ឯកឧត្ដម ប្រាក់ សុខុន ថា ឧប្បត្តិហេតុនៃការចម្លង កូវីដ-១៩ ក្នុងដំណើរទស្សកិច្ចរបស់រដ្ឋមន្ត្រីការបរទេសហុងគ្រី មិនអាចធ្វើឱ្យប៉ះពាល់ដល់ដល់ទំនាក់ទំនងទ្វេភាគីរវាងកម្ពុជា និងហុងគ្រីនោះទេ

AKP ភ្នំពេញ ថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេសនិងសហប្រតិបត្តិការអន្តរជាតិថ្លែងថា ឧប្បត្តិហេតុនៃការចម្លងCovid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដាន ដោយមិត្តភាពជ្រាលជ្រៅ នៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញ ដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុក នាថ្ងៃទី ១២ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្ដម ឧបនាយករដ្ឋមន្រ្តី ប្រាក់ សុខុន បានសរសេរថា ថ្ងៃទី ១២ ខែវិច្ឆិកា នេះគឺចូលដល់ថ្ងៃទី១០ហើយ បើរាប់ពីថ្ងៃដែលខ្ញុំ បានទទួលជួបប្រាស្រ័យការងារជាមួយលោករដ្ឋមន្ត្រីការបរទេសហុងគ្រី Péter Szijjártó ដែលបានអញ្ជើញមកបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា។ឯកឧត្ដមបានបន្តថា ជារៀងរាល់ថ្ងៃ មានអ្នកសួរសុខទុក្ខខ្ញុំជាហូរហែ ថាតើខ្ញុំយ៉ាងម៉េចហើយ មានបញ្ហាអីទេ មានប្រែប្រួលក្នុងខ្លួនដែរឬអត់ ភាគច្រើនគឺជាមិត្តភក្ដិ អ្នកស្រឡាញ់រាប់អានគ្នា បារម្ភពីសុខភាពខ្ញុំ ហើយគេជូនពរឱ្យខ្ញុំចៀសផុតគ្រោះទាំងឡាយ ហើយបានឆាប់ត្រឡប់មកកាន់ជីវភាពធម្មតាឡើងវិញ។ អ្នកខ្លះ ក៏ភិតភ័យខ្លាចខ្ញុំទទួលការចម្លងមេរោគពីលោករដ្ឋមន្ត្រីការបរទេសហុងគ្រី ដែលអាចនាំឱ្យរាលដាលដល់អ្នកផ្សេងទៀត ពិសេសក្រោយពេលមន្ត្រីនគរបាលយើងម្នាក់ ដែលបំរើការជាអង្គរក្សជូនលោករដ្ឋមន្ត្រី ព្រមទាំងទូតហុងគ្រី និងមន្ត្រីជាន់ខ្ពស់របស់យើង២នាក់ទៀត រកឃើញថា មានមេរោគ Covid-19 ។ តែក៏មានអ្នករាប់អានពីឆ្ងាយៗធ្វើការសាកសួរសុខទុក្ខ និងជូនពរសុខភាពល្អ និងសុវត្ថិភាព មិនដាច់ដែរ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រីបញ្ជាក់ថា ក្រុមគ្រួសារខ្ញុំ អ្នកធ្វើការនៅក្នុងផ្ទះ ព្រមទាំងក្រុមគ្រួសាររបស់ពួកគាត់ និងរូបខ្ញុំផ្ទាល់ បានធ្វើតេស្ត ចំនួន២ដងហើយ ទទួលបានលទ្ធផលអវិជ្ជមានទាំងអស់គ្នា ព្រមទាំងមានសុខភាពល្អជាធម្មតា។

ឯកឧត្ដមបានលើកឡើងថា តាំងពីថ្ងៃបន្ទាប់ពីទស្សនកិច្ចលោករដ្ឋមន្ត្រីការបរទេសហុងគ្រីមក ខ្ញុំនៅតែ រក្សាទម្លាប់ប្រចាំថ្ងៃរបស់ខ្ញុំដដែល គឺក្រោកហាត់ប្រាណខ្ទង់ម៉ោង៥ភ្លឺ ទទួលទានអាហារពេលព្រឹកចន្លោះពីម៉ោង ៦៖៤៥ ទៅម៉ោង ៧៖០០នាទី រួចចូលបន្ទប់ធ្វើការ (ពេលនេះគឺធ្វើការក្នុងផ្ទះ) ដូចកាលមិនទាន់មានករណី ព្រឹត្តិការណ៍៣វិច្ឆិកាយ៉ាងដូច្នេះ។ កំដៅក្នុងខ្លួនធម្មតា បាយក៏បាន សម្រាន្តក៏ស្រួល ខ្លាចតែឡើងគីឡូទៅវិញទេ។ អ្វីដែលប្លែកខុសពីមុន គឺទីមួយៈ ក្នុងផ្ទះរបស់ខ្ញុំ គឺយើងនាំគ្នាអនុវត្តន៍វិធានការការពារ រិតត្បិតយ៉ាងហ្មត់ចត់ ពាក់ម៉ាស់គ្រប់គ្នា គ្រប់ពេល ពាក់ស្រោមដៃ លាងដៃញឹកញាប់ រក្សាគម្លាត និងតាមសង្កេតការប្រែប្រួលយ៉ាងជាប់លាប់ ។

ទីពីរៈ ដោយសារតែតម្រូវធ្វើចត្តាឡីស័ក ការជួបភ្ញៀវ ការចូលរួមកម្មវិធីនានាក៏ត្រូវលុប ឬលើកទៅពេលក្រោយ ម្ល៉ោះហើយនាំឱ្យខ្ញុំមានពេលទំនេរយកទៅរៀបចំ ទុកដាក់ឯកសារឡើងវិញ ពិចារណាពីផែនការការងារតទៅមុខ ដោយចិត្តត្រជាក់ មិនតក់ក្រហល់ ជំពាក់មុខ ជំពាក់ក្រោយដូចពេលមុន។ ឯកឧត្ដមបានបន្ថែមថា ពេលនេះយើងមើលឃើញអត្ថប្រយោជន៍កាន់តែខ្ពស់ នៃការប្រើប្រាស់បច្ចេកវិទ្យាព័ត៌មានវិទ្យា ដោយសារតែរាល់ការងារ រាប់ពីការរាយការណ៍ សុំយោបល់ និងការ សម្រេច ពិគ្រោះពិភាក្សាគ្នា អាចធ្វើឡើងបានដោយងាយតាមរយៈប្រព័ន្ធទំនើបនេះ។

ឯកឧត្ដមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បានឱ្យដឹងដែរថា ពេលខ្ញុំសន្ទនាតាមទូរស័ព្ទជាមួយលោករដ្ឋមន្ត្រី Szijártó ក្រោយពីគាត់ត្រឡប់ដល់ស្រុកគាត់វិញនោះ លោកបានសម្តែងការសោកស្តាយយ៉ាងខ្លាំង និងសុំផ្ញើនូវការសុំទោសរបស់លោកចំពោះការ លំបាកដែលបង្កឡើងដោយរូបលោក។ លោកបញ្ជាក់អះអាងសារជាថ្មីថា ពេលលោកបានធ្វើតេស្តមុន លោកចេញដំណើរមកកម្ពុជា លទ្ធផលពេលនោះគឺអវិជ្ជមាន ។ ប្រពន្ធ និងកូនលោកក៏ដូចជាសមាជិក គណៈប្រតិភូរបស់លោកទាំងអស់គ្នា លើកលែងតែឯកអគ្គរដ្ឋទូតម្នាក់ សុទ្ធតែអវិជ្ជមានកូវីដ-១៩ ទាំងអស់ រហូតដល់ថ្ងៃនេះ។ ជាមួយគ្នានេះ រូបលោក Péter SZjártó ត្រូវបានផ្សព្វផ្សាយយ៉ាងល្បីល្បាញក្នុងបណ្តាញសង្គមនៅកម្ពុជា។

ទន្ទឹមនេះក៏មានការធ្វើអត្ថាធិប្បាយបែបចម្រុះ ស្តីពីដំណើរទស្សនកិច្ចរបស់គាត់មកភ្នំពេញ។យ៉ាងណាក៏ដោយ គេមិនត្រូវភ្លេចទេថាលោក SZijártó ជារដ្ឋមន្ត្រីការបរទេសនៃប្រទេសជាសមាជិកសហភាពអឺរ៉ុបមួយ ដែលតែង ហ៊ានចេញមុខការពារយុត្តិធម៌ចំពោះកម្ពុជា។ គាត់គឺជាអ្នកក្រោកឡើង បន្លឺសំឡេងប្រឆាំងនឹងការជ្រៀត ជ្រែកពីខាងក្រៅចូលកិច្ចការផ្ទៃក្នុងកម្ពុជា។ គាត់គឺជាអ្នកតវ៉ាប្រឆាំង នឹងការព្យួរភាពអនុគ្រោះពន្ធក្រោម ក្របខ័ណ្ឌEBA ២០ភាគរយ ពីកម្ពុជា។

ឯកឧត្ដម ប្រាក់ សុខុន បានថ្លែងសង្កត់ធ្ងន់ថា ឧប្បត្តិហេតុនៃការចម្លងCovid-19នេះ មិនអាចធ្វើឱ្យប៉ះពាល់ សាបរលាបបំណងល្អ ថ្លៃថ្នូរ ដិតដាន ដោយមិត្តភាពជ្រាលជ្រៅ នៃដំណើរទស្សនកិច្ចរបស់លោក Szijjártó ដែលបាននាំមកនូវផលចំណេញ ដល់ទំនាក់ទំនងទ្វេភាគីរបស់យើងនោះទេ។ឯកឧត្ដមរដ្ឋមន្ត្រីការបរទេស ក៏សូមជូនពរដូចគ្នាដល់មន្ត្រីយើងទាំង០៣រូប ព្រមទាំងលោកឯកអគ្គរដ្ឋទូតហុងគ្រីប្រចាំកម្ពុជា ឆាប់ជាសះស្បើយ និងថ្លែងអំណរគុណ និងជូនពរផងដែរ ដល់សហសេវិក សហការី មិត្តភក្តិនិងបងប្អូនទាំងអស់ ដែលបានផ្ញើសារមកជូនពរខ្ញុំក្នុងអំឡុងពេលនេះ ទទួលបានសុខភាពល្អបរិបូណ៌ សិរីសួស្តី ជ័យមង្គល វិបុសុខគ្រប់ប្រការ៕
ដោយ៖ជឹម ណារី
សម្រួលផ្សាយ៖ កន ចំណាន