សម្តេចតេជោបញ្ជាក់ថា នឹងមិនមានការបិទប្រទេស ឬ រាជធានី-ខេត្ត ឬ តំបន់ណាមួយនោះទេ

វិទ្យុជាតិកម្ពុជា៖
ភ្នំពេញ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ក្នុងឋានៈដែលសម្តេចជាប្រមុខ រាជរដ្ឋាភិបាលកម្ពុជា គឺគ្មានករណីបិទប្រទេស ឬ រាជធានី-ខេត្ត ឬ តំបន់ណាមួយនោះទេ។
សម្តេចនាយករដ្ឋមន្រ្តីបានថ្លែងដូច្នេះ នៅក្នុងផេកហេ្វសប៊ុកផ្លូវការរបស់សម្តេចនៅព្រឹកថ្ងៃទី១២ ខែវិច្ឆិកានេះ ដើម្បីឆ្លើយតប ទៅនឹងមនុស្សអាក្រក់មួយចំនួន ដែលបានបំផុសពាក្យចចាមអារាមថា រាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និង ហាមឃាត់ ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។
សម្តេចតេជោបានបញ្ជាក់ថា ការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះ គឺសំដៅធ្វើឱ្យប្រទេសមានចលាចល, ទំនិញឡើងថ្លៃ,ប្រជាជនរស់នៅមិនបានស្ងប់ចិត្ត ដើម្បីពួកគេកេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។ សម្តេចតេជោបន្ថែមថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ នៅពេលនេះ គឺប្រជាជនគ្រប់រូបការពារខ្លួន តាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការ ពាក់ម៉ាស់ ការលាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាត សុវត្ថិភាពជាដើម។ សម្តេចតេជោ ក៏បានបញ្ជាឱ្យបញ្ចេញម៉ាស់ក្រណាត់ចំនួន២លានម៉ាស់ ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ ក្នុងគោលដៅថែរក្សាសុវត្ថិភាពសុខភាពប្រជាពលរដ្ឋ។ ជាមួយគ្នានេះ នគរបាលចរាចរណ៍ ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់ផងដែរ។
សូមបងប្អូនពាក់ម៉ាស់ទាំងអស់គ្នាដើម្បីយើងឈានទៅបញ្ចប់ព្រឹត្តិការណ៍៣វិច្ឆិកាឱ្យបានឆាប់ ដើម្បីនាំប្រទេសមកកាន់ ភាពប្រក្រតីដូចមុនថ្ងៃ៣ វិច្ឆិកា២០២០ វិញ។
សម្រាប់បងប្អូនដែលបាននិងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ ត្រូវបន្តធ្វើឱ្យបានហ្មត់ចត់និងសូម អាជ្ញាធរមូលដ្ឋានតាមដាន ត្រួតពិនិត្យ និង ជួយដោះស្រាយជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួក គាត់មិនអាចចេញទៅប្រកបរបររកស៊ីបាន ក្នុងពេលធ្វើ ចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំឱ្យពួកគាត់ខ្វះស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក។
សម្តេចតេជោ បានជូនពរជនរួមជាតិ ជួបតែសេចក្តីសុខសេចក្តីចម្រើន រួចផុតពីជំងឺកូវីដ-១៩ទំាងអស់គ្នា៕