ព្រឹទ្ធសភាកម្ពុជាគាំទ្រកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិកអាស៊ាននិងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេស ហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិន

 

វិទ្យុជាតិកម្ពុជា៖ លោកចេម ហួត 

ភ្នំពេញ៖ សមាជិកព្រឹទ្ធសភាចំនួន៥២រូប បានអនុម័តសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់រដ្ឋបាលពិសេសហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីទាក់ទាញវិនិយោគទុនបរទេសកាន់តែច្រើនមកកម្ពុជា។

  ក្នុងកិច្ចប្រជុំព្រឹទ្ធសភាលើកទី៦ នីតិកាលទី៤ កាលពីថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ ដឹកនាំដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភាឯកឧត្តម ជិន ប៊ុនស៊ានទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស អនុប្រធានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដែលជាអ្នកការពារសេចក្តីព្រាងច្បាប់នេះ បានមានប្រសាសន៍ថា តាមរយៈច្បាប់នេះកម្ពុជាពិតជាបានបោះជំហ៊ានថ្មីមួយទៀត ក្នុងការទាក់ទាញក្រុមហ៊ុន ដែលចុះបញ្ជីនៅតំបន់រដ្ឋបាលពិសេសហុងកុងនៃប្រទេសចិនឱ្យមកបណ្តាក់ទុនវិនិយោគនៅកម្ពុជា ប្រកបដោយភាពជឿជាក់លើរាជរដ្ឋាភិបាលកម្ពុជា។ 

  ឯកឧត្តម ម៉ម ប៊ុន នាង សមាជិកអចិន្ត្រៃយ៍ និងជាអ្នកនាំពាក្យព្រឹទ្ធសភាបានបញ្ជាក់ថា សេចក្តីព្រាងច្បាប់ស្តីពីការអនុម័ត យល់ព្រមលើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគរវាងបណ្តារដ្ឋសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាល នៃតំបន់រដ្ឋបាលពិសេសហុងកុងនៃសាធារណរដ្ឋប្រជាមានិតចិននេះ មាន០៣មាត្រា។ច្បាប់នេះបង្កើតឡើងក្នុងគោលបំណង ជំរុញលំហូរវិនិយោគរវាងតំបន់រដ្ឋបាលពិសេសហុងកុង និងបណ្តារដ្ឋសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍(អាស៊ាន) តាមរយៈបង្កើតឱ្យមានបរិយាកាសធុរកិច្ចដែលមានលក្ខណៈអំណោយផល ដើម្បីជំរុញគំនិតផ្តួចផ្តើមផ្នែកធុរកិច្ចឱ្យកាន់តែ ប្រសើរឡើងក្នុងចំណោមភាគីនៃកិច្ចព្រមព្រៀង។  កិច្ចព្រមព្រៀងនេះក៏ជាផ្នែកដ៏ធំមួយក្នុងដំណើរការសមាហរណកម្មសេដ្ឋកិច្ច និងសេរីភាវូបនីយកម្មពាណិជ្ជកម្ម រវាងគូភាគី ដែលត្រូវបានផ្តួចផ្តើមដោយកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង តាមរយៈការផ្តល់នូវការធានាសម្រាប់ការ វិនិយោគ និងកិច្ចការពារពេញលេញចំពោះវិនិយោគិននៃភាគីម្ចាង ឬ វិនិយោគិននៃរដ្ឋមិនមែនភាគីលើទឹកដី នៃភាគីម្ចាងទៀត ដោយឈរលើមូលដ្ឋានស្មើភាពនិងគ្មានការរើសអើង ហើយផ្តល់ផលប្រយោជន៍ឱ្យគ្នាទៅវិញទៅមក៕