ទោះស្ថិតក្នុងបរិបទជំងឺកូវីដ-១៩ ក៍អាជីវករលក់វត្ថុអនុស្សាវរីយ៍និងផលិតផលពីផ្តៅ រពាក់ ក្នុងស្រុកបន្ទាយស្រីនៅតែបន្តមុខរបររបស់ខ្លួន

 

វិទ្យុជាតិកម្ពុជា ៖​ លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប

សៀមរាប៖   ទោះស្ថិតក្នុងបរិបទនៃជំងឺកូវីដ-១៩ក៏ដោយ ក៏អាជីវករលក់វត្ថុអនុស្សាវរីយ៍និងផលិតផលពីផ្តៅរពាក់ តាមដងផ្លូវក្នុងស្រុកបន្ទាយស្រីនៅតែបន្តមុខរបររបស់ខ្លួន  ដើម្បីបន្តប្រពៃណី និងលើកកម្ពស់ផលិតផលធ្វើដោយដៃនៅក្នុងស្រុក និងដើម្បីរកចំណូលសម្រាប់ផ្គត់ផ្គង់ក្នុងក្រុមគ្រួសារ។

បើនិយាយដល់ស្រុកបន្ទាយស្រី ខេត្តសៀមរាប ក្រៅពីការទស្សនាប្រាសាទបុរាណ និងទេសភាពដ៏ស្រស់ស្អាតហើយនោះ  ក្រុមអ្នកទេសចរក៏បានឃើញពីជីវភាពរស់នៅរបស់ប្រជាពលរដ្ឋ និង ការតំាងលក់របស់របរអនុស្សាវរីយ៍ផ្សេងៗជាច្រើនធ្វើអំពីផ្តៅ រពាក់ ឫស្សី និងវត្ថុអនុស្សាវរីយ៍ធ្វើពីដើមត្នោត ដែលមានក្បួនខ្នាតបែបសិល្បៈបុរាណ។

មានប្រសាសន៍ប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជា នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ លោកខាន់ សុវត្ត ជំទប់ទី១ឃុំខ្នារសណ្តាយ ស្រុកបន្ទាយស្រីបានឱ្យដឹងថា អាជីវករលក់វត្ថុអនុស្សាវរីយ៍ ធ្វើពីដើមត្នោតនិងផលិតផលប្រើប្រាស់ពីផ្តៅ រពាក់ និងឫស្សី នៅតាមដងផ្លូវក្នុងឃុំខ្នារសណ្តាយនៅតែបន្តមុខរបររបស់ខ្លួន ទោះបីជាការរកប្រាក់ចំណូលបានទាបជាងមុនក៏ដោយ។

លោកបន្តថា មុខរបរនេះពិតជាផ្តល់សារ

សំខាន់យ៉ាងខ្លាំងដល់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាននេះ ពីព្រោះមិនត្រឹមតែអ្នកលកទេ ដែលទទួលបានប្រាក់ចំណូលផ្គត់ផ្គង់គ្រួសារ ប៉ុន្តែប្រជាពលរដ្ឋជាអ្នក

ផលិត និងជាអ្នកផ្គត់ផ្គង់វត្ថុធាតុដើមក៏ទទួលបានផលប្រយោជន៍ផងដែរ ។

លោកថាអ្វីដែលសំខាន់គឺបានរក្សាស្នាដៃរបស់ដូនតាខ្មែរ  ដែលប្រជាពលរដ្ឋបានចេះធ្វើតៗគ្នាតំាងពីបុរាណមក ដែលជួយលើកកម្ពស់តម្លៃវប្បធម៌ជាតិ។

លោកថា ទោះបីអត់មានភ្ញៀវបរទេស មកទិញ តែគាត់អាចលក់ឱ្យភ្ញៀវខ្មែរ

ដែលមកលេងនៅស្រុកបន្ទាយស្រី គាត់អាចលក់ដាច់ធម្មតាតែអត់ដូចលើកមុន ចំណូលបានតិចជាងមុន ។ ការលក់ដូរនៅ

តាមដងផ្លូវរបស់គាត់ មានផលប្រយោជន៍ច្រើន ចំពោះបងប្អូននៅក្នុងឃុំ ដោយសារគាត់បានជួយទិញផលិតផលពីកសិករយកទៅដាក់លក់។ 

អាជីវករលក់វត្ថុប្រើប្រាស់ធ្វើអំពីផ្តៅ រពាក់ ឫស្សីនិងដើមត្នោត អ្នកស្រីថ្លាង ដួង រស់នៅភូមិតាកុះ ឃុំខ្នារសណ្តាយស្រុកបន្ទាយស្រីបានឱ្យដឹងថា អ្នកស្រីចាប់យកមុខរបរនេះរយៈពេលប្រមាណ២០ឆ្នាំមកហើយ ដោយមុខរបរនេះបានរួមចំណែកលើកកកម្ពស់ជីវភាពគ្រួសារអ្នកស្រី ប៉ុន្តែប៉ុន្មានខែចុងក្រោយនេះ ហាក់រកចំណូលបានតិច ដោយសារវិបត្តិនៃជំងឺកូវីដ-១៩។

អ្នកស្រីបានសំណូមពរភ្ញៀវទេសចរទាំងអស់ ដែលបានឆ្លងកាត់ស្រុកបន្ទាយស្រី សូមបន្តជួយគាំទ្រផលិតផលខ្មែរ ធ្វើដោយដៃរបស់ប្រជាពលរដ្ឋក្នុងតំបន់ផង ដើម្បីបានចិញ្ចឹមជីវិត ។ អ្នកស្រីប្រាប់ថា

អ្នកស្រីមានលក់ស្ករ ជាល ចង្អេរ គ្រឿងត្នោត

របស់របរសព្វមុខ ធ្វើពីឫស្សី រពាក់ ផ្តៅ បើត្នោតយើងធ្វើខ្លួនយើង បើជាល កន្ត្រក ទ្រូលើកពីគេទាំងអស់ យកមកលក់ចំណេញតិចតួចទៅបានហូបទៅបើលក់អត់ដាច់ក៏អត់ទៅ ។ សព្វថ្ងៃបានតែពេលថ្ងៃបុណ្យ ខ្មែរដើរលេងចំបុណ្យអីបានដាច់ខ្លះ បើអត់បុណ្យអ៊ីចេះ ធម្មតាថ្ងៃណាក៏បាន១ម៉ឺន២ម៉ឺន ថ្ងៃណាក៏អត់ យើងលក់ទៅបានចំណេញតិចតួចយើងទិញម្ហូប អាហារ អង្ករ ធ្វើស្បៀង។

គួរជម្រាបផងដែរថា ឃុំខ្នារសណ្តាយមានភូមិចំនួន៦ ក្នុងនោះប្រជាពលរដ្ឋដែលប្រកបរបរលក់វត្ថុអនុស្សាវរីយ៍ពីដើមត្នោត និងផលិតផលប្រើប្រាស់ធ្វើអំពីផ្តៅ រពាក់ និងឫស្សីមានចំនួនជិត១០០គ្រួសារ ជាមុខរបរនេះបន្ទាប់ពីរបរស្រែចម្ការ ដោយ

មិនចាំបាច់ធ្វើចំណាកស្រុក ៕