មន្ត្រីជំនាញជួយព្យាបាល សត្វពាហនៈ របស់ប្រជាពលរដ្ឋនៅខេត្តប៉ៃលិនដែលមានជំងឺឆ្លងក្រោយជំនន់ទឹកភ្លៀង

វិទ្យុជាតិកម្ពុជា

ប៉ៃលិន៖ កាលពីថ្ងៃទី១១ ខែ វិចិ្ឆកា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន អមដំណើរដោយថ្នាក់ដឹកនាំ និងមន្ត្រីបសុព្យាបាលនៃមន្ទីរកសិកម្ម រុក្ខាប្រម៉ាញ់ និងនេសាទខេត្ត បានអញ្ជើញចុះពិនិត្យមើលការព្យាបាលជំងឺ និងចាក់វ៉ាក់សាំងការពារជំងឺឆ្លង ដល់សត្វពាហនៈនៅស្រុកសាលាក្រៅ ខេត្តប៉ៃលិន ព្រមទាំងចែកសៀវភៅស្តីពីវិធីថែទាំ និងវិធានការការពារសត្វពាហនៈអំពីជំងឺឆ្លងផ្សេងៗផងដែរ ។

ឯកឧត្តម ផាន់ ចាន់ធុល បានមានប្រសាសន៍ថា៖ ក្រោយជំនន់ទឹកភ្លៀងបានកន្លងផុតទៅ សត្វគោក្របី គឺតែងតែជួបនូវជំងឺឆ្លងផ្សេងៗ ដូច្នេះហើយសូមបងប្អូនប្រជាពលរដ្ឋត្រូវចេះតាមដានអាការៈសត្វពាហនៈរបស់ខ្លួនឱ្យបានខ្ជាប់ខ្ជួនជាប្រចាំ និងត្រូវចេះការពារមើលថែដោយឱ្យនៅទីទួលគ្មានភក់ជ្រាំ ដើម្បីជៀសវាងការឆ្លងនូវជំងឺផ្សេងៗ ។

ឯកឧត្តមអភិបាលខេត្ត បានមានប្រសាសន៍បញ្ជាក់ថា បើសិនសត្វពាហនៈរបស់បងប្អូនមានអាការៈអ្វីមួយមិនស្រួល ត្រូវប្រញាប់រាយការណ៍មកបសុពេទ្យ និងមន្រ្តីជំនាញ ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា ហើយមន្រ្តីជំនាញបសុព្យាបាល នៃមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត ត្រូវបន្តចុះតាមដាន និងធ្វើការចាក់វ៉ាក់សាំង ការពារជំងឺឆ្លង ដល់សត្វគោក្របី នៅតាមផ្ទះប្រជាពលរដ្ឋឱ្យបានគ្រប់ៗគ្នា ព្រោះថាពេលមានទឹកជំនន់ សត្វគោក្របី វាងាយនឹងកើតមានជំងឺផ្សេងៗដូចជា៖ ជំងឺសារទឹក និងជំងឺអុតក្តាមជាដើម។

ឯកឧត្តម ផាន់ ចាន់ធុល ក៏បានផ្តាំផ្ញើដល់បងប្អូនប្រជាពលរដ្ឋទាំងអស់អំពីវិធានការការពារជំងឺឆ្លងកូវីដ-១៩ ត្រូវធ្វើតាមការណែនាំរបស់ក្រសួងសុខាភិបាល និងតាមការអំពាវនាវរបស់រាជរដ្ឋាភិបាលកម្ពុជា គឺត្រូវពាក់ម៉ាស់ លាងដៃជាមួយសាប៊ូ អាកុល ជែល ឱ្យបានញឹកញាប់ជាប្រចាំ ដើម្បីរួមគ្នាទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីត-១៩ នៅក្នុងសហគមន៍ និងប្រទេសរបស់យើង។

បើតាមរបាយការណ៍របស់លោក សាយ សុផាត ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តប៉ៃលិន បានឱ្យដឹងថា៖ ខេត្តប៉ៃលិនមានសត្វគោ សរុបចំនួន ១៦,៦៦៦ក្បាល  សត្វចៀមចំនួន ១៥០ក្បាល សត្វពពែ ចំនួន ៤៩៥ក្បាល សត្វជ្រូក ចំនួន ២៦,៤៧៨ក្បាល ។ ហើយក្រោយពីជំនន់ទឹកភ្លៀង មានសត្វគោឈឺ សរុបទូទាំងខេត្ត ចំនួន ១៦៤៥ក្បាល ក្នុងនោះព្យាបាលជាសះស្បើយ បាន១៤៩០ក្បាល ក្នុងនោះស្រុកសាលាក្រៅ ចំនួន ១០២៥ក្បាល និងក្រុងប៉ៃលិន ចំនួន៤៦៥ក្បាល៕

ញ៉ឹប បូរី ប៉ៃលិន