ខេត្តបាត់ដំបងប្រារព្ធខួបអនុស្សាវរីយ៍ លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយុទ្ធពលខេមរភូមិន្ទ

វិទ្យុជាតិកម្ពុជា៖អត្ថបទ ម៉ូតវ៉ោយហូរ
បាត់ដំបង៖ កាលពីថ្ងៃទី ១១ ខែវិច្ឆិកា រដ្ឋបាលខេត្តបាត់ដំបង បានប្រារព្ធខួបអនុស្សាវរីយ៍ លើកទី ៦៧ នៃទិវាបុណ្យឯករាជ្យជាតិ និងទិវាកំណើតកងយោធពលខេមរៈភូមិន្ទ នៅមុខសាលាខេត្តបាត់ដំបង។
ឯកឧត្តម ងួន រតនៈ អភិបាលនៃគណៈអភិបាលខេត្តបាត់ដំបង បានបញ្ជាក់ថា ការរំលឹកខួបអនុស្សាវរីយ៍ ដែលជាទិវាប្រវត្តិសាស្ត្រដ៏រុងរឿង បានប្រព្រឹត្តទៅ ទន្ទឹមពេលជាមួយគ្នានឹងទិវាកំណើតកងយោធពលខេមរភូមិន្ទ ក្នុងស្មារតីចងចាំជានិច្ច មិនអាចបំភ្លេចបាន នូវគុណូបការៈ ដ៏ថ្លៃថ្លារបស់ គំរូវីរភាព របស់យុទ្ធជនយុទ្ធនារី និងប្រជាពលរដ្ឋយើង នៅគ្រប់ទិសទី ដែលបានពុះពារប្រយុទ្ធ តស៊ូ ធ្វើពលិកម្មយ៉ាងក្លាហាន ក្នុងបុព្វហេតុសង្គ្រោះជាតិមាតុភូមិ យ៉ាងពិតប្រាកដ ពីរបបប្រល័យពូជសាសន៍ ប៉ុលពតពីភ្នក់ភ្លើងសង្គ្រាមដ៏រ៉ាំរ៉ៃ អស់ជាច្រើនទសវត្សរ៍ និងគ្រោះភ័យផ្សេងៗ ព្រមទាំងបានរួម ចំណែកយ៉ាងធំធេងក្នុងការថែរក្សាសន្តិភាព ការពារបូរណភាពទឹកដី ឯកភាពជាតិ អធិបតេយ្យ សេរីភាព និងវិបុលភាពជាតិ នៃព្រះរាជាណាចក្រកម្ពុជាយើង។ ជាមួយគ្នានេះដែរ ឯកឧត្តមក៏បាន រំលឹក ពីស្នាព្រះហស្ថ និងសកម្មភាពព្រះរាជបូជនីយកិច្ច របស់សម្ដេចព្រះនរោត្តមសីហនុ ព្រះបរមរតនកោដ្ឋ ដែលព្រះអង្គបានដឹកនាំតស៊ូ ដណ្ដើមឯករាជ្យពីអាណានិគមបារាំង រហូតបានទទួលជ័យជំនះ នាថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ ១៩៥៣ ដែលជាទិវាដ៏មហានក្ខត្តឫក្ស បើកទំព័រសករាជថ្មីជាប្រវត្តិសាស្ត្រ សម្រាប់ប្រទេសជាតិយើង ហើយកម្ពុជាក៏បានទទួលឯករាជ្យពេញបរិបូរណ៍ ចាប់តាំងពីពេលនោះមក ៕ ​