ឯកឧត្តម ហ៊ុន ម៉ាណែត នាំយកពូជស្រូវ និងអំណោយ មកចែកជូនប្រជាពលរដ្ឋរងគ្រោះ ដោយជំនន់ទឹកភ្លៀងនៅខេត្តកំពង់ចាម

AKP កំពង់ចាម ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្តមឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត អគ្គមេបញ្ជាការរងកងយោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ដែលអមដំណើរដោយឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម និងថ្នាក់ដឹកនាំក្នុងខេត្ត បានអញ្ជើញចុះសួរសុខទុក្ខ ដោយបាននាំស្រូវពូជ និងអំណោយយក មកចែកជូនដល់ប្រជាពលរដ្ឋរងគ្រោះដោយជំនន់ទឹកភ្លៀង ក្នុងខេត្តកំពង់ចាមចំនួន ៣២០០គ្រួសារ។

ពិធីនេះបានរៀបចំនៅក្នុងបរិវេណវិទ្យាល័យហ៊ុនសែន ព្រៃទទឹង ស្ថិតក្នុងឃុំជ្រៃវៀន របស់ស្រុកព្រៃឈរ ក្នុងខេត្តកំពង់ចាម នៅព្រឹកថ្ងៃព្រហស្បតិ៍ ១២រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃអង្គារ ទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ។

ឯកឧត្ដម អ៊ុន ចាន់ដា អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម បានធ្វើរបាយ ការណ៍បញ្ជាក់ថា ជំនន់ទឹកភ្លៀងនាខែតុលា ឆ្នាំ២០២០ បានធ្វើឱ្យប៉ះពាល់ ដល់ហេដ្ឋារចនា សម្ព័ន្ធរបស់ខេត្ត ដោយមានស្រុកចំនួន៥រងផលប៉ះពាល់មានស្រុកបាធាយ ជើងព្រៃ ព្រៃឈរ កំពង់សៀម និងស្រុកស្ទឹងត្រង់ ដែលមានផ្ទៃដីដំណាំស្រូវប្រមាណជាង ២៩០០ហិកតា ស្មើនឹង ៣៩៣២គ្រួសា ហើយផ្ទៃដីខូចខាតទាំងស្រុងមានប្រមាណជាង ១៩០០ហិកតា ត្រូវស្តារឡើងវិញរួមនឹងដំណាំរួមផ្សំជាច្រើនហិកតា ព្រមទាំខូចខាតនូវហេដ្ឋានសម្ព័ន្ធ មានផ្លូវលំជនបទ ទំនប់ប្រឡាយមួយចំនួនទៀត។

ថ្លែងទៅកាន់ប្រជាពលរដ្ឋ ឯកឧត្តម ហ៊ុន ម៉ាណែត អគ្គមេបញ្ជា ការរងកង យោធពលខេមរភូមិន្ទ ជាមេបញ្ជាការកងទ័ពជើងគោក បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរខ្ពស់អំពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលកំពុងទទួលរង គ្រោះដោយគ្រោះធម្មជាតិផ្សេងៗ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារស្លាប់ ដោយពុំបានដឹងឮពីអាជ្ញាធរមូលដ្ឋាននោះឡើយ។

ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តី ឯកឧត្តម ហ៊ុន ម៉ាណែត ក៏បានថ្លែងអំណរគុណ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទដែលបានខិតខំជួយសង្គ្រោះ ប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។
ឯកឧត្ដម ហ៊ុន ម៉ាណែត បានបញ្ជាក់ថា ក្នុងនាមសម្ដេចតេជោនាយករដ្ឋមន្រ្តីខ្ញុំសូមថ្លែងអំណរគុណ ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ អាជ្ញាធរ កងកម្លាំងគ្រប់ប្រភេទដែលបានខិតខំជួយសង្គ្រោះប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់ នៅពេលមានការរងគ្រោះ និងបន្តរួមសាមគ្គីគ្នាការពារគាំទ្ររាជរដ្ឋាភិបាលដែលមានសម្តេច ហ៊ុន សែន ជាប្រមុខដឹកនាំ ដឹងសុខដឹងទុក្ខ និងនៅជាមួយប្រជាពលរដ្ឋគ្រប់កាលៈទេសៈទាំងអស់។

ឯកឧត្តម ហ៊ុន ម៉ាណែត បានជំរុញឱ្យកសិករយើងត្រូវយកចិតទុកដាក់ការស្តារឡើងវិញផលិតកម្ម ដំណាំស្រូវ ដំណាំរួមផ្សំ និងចិញ្ចឹមសត្វ ត្រីជាដើមដើម្បីជីវភាពរស់នៅក្នុងគ្រួសារហើយបងប្អូនប្រជាពលរដ្ឋចូររួមថែរក្សា សុខភាព អនុវត្តន៍វិធានការណែនាំរបស់ក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំដើម្បី ទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ និងជំងឺរាតត្បាតផ្សេងៗទៀត រួមប្រយុទ្ធប្រឆាំងគ្រឿងញៀនតាមរយៈការអប់រំណែនាំកូនចៅចៀសពីគ្រឿងញៀន និងត្រូវចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួនដើម្បីចៀសផុតពីគ្រោះថ្នាក់ចរាចរណ៍នោះ។
សូមបញ្ជាក់ថា ប្រជាពលរដ្ឋដែលបានអញ្ជើញមកទទួលអំណោយនាឱកាសនោះ ដោយក្នុងមួយគ្រួសារ ៗទទួលបានស្រូវពូជ ១០០គីឡូក្រាម និងថវិកា ១០ម៉ឺនរៀល៕

ដោយ៖ឆាយ ម៉ុត

សម្រួលផ្សាយ៖ កន ចំណាន