អ្នកនាំពាក្យក្រសួងអប់រំ៖ ការប្រឡងឌីប្លូម និងបាក់ឌុប ឆ្នាំ២០២០ នៅរក្សាគុណភាពដូចឆ្នាំមុនៗ

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០
ក្រសួងអប់រំយុវជន និងកីឡាបានបញ្ជាក់ថា ការប្រឡងសញ្ញាបត្រមធ្យមសិក្សា បឋមភូមិ(ឌីប្លូម) និងការប្រឡងសញ្ញាបត្រថ្នាក់មធ្យមសិក្សាទុតិយភូមិ(បាក់ឌុប) នៅរក្សា គុណភាពដូចឆ្នាំមុនៗដដែល។

ឯកឧត្តម រស់ សុវាចា អ្នកនាំពាក្យក្រសូងអប់រំយុវជន និងកីឡាបានឱ្យ ដឹងនៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០ថា «ខ្ញុំសូមជម្រាបជូនសាធារណៈជនឱ្យ ជ្រាបថាគុណភាពនៃការប្រឡង ឌីប្លូម និងបាក់ឌុប ឆ្នាំ២០២០នេះ គឺរក្សាគោលការណ៍ដូចឆ្នាំមុនៗដដែល ជារួម ក្រសួងអប់រំ នៅរក្សាបន្តការអនុវត្ត គឺការណ៍ធំៗចំនួន៤គឺ៖ ច្បាប់ យុត្តិធម៌ តម្លាភាព និងលទ្ធផល អាចទទួលយកបាន ដើម្បីរក្សាគុណភាពប្រឡងជូន ដល់បេក្ខជនផ្ទាល់»។

អ្នកនាំពាក្យក៏បានលើកឡើងថា ក្រសួងអប់រំនៅតែរក្សាផ្តល់ជូនបេក្ខជននូវនិទ្ទេស A. B. C. D និង E ជូនដល់បេក្ខជនដូចឆ្នាំមុនៗផងដែរ ហើយរដ្ឋមន្ត្រីក្រសួងអប់រំបានប្រកាន់ គោលការណ៍ «អ្នកចេះគឺជាប់ »នៅតែរក្សាដដែល។

ជាមួយគ្នានោះដែរ អ្នកនាំពាក្យក្រសួងអប់រំយុវជន និងកីឡា បានលើកឡើងថា ក្រសួងនឹងបន្តតាមដាន និងវាយតម្លៃចំពោះស្ថានភាពវិវត្តន៍ទាក់ទងនូវស្ថានភាពនឹង ជំងឺកូវីដ១៩ ហើយប្រសិនបើមានករណីប្រែប្រួលក្រសួងអប់រំយុវជន និងកីឡា នឹងជម្រាប ជូនសាធារណៈជននាពេលក្រោយ ស្តីពីការប្រឡងសញ្ញាបត្របាក់ឌុប និងឌីប្លួម។

ឯកឧត្តមបន្ថែមថា រហូតមកដល់ពេលនេះក្រសួងមិនមានកំណត់ការពន្យារពេល ឬលើកពេលការប្រឡងបាក់ឌុប និងការប្រឡងឌីប្លូមនោះទេ។
សូមជម្រាបថា ក្រសួងអប់រំយុវជន និងកីឡា បានកំណត់យកថ្ងៃទី៣០ ខែវិច្ឆិកា សម្រាប់ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ (ឌីប្លូម) និងថ្ងៃទី២១ ខែធ្នូ សម្រាប់ការប្រឡងសញ្ញាបត្រថ្នាក់មធ្យមសិក្សាទុតិយភូមិ (បាក់ឌុប)៕ ដោយ អ៊ាង ប៊ុនរិទ្ធ