ព្រឹទ្ធសភា បើកកិច្ចប្រជុំពិនិត្យ និង ពិភាក្សា លើសេចក្ដីព្រាងច្បាប់ចំនួន​ ៦

វិទ្យុជាតិកម្ពុជា លោកជួន បូណា

ភ្នំពេញ៖ ព្រឹទ្ធសភាកម្ពុជា បើកកិច្ចប្រជុំដើម្បីពិនិត្យ និង ពិភាក្សា លើសេចក្ដីព្រាងច្បាប់ចំនួន ៦ ដើម្បីបើកផ្លូវឱ្យរាជរដ្ឋាភិបាល យកទៅអភិវឌ្ឍន៍ប្រទេសជាតិ និងបម្រើផលប្រយោជន៍ប្រជាពលរដ្ឋ។

នាព្រឹកថ្ងៃទី12 ខែវិច្ឆិកា ឆ្នាំ២០២០ ព្រឹទ្ធសភា បានបន្តសម័យប្រជុំលើកទី ៦ នីតិកាលទី៤ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភានៃព្រះរាជាណាចក្រកម្ពុជា ដោយមានសមាជិកសមាជិកាចំនួន៥២រូប ចូលរួម។
កិច្ចប្រជុំនេះមានរបៀបវារៈដូចខាងក្រោម៖
១- ពិនិត្យ និងសម្រេចលើសំណើរបស់គណៈកម្មការទី៤ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារខណ្ឌសីមា និងបោះបង្គោលព្រំដែនគោករវាងព្រះរាជាណាចក្រកម្ពុជា និងសាធារណរដ្ឋសង្គមនិយមវៀតណាម។

២- ពិនិត្យ និង សម្រេចលើសំណើរបស់គណៈកម្មការទី៤ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើសន្ធិសញ្ញាស្តីពីការហាមឃាត់អាវុធនុយក្លេអ៊ែរ ។

៣-ពិនិត្យ និង សម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើពិធីសារទីមួយ ធ្វើវិសោធនកម្មកិច្ចព្រមព្រៀង ស្តីពីភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយ រវាងរដ្ឋជាសមាជិកសមាគម ប្រជាជាតិអាស៊ីអាគ្នេយ៍ និង ជប៉ុន ។

៤- ពិនិត្យ និង សម្រេចលើសំណើរបស់គណៈកម្មការទី៩ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើពិធីសារអនុវត្តកញ្ចប់កិច្ចសន្យាទី១០ ក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ អាស៊ានស្តីពីសេវាកម្ម។

៥- ពិនិត្យ និង សម្រេចលើសំណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀង ស្តីពីការវិនិយោគក្រោមកិច្ចព្រមព្រៀងក្របខ័ណ្ឌ ស្តីពីកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចទូលំទូលាយ រវាងសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និង សាធារណរដ្ឋឥណ្ឌា , និង ៦-ពិនិត្យ និង សម្រេចលើសំណើរបស់គណៈកម្មការទី៣ព្រឹទ្ធសភា សុំដាក់សេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម លើកិច្ចព្រមព្រៀងស្តីពីការវិនិយោគ រវាងបណ្តារដ្ឋជាសមាជិក នៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងរដ្ឋាភិបាលនៃតំបន់ រដ្ឋបាលពិសេស ​ហុងកុង នៃសាធារណរដ្ឋប្រជាមានិតចិន៕