រដ្ឋបាលរាជធានីភ្នំពេញ បន្ដទទួលអំណោយពីសប្បុរសជន ដើម្បីជួយដល់ប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀង និងជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០

នារសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្ដម ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ បានទទួលអំណោយជាអង្ករចំនួន១០០តោន ដែលគិតជាទឹកប្រាក់ ប្រមាណ៥ម៉ឺន ៥ពាន់ដុល្លារ ពីសប្បុរសជន ដើម្បីឱ្យរដ្ឋបាលរាជធានី បានចាត់ចែងបន្ត ជូនទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះដោយជំនន់ទឹកភ្លៀង និងចូលរួម ក្នុងការទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩ នៅក្នុងរាជធានីភ្នំពេញ។

ឯកឧត្ដម ឃួង ស្រេង ក្នុងឱកាសនោះបានថ្លែងអំណរអរគុណចំពោះសប្បុរសជននានា ដែលបានផ្ដល់អំណោយជាសប្បុរសធម៌ តែងតែរួមសុខ រួមទុក្ខជាមួយបងប្អូនប្រជាពលរដ្ឋ ដែលរងគ្រោះ និងងាយរងគ្រោះដោយទឹកជំនន់ និងចូលរួមផ្តល់ជាឧបករណ៍ និងថវិកាក្នុងការ ទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។

ឯកឧត្ដមបានបញ្ជាក់ថា រាល់អំណោយរបស់សប្បុរសធម៌ ទាំងអស់ និងប្រគល់ ជូនមករដ្ឋបាលរាជធានីភ្នំពេញ រដ្ឋបាលរាជធានីភ្នំពេញ នឹងបន្តយកទៅបែងចែកជូនដល់ ដៃបងប្អូនប្រជាពលរដ្ឋដែលរងគ្រោះ និងងាយរងគ្រោះពិតប្រាកដ។

តំណាងសប្បុរសជនបានបញ្ជាក់ឱ្យដឹងថា អង្កចំនួន១០០តោន គិតជាទឹកប្រាក់ ប្រមាណ ៥ម៉ឺន៥ពាន់ដុល្លារ ដែលបានផ្តល់ ជូនរដ្ឋបាលរាជធានីភ្នំពេញនេះ គឺដើម្បីឱ្យ រដ្ឋបាលរាជធានីបានចាត់ចែងបន្ត ជូនទៅបងប្អូនប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ជាមួយនឹងការចូលរួមក្នុងការទប់ស្កាត់ការឆ្លងនៃជំងឺកូវីដ-១៩ផងដែរ៕

ដោយ សួស សំរិត