សម្តេចតេជោ បញ្ជាក់ថា អ្នកឃោសនាពាក្យចចាមអារាមថា រាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ គឺមានចេតនាមិនឲ្យប្រជាជនរស់បានស្ងប់ចិត្ត  

(ភ្នំពេញ)៖ នាព្រឹកថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២០នេះ តាមរយៈបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន បានបញ្ជាក់ថា អ្នកឃោសនាពាក្យចចាមអារាមថា រាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ គឺមានចេតនា សំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

សម្តេចតេជោបានលើកឡើងថា នាពេលថ្មីៗនេះមានមនុស្សអាក្រក់មួយចំនួន បានបំផុសពាក្យចចាមអារាមថារាជរដ្ឋាភិបាលនឹងបិទរាជធានីភ្នំពេញ និងហាមឃាត់ការធ្វើដំណើរពីខេត្តមួយទៅកាន់ខេត្តមួយ។

ទាក់ទិននឹងបញ្ហានេះ សម្តេចតេជោ បានសង្កត់ធ្ងន់ថា ក្នុងឋានៈជាប្រមុខរាជរដ្ឋាភិបាល សម្តេចបានបញ្ជាក់ថានឹងមិនមានការបិទប្រទេស ឬរាជធានីខេត្ត ឬតំបន់ណាមួយនោះទេ។

សម្តេចតេជោនាយករដ្ឋមន្ត្រី បានហៅការឃោសនាអកុសលរបស់ពួកអាក្រក់ទាំងនេះ គឺសំដៅធ្វើឱ្យប្រទេសមានចលាចលទំនិញឡើងថ្លៃ ប្រជាជនរស់នៅមិនបានស្ងប់ចិត្តដើម្បីពួកគេគេងចំណេញខាងនយោបាយតែប៉ុណ្ណោះ។

សម្តេច ហ៊ុន សែន បានរម្លឹកថា បញ្ហាសំខាន់ក្នុងការប្រយុទ្ធជាមួយជំងឺកូវីដ-១៩ នៅពេលនេះ គឺប្រជាជនគ្រប់រូប
ការពារខ្លួនតាមការណែនាំរបស់ក្រសួងសុខាភិបាល ពិសេសការពាក់ម៉ាស់ ការ
លាងដៃ ការមិនជួបជុំប្រមូលផ្តុំ ការរក្សាគម្លាតសុវត្ថិភាព។ល។

ជាមួយគ្នានោះកាលពីម្សិលមិញនេះ សម្តេច បានបញ្ជាឱ្យបញ្ចេញម៉ាស់
ក្រណាត់ចំនួន២លានម៉ាស់ជូនទៅសាលារាជធានីភ្នំពេញ ដើម្បីចែកជូនប្រជាជនក្រីក្រ។ នគរបាលចរាចរណ៍ ក៏នឹងជូនម៉ាស់សម្រាប់អ្នកជិះកង់ ជិះម៉ូតូដែលមិនបានពាក់ម៉ាស់។

សម្តេចបានអំពាវនាដល់ បងប្អូនប្រជាពលរដ្ឋពាក់ម៉ាស់ទាំងអស់គ្នា ដើម្បីយើងឈានទៅបញ្ចប់ព្រិត្តិការណ៍៣វិច្ឆកាឱយបានឆាប់ដើម្បីនាំប្រទេសមកកាន់ភាពប្រក្រតីដូចមុន
ថ្ងៃ៣ វិច្ឆិកា ២០២០ វិញ។

សម្រាប់បងប្អូន ដែលបាននឹងកំពុងធ្វើចត្តាឡីស័កនៅតាមផ្ទះ សម្តេចបានអំពាវនាវឲ្យត្រូវបន្តធ្វើឱ្យបាន
ហ្មត់ចត់ នឹងសូមឲ្យអាជ្ញាធរមូលដ្ឋានតាមដានត្រួតពិនិត្យ នឹងជួយដោះស្រាយ
ជីវភាពសម្រាប់គ្រួសារក្រីក្រដែលពួក គាត់មិនអាចចេញប្រកបរបររកស៊ីបាន
ក្នុងពេលធ្វើចត្តាឡីស័ក។ ត្រូវផ្តល់ស្បៀងអាហារជូនពួកគាត់កុំអោយពួកគាត់ខ្វះ
ស្បៀងអាហារក្នុងពេលធ្វើចត្តាឡីស័ក៕ ដោយ៖ កន ចំណាន