រដ្ឋបាលរាជធានីភ្នំពេញ បន្តចែកម៉ាស់ជូនប្រជាពលរដ្ឋក្រីក្រនៅក្នុងរាជធានីភ្នំពេញ បន្ទាប់ពីទទួលបានពី សម្តេចតេជោនាយករដ្ឋមន្រ្តី

វិទ្យុជាតិកម្ពុជា ៖ យី វិច្ឆិកា

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញ បានបន្តផ្តល់ម៉ាស់ជូនអាជ្ញាធរខណ្ឌទាំង១៤ និង នគបាលចរាចរណ៍ទាំង ៤០គោលដៅ ក្នុងរាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាពលរដ្ឋក្រីក្រ ដែលពួកគាត់គ្មានលទ្ធភាពក្នុងការទិញម៉ាស់ និងដើម្បីចូលរួមការពារ កុំឱ្យមានការចម្លងជំងឺកូវី-១៩ ។

ឯកឧត្តម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានមានប្រសាសន៍ថា ម៉ាស់ជាង២លានដែលទទួលបានពីសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនោះ រដ្ឋបាលរាជធានីភ្នំពេញនឹងបន្តចែកចាយ នៅតាមផ្សារ គោលដៅចរាចរណ៍ និង គោលដៅ ផ្សេងៗទៀត ដើម្បីបន្តចែកជូនប្រជាពលរដ្ឋដែលខ្វះខាត ដើម្បីចូលរួមបង្ការនិងទប់ស្កាត់ជំងឺកូវីដ១៩ កុំឱ្យមានការឆ្លងដល់ សហគមន៍ ។
ឯកឧត្តមបានបន្តថា ម៉ាស់ដែលត្រូវបានចែកជូនប្រជាពលរដ្ឋនេះ គឺម្នាក់ៗទទួលបាន២ម៉ាស់ដើម្បីងាយស្រួលក្នុងការផ្លាស់ប្តូរ ហើយម៉ាស់ដែលចែកជូននេះ គឺអាចប្រើប្រាស់បានរយៈពេលពី៣ទៅ៤ខែ បើយើងចេះថែរក្សាបានល្អ ។ ឯកឧត្តមបន្តទៀតថា ចំពោះប៉ូលិសចរាចរណ៍ដែលដាក់តាមគោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ អាចពិន័យទៅលើអ្នកដែលមិនអនុវត្តន៍ច្បាប់ ចរាចរណ៍ ប៉ុន្តែបើពួកគាត់មិនពាក់ម៉ាស់គឺណែនាំពួកគាត់ឱ្យពាក់ម៉ាស់ជាប់ជាប្រចាំ និងត្រូវប្រគល់ម៉ាស់ជូនពួកគាត់ម្នាក់២ ផងដែរ ។
ឯកឧត្តម​បញ្ជាក់​ថា​»អ៊ីចឹងសូមឱ្យបណ្តាខណ្ឌនិងផ្សារទាំងអស់ក្នុងរាជធានីភ្នំពេញ យកម៉ាស់នេះទៅចែកជូនប្រជាពលរដ្ឋក្រីក្រ អ្នកដែល គ្មានម៉ាស់ពាក់ ហើយជម្រាបជូនគាត់ថា ម៉ាស់ជូនគាត់ម្នាក់២ ពាក់មួយទុកមួយសម្រាប់បោកអាចាស់ដែលពាក់ហើយ ហើយ ហាលទុកសម្រាប់ផ្លាស់ប្តូរគ្នា។នៅក្នុងនោះដែរ សម្តេចតេជោក៏បានណែនាំទៅមន្រ្តីចរាចរណ៍ទាំងអស់សូមយកម៉ាស់នេះ ទៅប្រើប្រាស់ដែរ ហើយយើងធ្វើកិច្ចការងារមួយ គឺរឹតបន្តឹងឱ្យប្រជាពលរដ្ឋទាំងអស់ ដែលធ្វើដំណើរតាមដងផ្លូវពាក់មួក សុវត្ថិភាព ប៉ុន្តែការរឹតបន្តឹងការពាក់មួកសុវត្ថិភាព គឺពិន័យគាត់នៅពេលដែលគាត់មិនពាក់មួក ប៉ុន្តែប្រជាពលរដ្ឋដែលមិនពាក់ ម៉ាស់ មិនបាច់ពិន័យទេ គ្រាន់តែណែនាំគាត់ឱ្យពាក់ម៉ាស់ដើម្បីសុខមាលភាពរបស់ខ្លួនគាត់និងអ្នកដ៏ទៃ ហើយដូចគ្នាឱ្យ គាត់ម្នាក់២ ដើម្បីគាត់មានលទ្ធភាពពាក់ម៉ាស់មួយបោកម៉ាស់មួយដូចគ្នា »។
ឯកឧត្តម សូមអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋទាំងអស់ត្រូវតែអនុវត្តន៍វិធានការពារកូវីដ-១៩ឱ្យបានខ្ជាប់ខ្ជួន ក្នុងនោះ ជំហានដំបូងគឺការពាក់ម៉ាស់ ហូបស្អាត រស់នៅស្អាត ហើយធ្វើអនាម័យខ្លួនឱ្យខ្ជាប់ខ្ជួន ដែលជាកិច្ចការបងប្អូនត្រូវធ្វើ ។
សូមបញ្ជាក់ថា ម៉ាស់ដែលត្រូវបានចែកជូនខណ្ឌទាំងអស់ចំនួន២៥ម៉ឺនម៉ាស់ ក្នុងនោះខណ្ឌកំបូលចំនួន២ម៉ឺនម៉ាស់ ខណ្ឌចំការមនចំនួន ១ម៉ឺនម៉ាស់ ខណ្ឌច្បារអំពៅចំនួន៣ម៉ឺនម៉ាស់ ខណ្ឌជ្រោយចង្វារចំនួន១ ម៉ឺនម៉ាស់ ខណ្ឌដូនពេញចំនួន១ម៉ឺនម៉ាស់ ខណ្ឌដង្កោ១ម៉ឺនម៉ាស់ ខណ្ឌបឹងកេងកង១ម៉ឺនម៉ាស់ ខណ្ឌឫស្សីកែវចំនួន២ម៉ឺនម៉ាស់ ខណ្ឌព្រែកព្នៅចំនួន២ម៉ឺនម៉ាស់ ខណ្ឌទួលគោក១ម៉ឺនម៉ាស់ ខណ្ឌមានជ័យចំនួន២ម៉ឺនម៉ាស់ ខណ្ឌពោធិ៍សែនជ័យ ចំនួន៥ម៉ឺនម៉ាស់ ខណ្ឌសែនសុខចំនួន២ម៉ឺនម៉ាស់ និងខណ្ឌ៧មករាចំនួន១ម៉ឺនម៉ាស់ ។ ចំណែកឯនគបាលចរាចរណ៍បានប្រគល់ជូនម៉ាស់ក្រណាត់ចំនួន៥ម៉ឺនម៉ាស់ ដើម្បីចែកចាយនៅគ្រប់គោលដៅចរាចរណ៍ ទាំង៤០ក្នុងរាជធានីភ្នំពេញ ,ស្នងការដ្ឋាននគរបាលចរាចរណ៍ចំនួន១ម៉ឺនម៉ាស់ និង បញ្ជាការដ្ឋានកងរាជអាវុធហត្ថចំនួន ១ម៉ឺនម៉ាស់ ៕