ក្រសួងសុខាភិបាលបន្តណែនាំដល់អ្នកសារព័ត៌មានអនុវត្តន៍វិធានការសុខាភិបាល ចំនួន៧ចំណុចឱ្យបានជាប់ជាប្រចាំ

 

វិទ្យុជាតិកម្ពុជា៖  យី វិច្ឆិកា 

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានបន្តណែនាំដល់អ្នកសារព័ត៌មានត្រូវអនុវត្តន៍វិធានការសុខាភិបាល ចំនួន៧ចំណុច ឱ្យបានជាប់ជាប្រចាំ ដើម្បីការពារពីការចម្លងវីរុសកូវីដ-១៩ និងជំងឺឆ្លងមួយចំនួនទៀត។ 

លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានស្នើឱ្យអ្នកសារព័ត៌មានទាំងអស់ នៅក្នុងប្រទេសកម្ពុជា ត្រូវអនុវត្តន៍វិធានការចំនួន៧ចំណុច រួមមាន៖ ១- ពាក់ម៉ាស់ជាប់ជានិច្ច រាល់ពេលយកព័ត៌មាន និងនៅគ្រប់ពេល ២-ឧស្សាហ៏លាងដៃជាមួយអាល់កុល ឬទឹកជែលលាងដៃ ឱ្យបានញឹកញាប់ (ត្រូវដាក់តាមខ្លួននូវដបអាល់កុល ឬទឹកដែលលាងដៃ) ៣-រក្សាគម្លាតសុវត្ថិភាពបុគ្គលក្នុងចម្ងាយយ៉ាងតិចមួយម៉ែត្រកន្លះ ឡើង រាល់ពេលទៅជិតបុគ្គលដែលត្រូវផ្តល់ព័ត៌មាន ពេលចូលទៅថតព្រឹត្តិការណ៍អ្វីមួយ។កុំប្រជ្រៀតគ្នានៅក្នុងស្ថានភាពយកព័ត៌មានដែលចង្អៀតកកកុញ ទោះជានៅកន្លែងណាក៏ដោយ។ ៤- ពេលយកព័ត៌មានរួច ត្រូវសម្អាតដៃ និងសម្ភារដែលបានប្រើរួចភ្លាមៗ ជាមួយអាល់កុលឬទឹកសម្លាប់មេរោគ ៥, ប្រុងប្រយ័ត្នការប្រើក្បាលមេក្រូ មុនពេលដាក់ក្បាលមេក្រូឱ្យបុគ្គលម្នាក់និយាយត្រូវសម្អាតជាមុនដោយប្រើអាល់កុល ឬ ទឹកសម្លាប់មេរោគ ពេលចប់ ត្រូវសម្អាតម្តងទៀត។សូមចៀសវាងការទាញក្បាលមេក្រូ ដាក់ពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ដើម្បីនិយាយព័ត៌មាន ដែលជួនកាលក៏មានការទាញយកមកនិយាយខ្លួនឯងផ្ទាល់ដែរដោយមិនបានជូតសម្អាតនឹងអាល់កុល ឬទឹកសម្លាប់មេរោគ។៦-ប្រសិនបើលោកអ្នកមានការក្អកកណ្ដាស់ ត្រូវចេះអនុវត្តន៍វិធានការការពារដោយខ្ទប់មាត់ និងច្រមុះដោយម៉ាស់ កន្សែងក្រម៉ា ឬក្រដាសជូតមាត់ រួចបោះចោលក្នុងធុងសម្រាមត្រឹមត្រូវ និង ទី៧-បុគ្គលដែលមានបញ្ហាសុខភាព ឬមិនសូវស្រួលខ្លួន ត្រូវសម្រាកនៅផ្ទះ (អាចធ្វើការពីផ្ទះបានប្រសិនបើនៅអាចធ្វើការបាន) មិនត្រូវចេញដើរទៅយកព័ត៌មាន នោះឡើយ ហើយត្រូវស្វែងរកការពិគ្រោះពិនិត្យព្យាបាលនៅមន្ទីរពេទ្យរដ្ឋដែលនៅជិតលោកអ្នក ឬហៅទៅលេខ ១១៥៕