ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡា៖ ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិ ត្រូវរំសាយទៅហ្វឹកហាត់តាមផ្ទះវិញ

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នំា២០២០–

លោក ប៉ុន សុខ ប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡានៃក្រសួងអប់រំ យុវជន និងកីឡាថ្លែងប្រាប់ទីភ្នាក់ងារសារព័ត៌មានកម្ពុជា AKP ឱ្យដឹងថា នៅក្នុងការទប់ស្តាត់នៃការរីករាលដាល់នៃជំងឺកូវីដ១៩ ជាពិសេសរួមគ្នាបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកា ដែលពហុកីឡដ្ឋានជាតិអូឡាំពិកដែលត្រូវផ្អាកសកម្មភាពនោះ គឺគ្រប់កីឡាករ កីឡាការិនីជម្រើសជាតិទាំងឈុតធំ និងឈុតថ្នាលយុវជនត្រូវ ប្រកាសរំសាយការប្រមូលផ្តុំបណ្តោះអាសន្ន ហើយឱ្យពួកគាត់ទៅបន្តការហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដូចជាពេលមុនឡើងវិញ។

លោកប្រធានមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡារូបនេះបានគូសបញ្ជាក់ថា ដោយសារស្ថានភាពទប់ស្កាត់នេះមិនអាចអនុញ្ញាតឱ្យក្រុមជម្រើសជាតិគ្រប់ប្រភេទកីឡាទាំងអស់ នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិកអាចបន្តប្រមូលផ្តុំការហ្វឹកហាត់បាន ដូច្នេះមជ្ឈមណ្ឌលជាតិហ្វឹកហ្វឺនកីឡាបានរំសាយឱ្យកីឡាករ កីឡាការិនីជម្រើសជាតិនៃប្រភេទកីឡានានាបានទៅបន្តការហ្វឹកហាត់ ដោយខ្លួនឯង នៅតាមផ្ទះរៀងៗខ្លួន ដើម្បីថែរក្សានូវគុណផលបច្ចេកទេស កុំឱ្យធ្លាក់ចុះខ្លាំងពេក។

សូមរម្លឹកផងដែរ កាលពីខែមីនា ឆ្នាំ២០២០ កន្លងទៅ ការហ្វឹកហាត់របស់ក្រុមជម្រើសជាតិនានាត្រូវបានរំសាយឱ្យទៅហ្វឹកហាត់នៅតាមផ្ទះរៀងៗខ្លួន ដោយខ្លួនឯងអស់រយៈពេលជាច្រើនខែ ហើយការប្រមូលផ្តុំនេះត្រូវបានក្រសួងអប់រំ យុវជន និងកីឡាអនុញ្ញាតឱ្យសហព័ន្ធកីឡាជាតិនានាហ្វឹកហាត់ឡើងវិញនៅពហុកីឡដ្ឋានជាតិអូឡាំពិកមួយរយៈពេលចុងក្រោយនេះ។ នៅក្នុងអំឡុងពេលហ្វឹកហាត់ដោយខ្លួនឯង នៅតាមផ្ទះរៀងៗខ្លួន ជាច្រើនខែកន្លងទៅនោះ ត្រូវបានគ្រូបង្វឹកនៃប្រភេទកីឡានានាសង្កេតឃើញគុណ ភាពបច្ចេកទេស កម្លាំងកាយរបស់ក្រុមជម្រើសជាតិបានធ្លាក់ចុះយ៉ាងខ្លាំង។ ប៉ុន្តែទោះយ៉ាងនេះក្តី ការហ្វឹក ហាត់តាមផ្ទះ គឺជាជម្រើសល្អបំផុត ដើម្បីថែរក្សាកម្លាំងកាយ និងបច្ចេកទេសកុំឱ្យធ្លាក់ចុះខ្លាំងពេក ក្នុង អំឡុងពេលវិបត្តិជំងឺកូវីដ១៩។ បច្ចុប្បន្ន ការជួបជុំហ្វឹកហាត់នេះត្រូវបានប្រកាសរំសាយជាថ្មីម្តងទៀត ដើម្បី ចូលរួមការរីករាលដាលនៃវិបត្តិជំងឺកូវីដ-១៩ ជាពិសេសគឺរួមគ្នាបញ្ចប់ព្រឹត្តិការណ៍ ៣វិច្ឆិកា។

សូមបញ្ជាក់ថា ក្រុមជម្រើសជាតិឈុតធំ និងឈុតថ្នាលយុវជន ដែលហ្វឹកហាត់នៅក្នុងពហុកីឡដ្ឋានជាតិអូឡាំពិក មានដូចជាប្រភេទកីឡាវាយសី ប៉េតង់ សីដក់ វាយកូនបាល់ សូហ្វតេន្នីស ហែលទឹក កាយសម្ព័ន្ធ ប្រដាល់គុនខ្មែរ ប្រដាល់សកល និងបណ្តាប្រភេទកីឡាមួយចំនួនទៀត៕ ដោយ ហេង ណាលីន