មន្ទីរសុខាភិបាលខេត្តកោះកុង ជំរុញឱ្យប្រជាពលរដ្ឋចូលរួមរម្លត់សភាពការណ៍ថ្ងៃ៣វិច្ឆិកា

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

កោះកុង៖   មន្ទីរសុខាភិបាលខេត្តកោះកុង បានជំរុញឱ្យប្រជាពលរដ្ឋចូលរួមរម្លត់សភាពការណ៍ថ្ងៃ៣វិច្ឆិកា ដែលទាក់ទងទៅ នឹងការឆ្លងមេរោគពីរដ្ឋមន្រ្តីការបរទេសនិងពាណិជ្ជកម្មហុងគ្រី តាមរយៈបង្កើនការប្រុងប្រយ័ត្នទ្វេដងពីជំងឺកូវីដ-១៩នេះ។

លោកវជ្ជបណ្ឌិត ទៅ ម៉ឹង ប្រធានមន្ទីរសុខាភិបាលខេត្តកោះកុង មានប្រសាសន៍ប្រាប់វិទ្យុជាតិកម្ពុជាឱ្យដឹងថា ដើម្បីចូលរួម រម្លត់សភាពការណ៍ថ្ងៃ៣វិច្ឆិកាទៅបាន លុះត្រាតែមានការចូលរួមអនុវត្តន៍ពីប្រជាពលរដ្ឋគ្រប់ៗរូប ដើម្បីការពារកុំឱ្យមានការ ចម្លងចូលក្នុងសហគមន៍មូលដ្ឋាន ដោយត្រូវអនុវត្តន៍តាមការណែនាំរបស់ប្រមុខរាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល។ លោកវេជ្ជបណ្ឌិតបន្តថា បច្នុប្បន្ននេះមន្ទីរសុខាភិបាល និងអាជ្ញាធរពាក់ព័ន្ធទាំងអស់ បានបន្តចុះផ្សព្វផ្សាយ អប់រំណែនាំដល់ ប្រជាពលរដ្ឋ ក៏ដូចជាពលករទើបត្រលប់មកពីក្រៅប្រទេស ដែលត្រូវត្រួតពិនិត្យឱ្យបានម៉ឺងម៉ាត់បំផុតនៅតាមច្រកព្រំដែន ពិសេសប្រជាពលរដ្ឋដែលបានប៉ះពាល់ផ្ទាល់ និងប្រយោលក្នុងថ្ងៃ៣វិច្ឆិកា   

លោក​បញ្ជាក់ថា​ «ដោយសារតែមានព្រឹតិ្តការណ៍៣វិច្ឆិកា អ៊ីចឹងមានតែខ្លួនពួកគាត់ផ្ទាល់ទេ ដែលដឹងថាមានអ្នកប៉ះពាល់ជាមួយ គណៈប្រតិភូ អ៊ីចឹងសូមបងប្អូនដែលបានប៉ះពាល់ផ្ទាល់ឬដោយប្រយោល ព្រោះជំងឺកូវីដនេះមិនអាចលាក់ជិតនោះទេ ប្រសិនជាកើតនោះគេនឹងដឹងហើយថាវាចេញពីប្រភពណា។ អ៊ីចឹងប្រសិនជាដឹងថាខ្លួនឯងពាក់ព័ន្ធជាមួយប្រតិភូ សូមនាំ ក្រុមគ្រួសារធ្វើចត្តាឡីស័ក ដោយកុំប៉ះពាល់ជាមួយអ្នកដ៏ទៃ ដើម្បីចូលរួមចំណែកកាត់បន្ថយការចម្លងដល់ខ្លួនឯង ក្រុមគ្រួសារ និងសហគមន៍ ក៏ដូចជាប្រទេសជាតិរបស់យើង កុំឱ្យមានការឆ្លងរីករាលដាលនូវជំងឺកូវីដ-១៩នេះ»។  

លោកប្រធានមន្ទីរសុខាភិបាលខេត្តបានឱ្យដឹងទៀតថា បច្នុប្បន្ននេះប្រជាពលរដ្ឋនៅខេត្តកោះកុង មានការយល់ដឹងច្រើន ទាក់ទងទៅនឹងបញ្ហាជំងឺកូវី-១៩ និងជំងឺឆ្លងផ្សេងៗទៀត ក្រោយពីមានការណែនាំជាបន្តបន្ទាប់ពីប្រមុខរាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងអាជ្ញាធរមានសមត្ថកិច្ចនៅក្នុងមូលដ្ឋាន។ តែទោះយ៉ាងនេះក្តី មន្ទីរសុខាភិបាលខេត្ត ក៏ដូចជា អាជ្ញាធរពាក់ព័ន្ធ ក៏នៅតែអំពាវនាវយ៉ាងទទូច ទៅដល់ប្រជាពលរដ្ឋគ្រប់រូប ត្រូវអនុវត្តន៍វិធានការសាមញ្ញៗ ដូចជាការរក្សា គម្លាតសុវត្ថិភាពសង្គម និងការរក្សាគម្លាតសុវត្ថិភាពបុគ្គលជាចាំបាច់ រួមជាមួយនឹងការអនុវត្តអនាម័យដៃស្អាតជានិច្ច និងការពាក់ម៉ាស់នៅពេលចាំបាច់ ជាពិសេសពេលធ្វើដំណើរ ឬចល័ត ឬមានបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយទៀត ដើម្បីការពារកុំឱ្យមានការឆ្លងចូលសហគមន៍៕​