ប្រជាពលរដ្ឋនៅក្នុងស្រុកវ៉ារិន្ទខេត្តសៀមរាប រួមគ្នាបង្កើតជាសហគមន៍ផលិតបំពង់បឺតធ្វើពីឫស្សី រហូតទទួលបានការគាំទ្រ

វិទ្យុជាតិកម្ពុជា លោកអេង យូ ភ្នាក់ងារខេត្តសៀមរាប

MC. ក្រុមប្រជាពលរដ្ឋជាង៥០គ្រួសារនៅឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប បានរួមគ្នាបង្កើតសហគមន៍ឫស្សី ដោយផលិតបំពង់បឺត(ទុយោ)ធ្វើពីឫស្សី ដើម្បីលក់ទៅកាន់ទីផ្សារ ហើយមានការគាំទ្រច្រើនពីអតិថិជន។
លោក វ៉ន សាវ៉េត តំណាងសហគមន៍ផលិតបំពង់បឺតឫស្សី នៅក្នុងភូមិខ្នារផ្ទោល ឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាបបានប្រាប់អ្នកយកព័ត៌មានវិទ្យុជាតិកម្ពុជាថា ផលិតផលបំពង់បឺតធ្វើពីឫស្សី របស់អ្នកភូមិនៅឃុំស្រែណូយ ស្រុកវ៉ារិន្ទ ខេត្តសៀមរាប កំពុងទទួលបានការគាំទ្រជាច្រើនពីអតិថិជននៅក្នុងខេត្ត និងនៅតាមបណ្តារាជធានីខេត្តដ៏ទៃទៀត។ លោកបញ្ជាក់ថា គម្រោងផលិតបំពង់បឺតពីឫស្សី នេះមិនត្រឹមតែរួមចំណែកកាត់បន្ថយផលប៉ះពាល់ ដល់បរិស្ថាន ពីការប្រើប្រាស់បំពង់បឺតផ្លាស្ទិកប៉ុណ្ណោះទេ ប៉ុន្តែក៏ជាការជួយស្វែងរកចំណូលដល់ក្រុមគ្រួសារផងដែរ។
លោកបានសំណូមដល់ប្រជាពលរដ្ឋទាំងអស់ សូមជួយគាំទ្របំពង់បឺតឫស្សីផលិតដោយស្នាដៃរបស់កូនខ្មែរ ដើម្បីកាត់បន្ថយផលិតផលនាំចូល និងជាការលើកកម្ពស់ជីវភាពរបស់ប្រជាពលរដ្ឋនៅក្នុងសហគមន៍។
លោកបានបញ្ជាក់ថា សហគមន៍នឹងជំរុញឱ្យមានការដាំឫស្សីបន្ថែមទៀត ដើម្បីសម្រួលដល់ដំណើរការផលិត មានភាពងាយស្រួល ខណៈបច្ចុប្បន្នសហគមន៍នេះពិបាកក្នុងការស្វែងរកវត្ថុធាតុដើម និងការនាំចូលពីខេត្តដទៃ។
សូមបញ្ជាក់ថា ក្នុងមួយថ្ងៃៗប្រជាពលរដ្ឋម្នាក់អាចផលិតបំពងបឺតពីឫស្សីបានចំនួន១៥០ដើមតាមការបញ្ជាទិញពីអតិថិជន ៕​