ធ​នឹង​ការជួសជុល និង​ស្ដារឡើងវិញ​ចំពោះ​ផ្លូវ​ដែល​ខូចខាត​ដោយ​គ្រោះ​ជំនន់​ទឹកភ្លៀង រដ្ឋបាលខេត្ត​បានរៀបចំ​ជា​ឯកសារ​រួចរាល់​ហើយ ដាក់​ទៅ​គណៈកម្មាធិការ​គ្រប់គ្រង​គ្រោះមហន្តរាយ​ថ្នាក់ជាតិ ក្រសួង​អភិវឌ្ឍន៍ជនបទ និង​ក្រសួង​សាធារណការ និង​ដឹកជញ្ជូន ដើម្បី​ជួយ​ធ្វើការ​ដោះស្រាយ និង​អន្តរាគមន៍ ៕ ដោយ ណ​យ នឿន (​ប្រភព​:​រដ្ឋបាល​ខេត្តកណ្តាល​) សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​