រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី បង្ហាញការសោកស្តាយ ដែលបង្កឱ្យកម្ពុជាជួបការលំបាក

  វិទ្យុជាតិកម្ពុជា ៖ ស៊ឹង សុផារី 

   ភ្នំពេញ៖  ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបទេសនិងសហប្រតិបត្តិការអន្តរជាតិ បានបង្ហោះសារ តាមបណ្តាញសង្គម Facebook  នៅថ្ងៃទី១២ ខែវិចិ្ឆកា បញ្ជាក់ថា នៅពេលដែលឯកឧត្តមសន្ទនាតាមទូរស័ព្ទជាមួយឯកឧត្តម Péter Szijjártó (ភីធ័រ ហ្សីយាតូ) រដ្ឋមន្រ្តីក្រសួងការបរទេស និងពាណិជ្ជកម្មហុងគ្រី ក្រោយពីឯកឧត្តម ត្រលប់ដល់ស្រុកវិញ ឯកឧត្តមបានសំដែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់ឯកឧត្តមចំពោះការលំបាក ដែលបង្កឡើង ដោយឯកឧត្តម ។ 

ឯកឧត្តមរដ្ឋមន្ត្រីការបរទេសហុង គ្រី បញ្ជាក់អះអាងសារជាថ្មីថា ពេលឯកឧត្តមធ្វើតេស្តមុនចេញដំណើរមកកម្ពុជា គឺ លទ្ធផលពេលនោះអវិជ្ជមាន។ប្រពន្ធនិងកូនឯកឧត្តមក៏ដូចជាសមាជិកគណៈប្រតិភូទាំងអស់ លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ទាំងអស់រហូតដល់ថ្ងៃនេះ។

ឯកឧត្តម ប្រាក់ សុខុន  បន្តថា រូបថតឯកឧត្តម ភីធ័រ ហ្សីយាតូ( Péter Szijjártó) ត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញ ក្នុង បណ្តាញសង្គមនៅកម្ពុជា ដោយមានការធ្វើអត្ថាធិប្បាយបែបចម្រុះ ស្តីពីដំណើរទស្សនកិច្ចរបស់គាត់មករាជធានីភ្នំពេញ ។ ឯកឧត្តម ប្រាក់ សុខុន  បញ្ជាក់ថា យ៉ាងណាក៏ដោយ កម្ពុជាមិនត្រូវភ្លេចទេថា ឯកឧត្តម ភីធ័រ ហ្សីយាតូ(Szijjártó) ជារដ្ឋមន្ត្រី ការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយ ដែលតែងតែហ៊ានចេញមុខការពារយុត្តិធម៌សម្រាប់កម្ពុជា ។ ឯកឧត្តម គឺជាអ្នកក្រោកឡើងបន្លឺសំលេង ប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ ឯកឧត្តម គឺជាអ្នកតវ៉ាប្រឆាំង នឹងការព្យួរភាពអនុគ្រោះពន្ធក្រោមក្របខ័ណ្ឌEBA ២០ភាគរយ ពីកម្ពុជា ។ ឯកឧត្តម ប្រាក់ សុខុន បន្ថែមថា ឧប្បត្តិហេតុនៃការ ចម្លង Covid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដាមដោយមិត្តភាពជ្រាលជ្រៅនៃដំណើរ ទស្សនកិច្ច របស់ឯកឧត្តម ភីធ័រ ហ្សីយាតូ(Szijjártó) ដែលបាននាំមកនូវផលចំណេញ ដល់ទំនាក់ទំនងទ្វេភាគីរបស់យើង នោះទេ ។

ជាមួយគ្នានេះដែរ ឯកឧត្តម ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន បានបញ្ជាក់ថា គិតត្រឹមថ្ងៃទី១២ខែវិច្ឆិកានេះគឺចូលដល់រយៈពេល ១០ថ្ងៃហើយ បើរាប់ពីថ្ងៃដែលឯកឧត្តម បានទទួលជួបប្រាស្រ័យការងារជាមួយ រដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលបានអញ្ជើញ មកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា ។ចំពោះឯកឧត្តម និងក្រុមគ្រួសាររបស់ឯកឧត្តម និងអ្នកធ្វើការនៅក្នុងផ្ទះទាំងអស់ បានធ្វើចត្តាឡីស័ក ហើយបានធ្វើតេស្តចំនួន២ដង ហើយទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា ព្រមទាំងមានសុខភាព ល្អជាធម្មតា ៕