ប្រជាពលរដ្ឋ​រង​ផលប៉ះពាល់​ដោយ​ទឹកជំនន់ នៅតាម​បណ្ដា​ស្រុក​នានា​ក្នុង​ខេត្តកំពង់ឆ្នាំង បានទទួល​ពូជស្រូវ​ពី​រាជរដ្ឋាភិបាល​

AKP កំពង​ឆ្នាំង ថ្ងៃទី​១៣ ខែវិច្ឆិកា ឆ្នាំ​២០២០–
​នៅ​ថ្ងៃ​១២​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ព្រ​ហ​ស្ប​ត៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅ​បរិវេណ​វត្ត​ត្រពាំង​ជុំ ភូមិ​តា​សុខ ឃុំ​សែ​ប ស្រុក​កំពង់ត្រឡាច ខេត្តកំពង់ឆ្នាំង ឯកឧត្តម​បណ្ឌិត​សភាចា​រ្យ អ៊ុក រ៉ាប៊ុន រដ្ឋមន្ដ្រីក្រសួង​អភិវឌ្ឍន៍ជនបទ និង​ជា​ប្រធាន​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះជួយ​មូលដ្ឋាន​ខេត្តកំពង់ឆ្នាំង តំណាង​ដ៏​ខ្ពង់ខ្ពស់​របស់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង​សម្ដេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធាន​កាក បាទ​ក្រហម​កម្ពុជា បាន​អញ្ជើញ​ជា​អធិប តី ក្នុង​ពិធី​សំណេះសំណាល​សួរសុខទុក្ខ និង​ចែក​ស្រូវពូជ​ចំនួន ១៧១​តោន និង​ពូជ​បន្លែ​មួយចំនួន​ផង ដែលជា​អំណោយ​ដ៏​ថ្លៃថ្លា​របស់​សម្តេច​តេ​ជោ​ហ៊ុន សែន និង​សម្តេច​កិត្តិ​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូន​ដល់​ប្រជាពលរដ្ឋ​រងគ្រោះ​ដោយ​ទឹកជំនន់​នៅ​ខេត្តកំពង់ឆ្នាំង​ចំនួន ១.៧១០​គ្រួសារ​។​

​ក្នុង​ចំនួន ១.៧១០​គ្រួសារ​នេះ មកពី​ស្រុក​បរិបូណ៌​ចំនួន ២២៥​គ្រួសារ​, ស្រុក​ជល​គិរី ចំនួន ៥៦៧​គ្រួសារ​, ស្រុក​កំពង់លែង​ចំនួន ១៥២​គ្រួសារ​, ស្រុក​កំពង់ត្រឡាច​ចំនួន ៣២២​គ្រួសារ​, ស្រុក​រលាប្អៀរ​ចំនួន ៤១៤​គ្រួសារ និង​ក្រុង​កំពង់ឆ្នាំង​ចំនួន ៣០​គ្រួសារ ។​ឯក​ឧត​ម អ៊ុក រ៉ាប៊ុន បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្តាំផ្ញើ​សាកសួរ​សុខទុក្ខ​ពី​សំណាក់​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា និង សម្ដេច​កិ​តិ្ត​ព្រឹទ្ធ​បណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធាន​កាកបាទក្រហមកម្ពុជា ដែលជា​និច្ចកាល​សម្ដេច​តែងតែបាន​គិតគូរ យកចិត្តទុកដាក់​អំពី​សុខុមាលភាព ជីវភាព​រស់នៅ​របស់​ប្រជាពលរដ្ឋ​នៅ​គ្រប់ទិសទី​ទូទាំងប្រទេស ដោយ​មិន​ប្រកាន់ពូជសាសន៍ និង និន្នាការ​នយោបាយ​ឡើយ​។​

​ឯកឧត្តម បាន​អំពាវនាវ​សុំឱ្យ​បងប្អូន​ប្រជាពលរដ្ឋ បន្ត​ប្រុងប្រយ័ត្ន​ខ្ពស់ មាន​អនាម័យ​ជាប់​ជាប្រចាំ គឺ​ត្រូវ​ពាក់​ម៉ាស ដុសលាង​សម្អាត​ដៃ​ជាមួយ​សាប៊ូ ទឹក​អាល់កុល ឬ​ជែ​ល​សម្លាប់​មេរោគ​ឆ្លង​ផ្សេងៗ ហើយ​បន្ត​រក្សា​គម្លាត​ឆ្ងាយ​ពីគ្នា អនុវត្តន៍​បាន​ត្រឹមត្រូវ​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ទប់ស្កាត់​កុំឱ្យ​ឆ្លង​ជំងឺ​កូ​វីដ​-១៩ និង​ជំងឺ​ផ្សេងៗ​កើតមាន​ក្នុង​គ្រួសារ និង​សហគមន៍​របស់​យើង​។ ចូលរួម​គោរព​ច្បាប់ និង រួមគ្នា​ថែរក្សា​សុខសន្តិភាព​ឱ្យនៅ​គង់វង្ស​។​

​ឯកឧត្តម អ៊ុក រ៉ាប៊ុន និង មន្ត្រី​អមដំណើរ បានផ្ដល់​អំណោយ​ជូន​ប្រជាពលរដ្ឋ​ទាំង ១.៧១០​គ្រួសារ ដោយ​ក្នុង​មួយ​គ្រួសារៗ​ទទួលបាន ស្រូវពូជ​១០០​គីឡូក្រាម និង​ពូជ​បន្លែ ៦​មុខ ផងដែរ​៕​ដោយ​៖ បៃ ស៊ីថុន សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​