មន្រ្តីជាន់ខ្ពស់ក្រសួងសង្គមកិច្ចបង្ហាញថា បច្ចុប្បន្នជនមានពិការភាព ត្រូវបានលើក កម្ពស់ និងផ្តល់ការងារធ្វើនៅតាមស្ថាប័នរដ្ឋ និងឯកជនកាន់តែមានភាពល្អប្រសើរ

AKP សៀមរាប ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០–

ថ្លែងក្នុងសិក្ខាសាលាផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីពិការភាពឆ្នាំ២០១៩ ដល់ឆ្នាំ២០២៣ ដល់សមាជិកក្រុមប្រឹក្សាសកម្មភាពជនពិការខេត្តសៀមរាប នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ ឯកឧត្តម ឯម ច័ន្ទមករា រដ្ឋលេខាធិការក្រសួងសង្គមកិច្ច អតីតយុទ្ធ ជន និងយុវនីតិសម្បទា និងជាអគ្គលេខាធិការក្រុមប្រឹក្សាសកម្មភាពជនពិការបានបង្ហាញថា បច្ចុប្បន្ននេះ ជនមានពិការភាពត្រូវបានយកចិត្តទុកដាក់ពីគ្រប់មជ្ឈដ្ឋាន ហើយក្នុងឆ្នាំ២០១៩ កន្លងទៅ ជនមានពិការភាពត្រូវបានឱ្យចូលបម្រើការងារក្នុងក្រសួងស្ថាប័នរដ្ឋចំនួន៤០ មានជនមានពិការភាពចំនួន២៨៦០នាក់ ស្មើនឹង១,៩៥ភាគរយ ក្នុងនោះស្រ្តីពិការ ចំនួន៧៨៩នាក់ ជនពិការកម្រិតធ្ងន់ចំនួន១៥៥៧នាក់។

ដោយឡែកវិស័យឯកជនរួមមាន ធនាគារ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ សណ្ឋាគារ រោងចក្រ ស្ថិតិដែលក្រសួងសង្គមកិច្ចបានធ្វើការសាកល្បង នៅរាជធានីភ្នំពេញ ខេត្តកណ្តាល និងខេត្តសៀមរាបលើ១០២អង្គភាព មានជនមានពិការភាព ចូលបម្រើការងារ ចំនួន៣៧៩២នាក់ ស្រ្តី២១៦២នាក់ សរុបទាំងស្ថាប័នរដ្ឋ និងឯកជនទូទាំងប្រទេសមាន ចំនួនជនមានពិការភាព៦៦៥២នាក់។

ឯកឧត្តមបន្តថា រាជរដ្ឋាភិបាលកម្ពុជា មានចក្ខុវិស័យច្បាស់លាស់ធ្វើយ៉ាងណាឱ្យជន មានពិការភាព និងក្រុមគ្រួសារមានគុណភាពជីវិតល្អ និងចូលរួមយ៉ាងសកម្មពេញលេញ ស្មើភាពគ្នាក្នុងសង្គមដែលមានការគោរពសិទិ្ធ និងសេចក្តីថ្លៃថ្នូរព្រមទាំងមានការធ្វើបរិយាប័ន្ន ពិការភាពក្នុងគ្រប់វិស័យនិងការអភិវឌ្ឍ។ ក្នុងន័យនេះ យើងត្រូវមានបេសកកម្មរួមគ្នាមួយគឺ ជំរុញការចូលរួមពីក្រសួងស្ថាប័ន ដៃគូអភិវឌ្ឍន៍ វិស័យឯកជន អង្គការសង្គមស៊ីវិលអង្គការ ជនមានពិការភាពរួមទាំងជនមានពិការភាព ដើម្បីធ្វើបរិយាប័ន្នពិការភាពទៅក្នុងការអនុវត្ត ផែនការ សកម្មភាពរបស់ខ្លួនឈានទៅសម្រេចបាននូវគុណភាពជីវិត របស់ជនមានពិការភាព ប្រកបដោយចីរភាព។

ឯកឧត្តម យុន ឈុន្នី រដ្ឋលេខាធិការក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា ដើម្បីធានាដល់ការធ្វើបរិយាប័ន្ន និងសមភាពសម្រាប់ជនមានពិការភាព រាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០១៩-២០២៣ ក្នុងទិសដៅ ឈានទៅលុបបំបាត់រាល់ ទម្រង់កេងប្រវ័ញ្ច និងរើសអើងលើជនមានពិការភាពដោយធ្វើ យ៉ាងណាឱ្យជនមានពិការភាពកាន់តែទទួលបានការគាំទ្រពីសង្គមបង្កើនគុណភាព ជីវិតឱ្យ កាន់តែប្រសើរឡើង ទទួលបានការយកចិត្តទុកដាក់ស្របតាម គោលដៅអភិវឌ្ឍន៍ប្រកប ដោយចីរភាព(SDGs) «មិនមាននរណាម្នាក់ ត្រូវបានបំភ្លេច»។

ជាមួយគ្នានេះ ឯកឧត្តមបានសំណូមពរ ដល់រដ្ឋបាលខេត្ត និងក្រុមប្រឹក្សាសកម្មភាព ជនពិការខេត្តសូមជួយផ្សព្វផ្សាយផែនការយុទ្ធសាស្ត្រជាតិ ស្តីពីជនមានពិការភាព២០១៩-២០២៣ និងបទដ្ឋានបច្ចេកទេសហេដ្ឋារចនាសម្ព័ន្ធរូបវន្តបង្កលក្ខណៈងាយស្រួលដល់ជន មានពិការភាព៕ ដោយ ឃុត សៅ