ឯកឧត្ដម ឃួង ស្រេង ចុះចែកម៉ាស់ជូនប្រជាពលរដ្ឋ ដែលកំពុងធ្វើចរាចរណ៍តាមដងផ្លូវ ដើម្បីការពារជំងឺកូវីដ-១៩

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០–

​ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ បានចុះទៅគោលដៅរង្វង់មូលកួចកាណុងខាងលិចស្ពានជ្រោយចង្វារ ក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ ដើម្បីចែកម៉ាស់ ក្រណាត់ជូនទៅដល់បងប្អូនប្រជាពលរដ្ឋ ដែលធ្វើដំណើរតាម ដងផ្លូវដើម្បីការពារ ការឆ្លងរីករាលដាលនៃជំងឺកូវីដ-១៩។

​ក្នុងឱកាសនោះ អភិបាលរាជធានីភ្នំពេញក៏បានណែនាំឱ្យបងប្អូនប្រជាពលរដ្ឋអនុវត្តន៍ វិធានរបស់ក្រសួងសុខាភិបាល ដោយត្រូវពាក់ម៉ាស់ លាងដៃជានឹងមួយសាប៊ូ ឬអាល់កុល ឱ្យបានញឹកញាប់ និងការរក្សាគម្លាតសុវត្ថិភាព គឺត្រូវអនុវត្តន៍ឱ្យបានទៅតាមការ ណែនាំ របស់ក្រសួងសុខាភិបាល ដើម្បីការពារ ការឆ្លងរីករាលដាលនៃជំងឺ-១៩។

​ក្នុងនោះដែរ ឯកឧត្ដមអភិបាលរាជធានីភ្នំពេញ ក៏បានផ្ដាំផ្ញើ និងណែនាំឱ្យប៉ូលិស ចរាចរណ៍ដែលឈរនៅគោលដៅនោះ ត្រូវបន្តការចែកម៉ាស់ជូនដល់បងប្អូនប្រជាពលរដ្ឋ ធ្វើដំណើរតាមដងផ្លូវនេះ មិនមានម៉ាស់ពាក់។
​ឯកឧត្ដមបញ្ជាក់ថា ម៉ាស់ទាំងនេះជា អំណោយរបស់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដោយសម្តេចបានប្រគល់មករដ្ឋបាលរាជធានីភ្នំពេញ ដើម្បីឱ្យរដ្ឋបាល រាជធានីភ្នំពេញ បន្តចែកជូនដល់បងប្អូនប្រជាពលរដ្ឋក្រីក្រនៅក្នុងសហគមន៍ ដែលមិនមាន ថវិកាគ្រប់គ្រាន់ក្នុងការទិញម៉ាស់ពាក់ការពារជំងឺកូវីដ-១៩។

ចំណែកប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ ដែលមិនមានពាក់ម៉ាស់ក៏យើង ប្រគល់ជូនពួកគាត់ផងដែរ ដើម្បីធ្វើយ៉ាងណា រួមគ្នាទប់ស្កាត់ការរាលដាលជំងឺកូវីដ-១៩ ទាំងអស់គ្នា៕ ដោយ សួស សំរិត