អភិបាលរាជធានីភ្នំពេញ ធ្វើយុទ្ធនាការចុះចែកម៉ាស់ជូនប្រជាពលរដ្ឋ តាមការណែនាំរបស់ម្ដេចតេជោ

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា ១២ ១១ ២០២០


MC៖ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានធ្វើយុទ្ធនាការចុះចែកម៉ាស់ដោយផ្ទាល់ ជូនប្រជាពលរដ្ឋនៅតាម ដងផ្លូវនិងសហគមន៍ ស្របតាមការណែនាំរបស់ម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាដើម្បីចូល រួមការទប់ស្កាត់កុំឱ្យជំងឺកូវីដ-១៩ ឆ្លងចូលសហគមន៍ ។
អ្នកយកព័ត៌មានយើងធ្វើសេចក្តីរាយការណ៍បន្ថែម ៖ …
នៅព្រឹកថ្ងៃទី១២ខែវិច្ឆិកានេះ ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញបានដឹកនាំក្រុមការងារនិងសមត្ថកិច្ចចុះចែកម៉ាស់ ដែលជាអំណោយរបស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា ជូនប្រជាពលរដ្ឋនៅតាម ទីសាធារណៈ និង នៅរង្វង់មូលស្ពានជ្រោយចង្វារ ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ការឆ្លងជំងឺកូវីដ-១៩។
ក្រៅពីការដឹកនាំមន្ដ្រីចុះចែកម៉ាស់ដោយផ្ទាល់ នៅតាមគោលដៅអនុវត្តច្បាប់ចរាចរណ៍ហើយនោះ ឯកឧត្តមអភិបាល រាជធានីភ្នំពេញ ក៏បានបែងចែកឱ្យអភិបាលរង និងអភិបាលខណ្ឌ ព្រមទាំងមន្រ្តីពាក់ព័ន្ធ ចុះចែកម៉ាស់នៅតាមទីសាធារណៈ ផ្សេងទៀតក្នុងរាជធានីភ្នំពេញផងដែរ ។
នៅក្នុងឱកាសនោះ ឯកឧត្តម ឃួង ស្រេង បានណែនាំ និងក្រើនរំលឹកប្រជាពលរដ្ឋចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺ កូវីដ-១៩ផងដែរ ដោយឱ្យប្រជាពលរដ្ឋធ្វើអនាម័យជាប្រចាំ តាមរយៈការឧស្សាហ៍លាងដៃជាមួយសាប៊ូ ទឹកអាល់កុលឬជែល និងត្រូវពាក់ម៉ាស់គ្រប់ទីកន្លែង ព្រមទាំងរក្សាគម្លាតសុវត្ថិភាពទៀតផង។
សំឡេង«ប៉ុន្តែទោះជាយ៉ាងណាក៏ដោយសូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋដែលមានលទ្ធភាពទាំងអស់ថា ត្រូវតែអនុវត្តន៍វិធានកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន ក្នុងនោះជំហានដំបូងគឺការពាក់ម៉ាស់ ហូបស្អាត រស់នៅស្អាត ហើយធ្វើអនាម័យខ្លួនឱ្យខ្ជាប់ខ្ជួន ជាកិច្ចការងារដែលបងប្អូនត្រូវធ្វើ ហើយសូមបងប្អូនពាក់ម៉ាស់ជាប់ជាប្រចាំ»។
សូមបញ្ជាក់ថា កាលពីរសៀលថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃព្រះរាជាណាក្រកម្ពុជា បានបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ ដើម្បីចែកជូនដល់បងប្អូន ប្រជាពលរដ្ឋនៅរាជធានីភ្នំពេញ៕