ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ ណែនាំដល់អាជីវករ ក៍ដូចជាភ្ញៀវទេសចរទាំងអស់ ដែលមកលេងកម្សាន្ត ត្រូវគោរពវិធានសុវត្ថិភាពសុខភាព

វិទ្យុជាតិកម្ពុជា៖ ស្រីផល


កំពង់ស្ពឺ៖ ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានណែនាំដល់អាជីវករក៏ដូចជាភ្ញៀវទេសចរទាំងអស់ ដែលមកលេងកម្សាន្ត ត្រូវគោរពវិធានសុវត្ថិភាពថែរក្សាសុខភាពឱ្យបានខ្ជាប់ខ្ជួន ធ្វើយ៉ាងណាការពារកុំឱ្យឆ្លងជំងឺកូវីដ-១៩ និងជំងឺផ្សេងៗទៀត។
លោក សៅ សារ៉ន ប្រធានមន្ទីរទេសចរណ៍ខេត្តកំពង់ស្ពឺ បានមានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា មកទល់ពេលនេះ មន្ទីរបានចុះអប់រំដល់អាជីករនិងអ្នកលក់ដូរ ជាពិសេសភ្ញៀវទេសចរដែលមកលេងកម្សាន្តនៅតំបន់រមណីយដ្ឋានទាំងអស់ ត្រូវរក្សាអនាម័យឱ្យបានត្រឹមត្រូវ ទាំងអនាម័យម្ហូបអាហារ បរិស្ថាន ពិសេសការរក្សាគម្លាតសម្រាប់ភ្ញៀវទេសចរ តាមការណែនាំរបស់រាជរដ្ឋាភិបាល ក៏ដូចជាក្រសួងសុខាភិបាល ស្តីពីវិធានការទប់ស្កាត់កូវីដ-១៩ ដើម្បីការពារនិងទប់ស្កាត់ ការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត និងចូលទៅក្នុងសហគមន៍។
លោកបានបន្តថា ការផ្សព្វផ្សាយវិធានសុវត្ថិភាពនេះ គឺដើម្បីរក្សានូវសុខសុវត្ថិភាព របស់ភ្ញៀវទេសចរ ដែលមកលេងកម្សាន្ត ដើម្បីទទួលបាននូវសេវាប្រកបដោយទំនុកចិត្ត ព្រោះដំណាក់កាលនេះ គឺជាបរិបទនៃជំងឺកូវីដ-១៩។
លោក​បញ្ជាក់ថា​ សេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល ទាក់ទងទៅនឹងកូវីដ-១៩ ក្រសួងទេសចរណ៍ ក៏ចេញវិធានសុវត្ថិភាព ទេសចរណ៍ នៅក្នុងនោះមិនមែនតែអាជីវកម្មទេ ទាំងភ្ញៀវទេសចរ ទាំងអាជីវករទាំងអស់ ត្រូវតែគោរពតាមវិធានសុវត្ថិភាព ទេសចរណ៍នេះ។ ហើយមន្ទីរក៏បានចុះទៅសឹងតែគ្រប់មូលដ្ឋានអាជីវកម្មហើយ ទៅចែកវិធានសុវត្ថិភាព គឺទីមួយឱ្យមានទឹក លាងដៃ ហើយទឹកលាងដៃហ្នឹង យើងមានជែល មានអាល់កុល មានសាប៊ូ ហើយពាក់ម៉ាស់ហើយនិងរក្សាគម្លាតសុវត្ថិភាព។ ចឹងមិនអាចនៅកៀកគ្នាដូចមុនទេ យើងឃើញថាទេសចរណ៍ឥឡូវនេះ ពីមុនទេសចរណ៍ប្រមូលផ្ដុំទៅកន្លែងគ្នាច្រើន តែដោយឡែកឥឡូវភ្ញៀវទេសចរទៅដែរ តែទៅជាក្រុមតូចៗ ជាលក្ខណៈគ្រួសារ ជាក្រុមតូចៗរបស់គាត់អ៊ីចឹង ហើយយើងឃើញថា ពលរដ្ឋក៍មានការយល់ដឹងច្រើនដែរ។
សូមបញ្ជាក់ថា តំបន់រមណីយដ្ឋានក្នុងខេត្តកំពង់ស្ពឺ ដែលភ្ញៀវទេសចរចូលចិត្តទៅលេងកម្សាន្តរួមមាន៖ រមណីយដ្ឋានអំពែភ្នំ ខ្នងផ្សារ រមណីយដ្ឋានទឹកធ្លាក់៩ជាន់ រមណីយដ្ឋានគីរីរម្យ រមណីយដ្ឋានទឹកធ្លាក់ជ្រៀវ រមណីយដ្ឋានចំបក់ រមណីយដ្ឋាន វប្បធម៌ធម្មជាតិភ្នំព្រះ និង រមណីយដ្ឋានល្អាងភ្នំចាស់ជាដើម៕​