ព្រះរាជពិធីពន្លត់ទៀនជ័យ បាន ប្រព្រឹត្តទៅយ៉ាងមហោឡារឹកក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះមហាក្សត្រ

វិទ្យុជាតិកម្ពុជា៖  ហុក សុខរិន
ភ្នំពេញ៖ព្រះរាជពិធីពន្លត់ទៀនជ័យនៃថ្ងៃបិទបញ្ចប់ខួបអនុស្សាវរីយ៍លើកទី៦៧នៃបុណ្យឯករាជ្យជាតិ ០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០២០ បានប្រព្រឹត្តទៅយ៉ាងមហោឡារឹកនៅរសៀលថ្ងៃទី១១ វិច្ឆិកានេះ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា នៅវិមានឯករាជ្យ ។
កាលពីរសៀលថ្ងៃ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០នេះ នៅបរិវេណជុំវិញវិមានឯករាជ្យមានមហាជនចូលរួមយ៉ាងច្រើនកុះករមានដូចជា សិស្សនិស្សិត លោកគ្រូអ្នកគ្រូ ប្រជាពលរដ្ឋ មន្រ្តីរាជការ និងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ បាននាំគ្នាចូលរួមសម្តែងការអបអរសាទរ ព្រះរាជពិធីពន្លត់ទៀនជ័យ ដើម្បីជានិមិត្តរូបនៃការបិទបញ្ចប់ទិវាបុណ្យឯករាជ្យជាតិខួបទី៦៧ឆ្នាំ ដែលកម្ពុជា ដណ្តើមបាន ឯករាជ្យមកវិញពីប្រទេសបារំាង។
មហាជនដែលចូលរួមក្នុងព្រះរាជពិធីនេះម្នាក់ៗមានទឹកមុខសប្បាយរីករាយដោយដៃកាន់បដាអបសាទរថ្ងៃ៩វិច្ឆិកាទិវាបុណ្យឯករាជ្យជាតិ និងកាន់ព្រះបរមឆាយាលក្ខណ៍ ព្រះបរមរតនកោដ្ឋ  ព្រះបរមឆាយាលក្ខណ៍ សម្តេចព្រះមហាក្សត្រីនរោត្តម មុនីនាថសីហនុ និងព្រះបរមឆាយាលក្ខណ៍ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ នរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងបាច់ផ្កាចម្រុះពណ៌  បង្ហាញពីការអបអរសាទរស្នាព្រះហស្ថ ដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុ ព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ដែលព្រះអង្គបានដណ្តើមឯករាជ្យពីបារាំងមកវិញ ជូនជាតិមាតុភូមិជាទីស្នេហានៃយើង។
ព្រះរាជពិធីដ៏សែនសប្បាយរីករាយនេះគឺស្ថិតក្រោមព្រះរាជាធិបតីភាពដ៏ខ្ពង់ខ្ពស់បំផុតព្រះករុណាព្រះបាទសម្តេចព្រះបរមនាថនរោត្តមសីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា អមព្រះរាជដំណើរដោយសម្តេចវិបុលសេនាភក្តី សាយ ឈុំប្រធានព្រឹទ្ធសភានិង សម្តេចពញាចក្រីហេង សំរិន ប្រធានរដ្ឋសភា ព្រមទំាងសមាជិកសមាជិកា ព្រឹទ្ធសភា រដ្ឋសភា រាជរដ្ឋាភិបាលនិងបណ្តាអង្គទូត
នានាប្រចាំកម្ពុជា ។
នាឱកាសដ៏មហោឡារឹកនេះ ព្រះករុណាជាអម្ចាស់ជីវិតលើត្បូងជាទីសក្ការដ៏ខ្ពង់ខ្ពស់បំផុតបានសព្វព្រះរាជហឫទ័យពន្លត់ទៀនជ័យ ដើម្បីបញ្ចប់ពិធីបុណ្យជាតិ ខួបលើក ទី៦៧ ទិវាបុណ្យឯករាជ្យជាតិ ៩វិច្ឆិកាឆ្នាំ ១៩៥៣ – ៩វិច្ឆិកា ២០២០។
ថ្នាក់ដឹកនាំ មន្រ្តីរាជការ ប្រជាពលរដ្ឋដែលបានចូលរួមក្នុងពិធីនេះសុទ្ធតែបញ្ជាក់ថា ថ្ងៃបុណ្យឯករាជ្យគឺជាទិវាដ៏មានអត្ថន័យជ្រាលជ្រៅបំផុតក្នុងក្រអៅបេះដូងខ្មែរគ្រប់ៗរូបព្រោះជាការបើកទំព័រប្រវត្តិសាស្រ្តនៃការប្រកាសឯករាជ្យពេញលេញរបស់កម្ពុជាក្រោមស្នាព្រះហស្ថដ៏ឈ្លាសវៃក្រោមព្រះរាជបូជនីយកិច្ច និងព្រះរាជបេសកកម្មដ៏ឧត្តុងឧត្តម របស់ព្រះករុណាព្រះបាទសម្តេចព្រះនរោត្តមសីហនុព្រះមហាវីរក្សត្រព្រះវររាជបិតាឯករាជ្យបូរណភាពទឹកដីនិងឯកភាពជាតិខ្មែរជាទីគោរពសក្ការដ៏ខ្ពង់ខ្ពស់បំផុត ។
លោក ឈុន ហ៊ាង ប្រជាពលរដ្ឋរស់នៅសង្កាត់ផ្សារថ្មីទី៣ មានចំណាប់អារម្មណ៍ថា ទិវាបុណ្យឯករាជ្យជាតិមានអត្ថន័យជ្រាលជ្រៅណាស់ ដែលធ្វើឱ្យកម្ពុជា មានសិទ្ធិក្នុងការគ្រប់គ្រងទៅលើជោគវាសនា អនាគតរបស់ខ្លួនហើយមានសិទ្ធិនៅក្នុងការគ្រប់គ្រងទៅលើកិច្ចការរបស់ប្រទេសជាតិ។ លោកបញ្ជាក់ថា បើទោះបីជាព្រះមហាវីរក្សត្រព្រះបរមរតនកោដ្ឋបានយាងសោយព្រះទីវង្គតក៏ពិតមែនប៉ុន្តែស្នាព្រះហស្ថនៃការដណ្តើមបានឯករាជ្យជាតិជូនជាតិមាតុភូមិនេះ គ្មានពលរដ្ឋណាម្នាក់អាចបំភ្លេចបានឡើយ ចំពោះគុណូបក្ការៈខំប្តូរផ្តាច់យកអស់ព្រះកាយពលក្នុងការដណ្តើមឯករាជ្យពីអាណានិគមនិយមបារំាងមកវិញ ព្រមទំាងធ្វើឱ្យប្រទេសជាតិមានការរីកចំរើនលើគ្រប់វិស័យ ប្រជានុរាស្រ្តរស់នៅដោយសុខក្សេមក្សាន្តក្រោមម្លប់នៃសុខសន្តិភាព៕