ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន គូសបញ្ជាក់ថា ឯកឧត្ដម និង​ក្រុមគ្រួសារ​មាន​សុខភាព​ធម្មតា បន្ទាប់ពី​ការធ្វើ​តេស្ត​ជា​លើក​ទី​ពីរ​

AKP ភ្នំពេញ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​ —

​ឯកឧត្ដម ប្រាក់ សុខុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងការបរទេស​និង​សហប្រតិបត្តិការ​អន្តរជាតិ​បាន​គូសបញ្ជាក់ថា ឯកឧត្ដម និង​ក្រុមគ្រួសារ អ្នកធ្វើការ​នៅក្នុង​ផ្ទះ ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគាត់​មាន​សុខភាព​ល្អជា​ធម្មតា បន្ទាប់ពី​ការ​បានធ្វើ​តេស្ត​ចំនួន​២​ដង ហើយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​ទាំងអស់គ្នា​។​

​នៅលើ​បណ្ដាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក នា​ថ្ងៃទី ១២ ខែវិច្ឆិកា ឆ្នាំ​២០២០ ឯកឧត្ដម ប្រាក់ សុខុន បានសរសេរថា “​ថ្ងៃទី​១២ ខែវិច្ឆិកា​នេះ​គឺ​ចូលដល់​ថ្ងៃទី​១០​ហើយ បើ​រាប់​ពីថ្ងៃ​ដែល​ខ្ញុំ បានទទួល​ជួប​ប្រាស្រ័យ​ការងារ​ជាមួយ​លោក​រដ្ឋមន្ត្រីការបរទេស ហុង​គ្រី Péter Szijjártó ដែល​បាន​អញ្ជើញ​មក​បំពេញ​ទស្សនកិច្ច​ផ្លូវការ​នៅ​កម្ពុជា​”​។ ឯកឧត្ដម​បាន​បន្តថា ជា​រៀងរាល់ថ្ងៃ មាន​អ្នក​សួរសុខទុក្ខ​ខ្ញុំ​ជា​ហូរហែ ថា​តើ​ខ្ញុំ​យ៉ាងម៉េច​ហើយ មាន​បញ្ហា​អី​ទេ មាន​ប្រែប្រួល​ក្នុង​ខ្លួន​ដែរ​ឬ​អត់ ភាគច្រើន​គឺជា​មិត្តភក្ដិ អ្នក​ស្រឡាញ់​រាប់អាន​គ្នា បារម្ភ​ពី​សុខភាព​ខ្ញុំ ហើយ​គេ​ជូនពរ​ឱ្យ​ខ្ញុំ​ចៀសផុត​គ្រោះ​ទាំងឡាយ ហើយ​បាន​ឆាប់​ត្រឡប់​មកកាន់​ជីវភាព​ធម្មតា​ឡើងវិញ​។ ប៉ុន្ដែ​អ្នកខ្លះ ក៏​ភិតភ័យ​ខ្លាច​ខ្ញុំ​ទទួល ការចម្លង មេរោគ​ពី​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី ដែល​អាច​នាំឱ្យ​រាលដាល​ដល់​អ្នក​ផ្សេងទៀត ពិសេស​ក្រោយពេល​មន្ត្រីនគរបាល​យើង​ម្នាក់ ដែល​បម្រើការ​ជា​អង្គរក្ស​ជូន​លោក​រដ្ឋមន្ត្រី ព្រមទាំង​ទូត​ហុង​គ្រី និង​មន្ត្រីជាន់ខ្ពស់​របស់​យើង​២​នាក់​ទៀត រកឃើញថា មាន​មេរោគ Covid-19 ។ តែ​ក៏មាន​អ្នក​រាប់អាន​ពី​ឆ្ងាយៗ​ធ្វើការ​សាកសួរ​សុខទុក្ខ និង​ជូនពរ​សុខភាព​ល្អ និង​សុវត្ថិភាព មិន​ដាច់​ដែរ​។

​ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី​បាន​លើកឡើងថា “​ក្រុមគ្រួសារ​ខ្ញុំ អ្នកធ្វើការ​នៅក្នុង​ផ្ទះ ព្រមទាំង​ក្រុមគ្រួសារ​របស់​ពួកគាត់ និង​រូបខ្ញុំ​ផ្ទាល់ បានធ្វើ​តេស្ត ចំនួន​២​ដង​ហើយ ទទួលបាន​លទ្ធផល​អ​វិជ្ជមាន​ទាំងអស់គ្នា ព្រមទាំង​មាន​សុខភាព​ល្អ ជាធម្មតា​”​។ ឯកឧត្ដម​បាន​ថ្លែងថា តាំង​ពីថ្ងៃ​បន្ទាប់ពី​ទស្សនកិច្ច​លោក​រដ្ឋមន្ត្រីការបរទេស​ហុង​គ្រី​មក ខ្ញុំ​នៅតែ​រក្សា​ទម្លាប់​ប្រចាំថ្ងៃ​របស់ខ្ញុំ​ដដែល គឺ​ក្រោក​ហាត់ប្រាណ​ខ្ទង់​ម៉ោង​៥​ភ្លឺ ទទួលទាន​អាហារ​ពេលព្រឹក​ចន្លោះ​ពី​ម៉ោង ៦៖៤៥​នាទី ទៅ​ម៉ោង ៧៖០០​នាទី រួច​ចូល​បន្ទប់ធ្វើការ (​ពេលនេះ​គឺ​ធ្វើការ​ក្នុងផ្ទះ​) ដូច​កាល​មិនទាន់មាន​ករណី ព្រឹត្តិការណ៍​៣​វិច្ឆិកា​យ៉ាង​ដូច្នេះ​។ ទន្ទឹមនេះ កំដៅ​ក្នុង​ខ្លួន​ធម្មតា បាយ​ក៏បាន សម្រាន្ត​ក៏​ស្រួល ខ្លាច​តែ​ឡើង​គីឡូ​ទៅវិញ​ទេ​។
​ឯកឧត្ដម​ឧបនាយករដ្ឋមន្ដ្រី​បាន​បន្ថែមថា អ្វីដែល​ប្លែក​ខុសពី​មុន គឺ​ទីមួយៈ ក្នុងផ្ទះ​របស់ខ្ញុំ គឺ​យើង​នាំគ្នា​អនុវត្តន៍​វិធានការ​ការពារ រិត​ត្បិត​យ៉ាង​ហ្មត់ចត់ ពាក់​ម៉ាស់​គ្រប់គ្នា គ្រប់ពេល ពាក់​ស្រោមដៃ លាងដៃ​ញឹកញាប់ រក្សា​គម្លាត និង​តាម​សង្កេត​ការប្រែប្រួល​យ៉ាង​ជាប់លាប់​។ ទី​ពី​រៈ ដោយសារតែ​តម្រូវ​ធ្វើ​ច​ត្តា​ឡី​ស័ក ការជួប​ភ្ញៀវ ការចូលរួម​កម្មវិធី​នានា​ក៏ត្រូវ​លុប ឬ​លើក​ទៅ​ពេល​ក្រោយ ម្ល៉ោះហើយ​នាំឱ្យ​ខ្ញុំ​មាន​ពេលទំនេរ​យកទៅ​រៀបចំ ទុកដាក់​ឯកសារ​ឡើងវិញ ពិចារណា​ពី​ផែនការ​ការងារ​តទៅ​មុខ ដោយ​ចិត្ត​ត្រជាក់ មិន​តក់ក្រហល់ ជំពាក់​មុខ ជំពាក់​ក្រោយ​ដូចពេលមុន​។

​ឯកឧត្ដម​បាន​ថ្លែងបន្ដថា ពេលនេះ​យើង​មើលឃើញ​អត្ថប្រយោជន៍​កាន់តែ​ខ្ពស់ នៃ​ការប្រើប្រាស់​បច្ចេកវិទ្យា​ព័ត៌មានវិទ្យា ដោយសារតែ​រាល់​ការងារ រាប់​ពី​ការរាយការណ៍ សុំ​យោបល់ និង​ការសម្រេច​ពិគ្រោះ​ពិភាក្សាគ្នា អាចធ្វើ​ឡើង​បាន​ដោយ​ងាយ​តាមរយៈ​ប្រព័ន្ធ​ទំនើប​នេះ​។ ឯកឧត្ដម​ឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន ក៏បាន​ឱ្យដឹង​ដែរ​ថា “​ពេល​ខ្ញុំ​សន្ទនា​តាម​ទូរស័ព្ទ​ជាមួយ​លោក​រដ្ឋមន្ត្រី Szijártó ក្រោយពី​គាត់​ត្រឡប់​ដល់​ស្រុក​គាត់​វិញ​នោះ លោក​បាន​សម្ដែង​ការសោកស្តាយ​យ៉ាងខ្លាំង និង​សុំ​ផ្ញើ​នូវ​ការ​សុំទោស​របស់លោក​ចំពោះ​ការលំបាក​ដែល​បង្កឡើង​ដោយ​រូបលោក​។ លោក​បញ្ជាក់​អះអាង​សារជាថ្មី​ថា ពេល​លោក​បានធ្វើ​តេស្ត​មុន លោក​ចេញដំណើរ​មក កម្ពុជា លទ្ធផល​ពេលនោះ​គឺ​អវិជ្ជមាន​។ ប្រពន្ធ និង​កូនលោក​ក៏ដូចជា​សមាជិក គណៈប្រតិភូ​របស់លោក​ទាំងអស់គ្នា លើកលែងតែ​ឯកអគ្គរដ្ឋទូត​ម្នាក់ សុទ្ធតែ​អវិជ្ជមាន​កូ​វីដ​-១៩ ទាំងអស់ រហូតដល់​ថ្ងៃនេះ​។​” ជាមួយគ្នានេះ រូបលោក Péter SZjártó ត្រូវបាន​ផ្សព្វផ្សាយ​យ៉ាង​ល្បីល្បាញ​ក្នុង​បណ្តាញ​សង្គម​នៅ​កម្ពុជា​។ ក្រៅពីនេះ ក៏មាន​ការធ្វើ​អត្ថាធិប្បាយ​បែប​ចម្រុះ ស្តីពី​ដំណើរ​ទស្សនកិច្ច​របស់​គាត់​មក​ភ្នំពេញ​។​យ៉ាងណាក៏ដោយ គេ​មិនត្រូវ​ភ្លេច​ទេ​ថា​លោក SZijártó ជា​រដ្ឋមន្ត្រីការបរទេស​នៃ​ប្រទេស​ជា​សមាជិក​សហភាព​អឺរ៉ុប​មួយ ដែល​តែង ហ៊ាន​ចេញមុខ​ការពារ​យុត្តិធម៌​ចំពោះ​កម្ពុជា​។ គាត់​គឺជា​អ្នក​ក្រោក​ឡើង បន្លឺសំឡេង​ប្រឆាំងនឹង​ការជ្រៀតជ្រែក​ពី​ខាងក្រៅ​ចូល​កិច្ចការ​ផ្ទៃក្នុង​កម្ពុជា​។ គាត់​គឺជា​អ្នក​តវ៉ា​ប្រឆាំង នឹង​ការព្យួរ​ភាពអនុគ្រោះ​ពន្ធ​ក្រោម ក្របខ័ណ្ឌ EBA ២០​ភាគរយ ពី​កម្ពុជា​។ ឧប្បត្តិហេតុ​នៃ​ការចម្លង Covid-19​នេះ មិនអាច​ធ្វើឱ្យប៉ះពាល់​សាបរលាប​បំណងល្អ ថ្លៃថ្នូរ ដិត​ដាន ដោយ​មិត្តភាព​ជ្រាលជ្រៅ នៃ​ដំណើរ​ទស្សនកិច្ច​របស់​លោក Szijjártó ដែល​បាន​នាំមក​នូវ​ផលចំណេញ ដល់​ទំនាក់ទំនង​ទ្វេភាគី​របស់​យើង​នោះទេ​។ ខ្ញុំ​ជូនពរ​ឱ្យ​លោក​រដ្ឋមន្ត្រី​ឆាប់​ជាសះស្បើយ​។

​ឯកឧត្ដម ឧបនាយករដ្ឋមន្ដ្រី​ក៏​សូម​ជូនពរ​ដូចគ្នា​ដល់​មន្ត្រី​យើង​ទាំង​០៣​រូប ព្រមទាំង​ឯកឧត្ដម​ឯកអគ្គរដ្ឋទូត​ហុង​គ្រី​ប្រចាំ​កម្ពុជា ឆាប់​ជាសះស្បើយ និង​ថ្លែងអំណរគុណ និង​ជូនពរ​ផងដែរ ដល់​សហសេវិក សហការី មិត្តភក្តិ និង​បងប្អូន​ទាំងអស់ ដែល​បាន​ផ្ញើរ​សារ​មក​ជូនពរ​ខ្ញុំ​ក្នុងអំឡុង​ពេលនេះ ទទួលបាន​សុខភាព​ល្អ​បរិបូរណ៍ សិរី​សួស្តី ជ័យ​មង្គល វិ​បុ​សុខ​គ្រប់ប្រការ​៕ ដោយ​៖ ជឹម ណា​រី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​