ក្រុមប្រឹក្សា​ខេត្តតាកែវ​រៀបចំ​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ឆ្នាំ​ទី​២ អាណត្តិ​ទី​៣ នៅ​ស្រុក​អង្គរ​បូរី​ខេត្តតាកែវ​

AKP តាកែវ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០–
​កាលពី​ព្រឹក​ថ្ងៃ​១១​រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព​.​ស​.២៥៦៤ ត្រូវ​នឹង​ថ្ងៃ​ពុធ ទី​១១ ខែវិច្ឆិកា ឆ្នាំ​២០២០ នៅក្នុង​ប​វិ​វេណ​វត្ត​កំពង់ហ្លួង ស្ថិតនៅក្នុង​ឃុំ​អង្គរ​បូរី ស្រុក​អង្គរ​បូរី ខេត្តតាកែវ បានរៀបចំ​បើក​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​ក្រុមប្រឹក្សា​ខេត្តតាកែវ ឆ្នាំ​ទី​២ អាណត្តិ​ទី​៣ ក្រោម​អធិបតីភាព ឯកឧត្តម យស ណា​ស៊ី ប្រធាន​ក្រុមប្រឹក្សា​ខេត្តតាកែវ ព្រមទាំង​ឯកឧត្តម លោកជំទាវ​សមាជិក​ក្រុមប្រឹក្សា​ខេត្តតាកែវ លោក មូល វិច​ត្រ អភិបាលរង​ខេត្តតាកែវ លោក លោកស្រី​ប្រធាន អនុប្រធាន​មន្ទីរ អង្គភាព​ជុំវិញ​ខេត្ត អភិបាល អភិបាលរង​ស្រុក​អង្គរ​បូរី ព្រមទាំង​មន្ត្រីរដ្ឋបាល​ចំណុះ​រដ្ឋបាល​ស្រុក​អង្គរ​បូរី មេឃុំ មេភូមិ និង​អ្នកពាក់ព័ន្ធ​ជាច្រើនរូប​ទៀត​។​

​ក្នុង​វេទិកា​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​នោះ លោក ណុប ឌុល មេឃុំ​ព្រែក​ផ្ទោល ស្រុក​អង្គរ​បូរី បាន​សម្ដែង​ការព្រួយបារម្ភ​ទៅនឹង​បទល្មើស​នេសាទ​នៅក្នុង​ដែន​សមត្ថកិច្ច​របស់លោក​នៅ​រដូវវស្សា​បើក​នេសាទ ដោយ​លោក​បាន​ស្នើឱ្យ​អាជ្ញាធរខេត្ត រួម​នឹង​អាជ្ញាធរ​ពាក់ព័ន្ធ​ជួយ​ធ្វើ​អន្តរាគមន៍ និង​ចាត់វិធានការ​ដល់​បង​ប្អូន​ប្រជាពលរដ្ឋ​កុំឱ្យ​ធ្វើការ​នេសាទ​ដោយ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​នៅក្នុង​រដូវ​បើក​ឡូ​តិ៍​នេសាទ​នេះ​។ រដូវ​បើក​ឡូ​តិ៍​នេសាទ​នេះ​ទើបតែ​ចាប់ផ្តើម​ក៏ ប៉ុន្តែ​យើង​សង្កេតឃើញ​បងប្អូន​ប្រជាពលរដ្ឋ​ដែលជា​អ្នកនេសាទ​បាននាំគ្នា​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ផ្សេងៗ ដែល​វា​ធ្វើឱ្យ​បាត់បង់​ធនធាន​មច្ឆជាតិ មាន​ត្រី បង្កង ដែល​នេះ​ជា​បញ្ហា​គួរឱ្យ​ព្រួយបារម្ភ​។ ដូច្នេះ​ក្នុងនាម​អាជ្ញាធរ​មូលដ្ឋាន​យើង​មានការ​ព្រួយបារម្ភ និង​ស្នើឱ្យ​អាជ្ញាធរ​ស្រុក ខេត្ត ជាពិសេស​មន្ត្រីជលផល ត្រូវតែ​ចូលរួម​ដោះស្រាយ និង​ផ្សព្វផ្សាយ​ដល់​ប្រជា​នេសាទ​កុំឱ្យ​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​តទៅទៀត ។​
​ ​
​លោក ណុប ឌុល មានប្រសាសន៍​បន្តថា ក្នុងឆ្នាំនេះ​ទឹកទន្លេ​ឡើងមក​យឺត​ដែល​វា​ធ្វើឱ្យប៉ះពាល់​ដល់​ទិន្នផល​ត្រី បង្កង​ជាដើម​។ ប្រសិន​យើង​នាំគ្នា​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់​ថែមទៀត​នោះ​វា​នឹង​កាន់តែ​បំផ្លាញ​ធនធាន​មច្ឆជាតិ​យើង​ឱ្យ​នៅសល់​តិច​បំផុត ដែល​បញ្ហា​នេះ​អាជ្ញាធរ​មូលដ្ឋាន​ភូមិ ឃុំ​មិនអាច​ទប់ស្កាត់​បានទេ គឺ​ទាល់តែ​អាជ្ញាធរ​ស្រុក ខេត្ត និង​មន្ត្រីរដ្ឋបាល​ជលផល​ទើប​អាច​ទប់ស្កាត់​បញ្ហា​ខុសច្បាប់​អស់ទាំង​នេះ​បាន​។​

​ឆ្លើយតប​នឹង​ការលើកឡើង​របស់​មេឃុំ​ព្រែក​ផ្ទោល លោក ញ៉ិ​ប ស្រ៊ន ប្រធាន​មន្ទីរ​កសិកម្ម​រុក្ខាប្រមាញ់ និង​នេសាទ​ខេត្តតាកែវ​បាន​មានប្រសាសន៍ថា កន្លងមក​ខាង​មន្ទីរ​ក៏បាន​ចាត់​ឱ្យ​មន្ត្រីជលផល​ចុះ​ធ្វើការ​ផ្សព្វផ្សាយ ណែនាំ​ដល់​បងប្អូន​ប្រជាពលរដ្ឋ កុំឱ្យ​ប្រើប្រាស់​ឧបករណ៍​ណា​ដែល​មន្ទីរ​បាន​ហាមឃាត់ ហើយ​មន្ត្រី​ជំនាញ​ជលផល​ក៏បាន​ចុះ​រឹបអូស​បាន​ឧបករណ៍​ខុសច្បាប់​មួយចំនួន​យកទៅ​ដុត​បំផ្លាញចោល​ផងដែរ​។
​លោក ញ៉ិ​ប ស្រ៊ន មានប្រសាសន៍​បន្តថា យើង​នឹងធ្វើ​សកម្មភាព​ទប់ស្កាត់​រាល់​ការនេសាទ​ណា​ដែល​ប្រើប្រាស់​ឧបករណ៍​ខុសច្បាប់ ព្រោះ​បើ​យើង​មិន​ធ្វើការ​ទប់ស្កាត់​ទេ វា​នឹង​នាំឱ្យ​ប៉ះពាល់​ដល់​ធនធាន​មច្ឆជាតិ​ធ្លាក់ចុះ​។ ជាពិសេស​នាំឱ្យ​ប៉ះពាល​ដល់​ទិន្នផល​បង្កង​ដែលមាន​រសជាតិ​ឆ្ងាញ់​និង​ដែលជា​អត្តសញ្ញាណ​សម្រាប់​ខេត្តតាកែវ ក្នុងការ​ទាក់ទាញ​ភ្ញៀវទេសចរ ជាតិ និង​អន្តរជាតិ​ឱ្យ​ចូលមក​កម្សាន្ត នៅក្នុង​ខេត្តតាកែវ​យើង​កាន់តែ​ច្រើនឡើង​៕ ដោយ​៖ អ៊ុច សៀង សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​