ក្រសួងធនធានទឹក ចុះជួសជុលសំណង់ធារាសាស្ត្រចំនួន១០ទីតាំង នៅខេត្តបន្ទាយមានជ័យ ដែលខូចខាតដោយសារគ្រោះជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា


ភ្នំពេញ៖ ក្រសួងធនធានទឹក ចុះជួសជុលសំណង់ធារាសាស្ត្រចំនួន១០ទីតាំង នៅខេត្តបន្ទាយមានជ័យ ដែលខូចខាត ដោយសារគ្រោះជំនន់ទឹកភ្លៀង ដើម្បីទប់ទឹក ទុកបម្រើដល់វិស័យកសិកម្ម និង ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃរបស់ ប្រជាពលរដ្ឋ។
លោក មាស តារា អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹកនិងឧតុនិយម បានប្រាប់វិទ្យុជាតិកម្ពុជាថា ជំនន់ទឹកភ្លៀងនៅក្នុងឆ្នាំ២០២០នេះ បានប៉ះពាល់យ៉ាងខ្លាំងទៅលើដំណាំកសិកម្ម ផ្ទះសំបែង ផ្លូវថ្នល់ និង ប្រឡាយតូចធំ នៅកន្លែងមួយចំនួន ដែលតម្រូវឱ្យអាជ្ញាធរចាត់វិធានការស្តារឡើងវិញជាបន្ទាន់ ដើម្បីផ្តល់ផលប្រយោជន៍សម្រាប់ ប្រជាពលរដ្ឋប្រើប្រាស់ ។
លោកបានបន្តថា អាជ្ញាធរនឹងបន្តពិនិត្យមើលនូវផលប៉ះពាល់ ដើម្បីដោះស្រាយ ជូនប្រជាពលរដ្ឋឲ្យបានទាន់ពេលវេលា។ បន្ថែមពីនេះ ចំពោះការស្ដារសំណង់ធារាសាស្ត្រឡើងវិញនេះ គឺដើម្បីជាប្រយោជន៍ក្នុងការរក្សាទឹកទុកសម្រាប់បម្រើដល់ វិស័យកសិកម្ម នារដូវប្រាំងខាងមុខ ។
សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រដែលបានខូតខាត ក្នុងខេត្តបន្ទាយមានជ័យទាំង១០ទីតាំងនេះ គឺប្រព័ន្ធធារាសាស្ត្រដែលមានទំនប់បាក់ដាច់ប្រវែង១០៥២ម៉ែត្រ, ទំនប់ហូរច្រោះដាច់មានប្រវែង៩៩៩៥ម៉ែត្រ ប្រឡាយបាក់ដាច់ប្រវែង ៥៥០ម៉ែត្រ និង ប្រឡាយហូរច្រោះដាច់ ប្រវែង ១១០០ម៉ែត្រ៕​