កម្ពុជាគ្រោងស្នើទៅភាគីបារាំងមកជួយបញ្ចប់ការបោះបង្គោលព្រំដែនជាមួយវៀតណាម

 

វិទ្យុជាតិកម្ពុជា , វ៉ាង ភក្តី ១២ ១១ ២០២០

ឯកឧត្តមទេសរដ្ឋមន្រ្តី វ៉ា គឹមហុង ប្រធានអាជ្ញាធរជាតិទទួលបន្ទុកកិច្ចការព្រំដែន បានឱ្យដឹងថា រាជរដ្ឋាភិបាលកម្ពុជា បានឯកភាពគ្នាក្នុងការដាក់សំណើទៅរដ្ឋាភិបាល ប្រទេសបារាំង ដើម្បីឱ្យមកជួយលើបច្ចេកទេសកំណត់ខណ្ឌសីមា និងបង្គោលព្រំដែន ដែលមិនទាន់មានការឯកភាពគ្នាចំនួន១៦ភាគរយ ខណៈការកំណត់ និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ សម្រេចបាន លទ្ធផលចំនួន៨៤ភាគរយរួចទៅហើយ។

   ថ្លែងទៅកាន់អង្គព្រឹទ្ធសភា ក្នុងឱកាសឡើងការពារលើ សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក រវាងព្រះរាជាណា ចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយម វៀតណាម នៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ឯកឧត្តមទេសរដ្ឋមន្រ្តី បាន បញ្ជាក់ថា ការកំណត់ខ្សែបន្ទាត់ព្រំដែនដែល នៅ សេសសល់រវាងកម្ពុជា និងវៀតណាម គឺស្ថិតក្នុងចំណុច និងតំបន់ចំនួន៨ ដែលក្នុងនោះរួមមាននៅតំបន់ព្រំដែនជាប់ខេត្តកណ្តាល តំបន់ដីសណ្តទន្លេមេគង្គ និងទន្លេបាសាក់ ជាដើម ដោយភាគីវៀតណាមទាមទារនូវលក្ខខណ្ឌថ្មី ដែលផ្ទុយពីលក្ខខណ្ឌខ្សែបន្ទាត់ខណ្ឌសីមា និងបង្គោលព្រំដែនឆ្នាំ១៩៣៥។ ឯកឧត្តម បន្តថា ភាគីកម្ពុជា និងវៀតណាម នៅប្រទាំងប្រទិសគ្នាទាំងផ្នែកច្បាប់ និងបច្ចេកទេស ក្នុងការកំណត់ខណ្ឌសីមា និងបង្គោលព្រំដែននៅសេសសល់ ១៦ភាគរយទៀតនេះ ដែលទាមទារឱ្យភាគីពីប្រទេសបារាំងមកជួយបណ្តុះបណ្តាល ដើម្បីឈានទៅបញ្ចប់ឱ្យបាន១០០ភាគរយ ក្នុងពេលដ៏ឆាប់បំផុត។

   សូមបញ្ជាក់ថា សភាទាំងពីរថ្នាក់របស់កម្ពុជា គឺរដ្ឋសភា និងព្រឹទ្ធសភា បានឯកភាពទទួលស្គាល់នូវផែនទីឋានលេខា ព្រំដែនគោកចំនួន៩២ផ្ទាំង ខ្នាត១/២៥.០០០ ដែលរាជរដ្ឋាភិបាលកម្ពុជា និងវៀតណាមកំណត់លើឯកសារស្តីពីពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរ កាលពីខែតុលា ឆ្នាំ២០១៩។

     បើតាមការបញ្ជាក់របស់ឯកឧត្តមទេសរដ្ឋមន្រ្តី វ៉ា គឹមហុង បានឱ្យដឹងថា ពិធីសារស្តីពីខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងប្រទេសទាំងពីរនេះ គឺធ្វើឡើងស្របតាម សន្ធិសញ្ញាបំពេញបន្ថែមឆ្នាំ២០០៥ ដែលអនុញ្ញាតឱ្យរដ្ឋាភិបាលប្រទេសទាំងពីរផលិតផែនទីព្រំដែន និងឯកសារ ស្តីពីការបោះបង្គោលខណ្ឌសីមាព្រំដែនគោកដូចជា៖ ឯកសារលម្អិតស្តីពីព្រំដែន បណ្តាបង្គោលព្រំដែន និងផែនទីព្រំដែន ដើម្បីសម្តែងឡើងនូវទិសដើរនៃខ្សែព្រំដែន ទីតាំងបង្គោលព្រំដែនដែលស្ថិតនៅតាមបណ្តោយ ព្រំដែនទាំងមូល។ ក្នុងពិធីសារនេះ រដ្ឋាភិបាលប្រទេសទាំងពីរ បានទទួលស្គាល់ការខណ្ឌសីមាព្រំដែនបាន ប្រវែង ១.០៤៥គីឡូម៉ែត្រ និងបោះបង្គោលព្រំដែនសរុប៣.០៤៧បង្គោលនៅលើដី និងនៅលើផែនទី ក្នុងការបោះបង្គោលព្រំដែនធំបានចំនួន៣១៥បង្គោល, បង្គោលខណ្ឌសីមាព្រំដែនបានចំនួន១.៥១១បង្គោល, បង្គោលតម្រុយព្រំដែនបានចំនួន២២១បង្គោល, និងចំណុចពិសេសចំនួន១.០០០៕