អភិបាលខេត្តប៉ៃលិនចុះពិនិត្យហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រដែលរងការ ខូចខាតដោយជំនន់ទឹកភ្លៀងក្នុងឃុំស្ទឹងត្រង់

វិទ្យុជាតិកម្ពុជា៖អត្ថបទ លោក ហឿន គឹមហុន

ប៉ៃលិន៖ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ផាន់ ចាន់ធុល អភិបាលខេត្តប៉ៃលិន រួមដំណើរដោយលោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមខេត្ត ព្រមទាំងក្រុមការងារ បានអញ្ជើញចុះពិនិត្យមើលហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាសាស្រ្តដែលរងការខូចខាតដោយជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្ត ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។
ឯកឧត្តមអភិបាលខេត្តបានមានប្រសាសន៍ជំរុញដល់មន្រ្តីជំនាញនៃមន្ទីរធនធានទឹក និងឧត្តុនិយម ត្រូវបន្តចុះពិនិត្យមើលកន្លែងដែលរងការខូចខាត បាក់ស្រុតនៅតាមច្រាំងប្រព័ន្ធប្រឡាយធារាសាស្រ្ត និងផ្លូវ
នៅតាមខ្នងប្រឡាយ ដើម្បីធ្វើការជួសជុលឡើងវិញបានទាន់ពេលវេលា សម្រាប់ស្រោចស្រពផលដំណាំផ្សេងៗក្រោយពីទឹកស្រកទៅវិញ។
ឯកឧត្តមបានបន្តថា៖ យើងត្រូវអនុវត្តន៍តាមប្រសាសន៍ដ៏ខ្ពង់ខ្ពស់ ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ដោយធ្វើយ៉ាងណាឆាប់រួសរាន់ស្តារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធធារាសាស្រ្ត ដែលខូតខាតដោយទឹកជំនន់ ដើម្បីទប់រក្សាទុកទឹក ប្រើប្រាស់ប្រចាំថ្ងៃ និងការងារបង្កបង្កើនផល ពេលទឹកសម្រកវិញ ។
ឯកឧត្តមបានបន្តថា បច្ចុប្បន្នក្រសួងធនធានទឹក និងឧត្តុនិយម កំពុងអនុវត្តនូវវិធីសាស្រ្ត ២ យ៉ាង គឺ ទី ១ អន្តរាគមន៍ខ្ទប់ទឹកទុកឱ្យខាងតែបាន និងទី ២ បន្តជួសជុល ពង្រឹងកែលម្អឱ្យបានល្អប្រសើរ តាមលក្ខណ:បច្ចេកទេស និងលទ្ធភាព ទៅតាមស្ថានភាពជាក់ស្តែង នៃទីតាំងនីមួយៗ ដើម្បីពង្រឹងគុណភាព និងស្តុករក្សាទឹកឱ្យបានច្រើន ជូនបងប្អូនប្រជាពលរដ្ឋ ប្រើប្រាស់ជាពហុប្រយោជន៍បានយូរអង្វែង ។
លោក ង៉ា លីហុង ប្រធានមន្ទីរធនធានទឹក និងឧត្តុនិយមបានរាយការណ៍ជូនអភិបាលខេត្តប៉ៃលិនថា ដោយអនុវត្តតាមបទបញ្ជាដ៏ហ្មត់ចត់ របស់ឯកឧត្តម លឹម គានហោ រដ្ឋមន្ត្រីក្រសួងធនធានទឹក និងឧតុនិយម បានចាប់ផ្តើមអនុវត្តការងារជួសជុលបន្ទាន់ នូវហេដ្ឋារចនាសម្ព័ន្ធប្រពន្ធ័ធារាសាស្ត្រ ដែលទទួលរងនូវការខូចខាតដោយសារជំនន់ទឹកភ្លៀងកន្លងមក ដើម្បីធានាដល់ការស្រោចស្រពស្រូវចុងរដូវវស្សារបស់បងប្អូនប្រជាកសិករ។ លោកបានបន្តថា៖ ការជួសជុលហេដ្ឋារចនាសម្ព័ន្ធប្រព័ន្ធធារាស្រ្តដែលរងការខូចខាតដោយសារជំនន់ទឹកភ្លៀងក្នុងភូមិសាស្រ្ត ឃុំស្ទឹងត្រង់រួមមាន៖ ១-ជួសជុលប្រឡាយដែលច្រោះបាក់ច្រាំង និងជើងទេប្រឡាយចំនួន២ខ្សែប្រវែង៣២០០ម៉ែត្រ ២-ជួសជុលផ្លូវខ្នងប្រឡាយចំនួន២ខ្សែប្រវែង៧០០០ម៉ែត្រនិង ៣- ជួសជុលទំនប់ប្រវែង២៣០ម៉ែត្រ៕