សម្ដេច​តេ​ជោ ហ៊ុន សែន ៖ មិនមាន​ការបិទ​ប្រទេស ឬ រាជធានី ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​

AKP ភ្នំពេញ ថ្ងៃទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០–
​ក្នុងខណៈ​ដែលមាន​មនុស្ស​អាក្រក់​មួយចំនួន​បាន បំផុស​ពាក្យ​ចចាមអារ៉ាម​ថា រាជរដ្ឋាភិបាល​នឹង​បិទ​រាជធានី​ភ្នំពេញ និង​ហាមឃាត់​ការធ្វើ ដំណើរ​ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត​មួយ​នោះ ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា សម្ដេច​អគ្គមហាសេនា​ប តី​តេ​ជោ ហ៊ុន សែន មានប្រសាសន៍​បញ្ជាក់ថា មិនមាន​ការបិទ​ប្រទេស ឬ​រាជធានី​ខេត្ត ឬ តំបន់​ណាមួយ​នោះទេ​។​
​ ​
​នៅលើ​ផេ​ក​ផ្លូវការ​ថ្ងៃ​១២​រោច ខែ​ក​ត្ដិក ឆ្នាំជូត ទោស័ក ព​.​ស​. ២៥៦៤​ត្រូវ​នឹង​ថ្ងៃ ព្រហស្បតិ៍ ទី​១២ ខែវិច្ឆិកា ឆ្នាំ​២០២០​នេះ សម្ដេច​តេ​ជោ​បានសរសេរថា បងប្អូន​ជនរួមជាតិ ជាទីគោរព​ស្រឡាញ់​។ ថ្មីៗ​នេះ​មាន​មនុស្ស​អាក្រក់​មួយចំនួន​បាន បំផុស​ពាក្យ​ច​ចាម​អារាម ថា រាជរដ្ឋាភិបាល​នឹង​បិទ​រាជធានី​ភ្នំពេញ និង​ហាមឃាត់​ការធ្វើដំណើរ ពី​ខេត្ត​មួយ​ទៅកាន់​ខេត្ត មួយ​។
​សម្ដេច​តេ​ជោ​ថ្លែងបន្តថា ក្នុងឋានៈ​ជា​ប្រមុខ​រាជរដ្ឋាភិបាល​ខ្ញុំ​សូម បញ្ជាក់ថា​នឹងមិន មាន​ការបិទ​ប្រទេស ឬ​រាជធានី ខេត្ត ឬ​តំបន់​ណាមួយ​នោះទេ​។ ការឃោសនា​អកុសល​របស់​ពួក​អាក្រក់​ទាំងនេះ សំដៅ​ធ្វើឱ្យ​ប្រទេស​មាន​ចលាចល ទំនិញ​ឡើងថ្លៃ ប្រជាជន​រស់នៅ​មិនបាន​ស្ងប់ចិត្ត ដើម្បី​ពួកគេ​កេងចំណេញ​ខាង​នយោបាយ​តែប៉ុណ្ណោះ​។​

​សម្ដេច​តេ​ជោ​នាយករដ្ឋមន្ត្រី​គូសបញ្ជាក់ថា បញ្ហាសំខាន់​ក្នុងការ​ប្រយុទ្ធ​ជាមួយ​ជំងឺ​កូ វីដ​-១៩​នៅពេលនេះ គឺ​ប្រជាជន​គ្រប់រូប​ការពារ​ខ្លួន​តាម​ការណែនាំ​របស់​ក្រសួងសុខាភិបាល ពិសេស​ការពាក់​ម៉ាស់ ការ​លាងដៃ ការមិន​ជួបជុំ​ប្រមូលផ្តុំ ការរក្សា​គម្លាត​សុវត្ថិភាព​។​ល​។ សម្រាប់​ការពាក់​ម៉ាស់​ដែល​កាលពី​ម្សិលមិញ​នេះ ខ្ញុំ​បាន​បញ្ជា​ឱ្យ​បញ្ចេញ​ម៉ាស់​ក្រណាត់​ចំនួន ២​លាន​ម៉ាស់ ជូនទៅ​សាលា​រាជធានី​ភ្នំពេញ​ដើម្បី​ចែកជូន​ប្រជាជន​ក្រីក្រ​។ នគរបាល​ចរាចរ ក៏​នឹង​ជូន​ម៉ាស់ សម្រាប់​អ្នកជិះ​កង់ ជិះ​ម៉ូតូ​ដែល​មិនបាន​ពាក់​ម៉ាស់​។ សូម​បងប្អូន​ពាក់​ម៉ាស់ ទាំងអស់គ្នា​ដើម្បី​យើង​ឈានទៅ​បញ្ចប់​ព្រឹត្តិការណ៍ ៣​វិ​ច្ឆ​កា​ឱ្យបាន​ឆាប់ ដើម្បី​នាំ​ប្រទេស​មក កាន់​ភាពប្រក្រតី​ដូច​មុន​ថ្ងៃ​៣ វិច្ឆិកា ២០២០​វិញ​។
​សម្ដេច​តេ​ជោ​បាន​បន្ថែមថា សម្រាប់​បងប្អូន​ដែល​បាននិងកំពុង​ធ្វើ​ច​ត្តា​ឡី​ស័ក​នៅតាម​ផ្ទះ ត្រូវ​បន្តធ្វើ​ឱ្យបាន​ហ្មត់ចត់ នឹង​សូម​អាជ្ញាធរ​មូលដ្ឋាន​តាមដាន​ត្រួតពិនិត្យ និង​ជួយ​ដោះស្រាយ​ជីវភាព​សម្រាប់​គ្រួសារ​ក្រីក្រ ដែល​ពួកគាត់​មិនអាច​ចេញ​ប្រកប​របរ​រកស៊ី​បាន ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ ត្រូវ​ផ្តល់​ស្បៀងអាហារ​ជូន​ពួកគាត់​កុំឱ្យ​ពួកគាត់​ខ្វះ​ស្បៀងអាហារ​ក្នុងពេល​ធ្វើ​ច​ត្តា​ឡី​ស័ក​។ សូម​ជូនពរ​បងប្អូន​ជនរួមជាតិ​ជួបតែ​សេចក្តីសុខ​សេចក្តីចម្រើន​៕ ដោយ​៖​ជឹម ណា​រី សម្រួល​ផ្សាយ​ដោយ​៖ ធូ កុសល​