មន្ទីរអប់រំខេត្តស្ទឹងត្រែងនិងអង្គការភ្លែនអន្តរជាតិកម្ពុជា រួមគ្នាលើកកម្ពស់អនាគតក្មេងស្រី

 

វិទ្យុជាតិកម្ពុជា គឹមហឿន ស្ទឹងត្រែង 

M.C មន្ទីរអប់រំខេត្តស្ទឹងត្រែងសហការជាមួយអង្គការភ្លែនអន្តរជាតិកម្ពុជាធ្វើប្រតិបត្តិការជាមួយអាជ្ញាធរ ឃុំ ក្នុងស្រុក ចំនួន៥ ដើម្បីពង្រឹងសុវត្ថិភាពចំពោះកុមារក្នុងស្ថានភាពរស់នៅនិងផ្តល់លទ្ធភាពឱ្យក្មេងស្រីទទួលបានការសិក្សាមានចំណេះដឹង ខ្ពង់ខ្ពស់ក្នុងសង្គមបច្ចុប្បន្ន។ 

ក្នុងកិច្ចពិភាក្សាតុមូលក្រោមប្រធានបទ‍‌‍‍« រួមគ្នាដោះស្រាយបញ្ហាក្មេងស្រីក្នុងអំឡុងកូវីដ-១៩» នៅមន្ទីរអប់រំយុវជននិងកីឡា ខេត្តស្ទឹងត្រែង នាថ្ងៃទី១១វិច្ឆិកានេះ លោកស្រី ទី ធីតា អនុប្រធានមន្ទីរ អប់រំ​ យុវជននិងកីឡាខេត្តបានបញ្ចាក់ថា៖ កិច្ចសហការនេះធ្វើឡើងតាមរយៈការណែនាំផ្សព្វផ្សាយឱ្យមាតាបិតា ឫអាណាព្យាបាលបញ្ជូនកូនស្រីរបស់ខ្លួន បានទៅរៀនសូត្រគ្រប់ៗគ្នា ដើម្បីមានការងារល្អនៅពេលអនាគត និងកាត់បន្ថយគម្លាតយេនឌ័រនៅក្នុងសង្គម។

              លោក ផែន ប៊ុនភឿន ប្រធានប្រតិបត្តិកម្មវិធីប្រចាំខេត្តស្ទឹងបានទទួលស្គាល់ថា៖នេះជាយន្តការមួយដែលអង្គការភ្លែន ចង់បានព្រោះបច្ចុប្បន្នអង្គការដៃគូផ្សេងទៀតកំពុងធ្វើការងារបញ្ជាផ្នែកយេនឌ័រ ឱ្យបានដល់សហគមន៍និងអាជ្ញាធរក្នុងស្រុក ទាំង៥ក្នុងខេត្តស្ទឹងត្រែងនេះ ។ 

      លោកបន្តថា៖ក្រុមការងាររបស់អង្គការភ្លែននឹងប្រឹងប្រែងប្រើប្រាស់បេសកកម្មរបស់ខ្លួន ឱ្យក្លាយទៅជារយៈពេលមួយ មានតម្លៃសម្រាប់គ្រួសារនីមួយៗនៅតាមមូលដ្ឋាននិងសហគមន៍ ឱ្យប្រជាពលរដ្ឋកាន់តែមានការផ្លាស់ប្តូរគំនិតគិតពីភាពរីក ចម្រើនសម្រាប់អនាគតកូនចៅនិងជួយអភិវឌ្ឍន៍សមត្ថភាពក្មេងស្រី ឱ្យមានភាពទទួលខុសត្រូវនិងចេះដឹកនាំការងារ។ 

        កញ្ញា ថន ជេដ្ឋា នី សិស្សថ្នាក់ទី១១នៃវិទ្យាល័យ ព្រះគោ ស្រុកថាឡាបរិវ៉ាត់ បានគាំទ្រចំពោះការលើកឡើងនេះ ព្រោះបច្ចុប្បន្នកូនចៅប្រជាពលរដ្ឋ ក៏ដូចជាមាតាបិតា នៅតាមមូលដ្ឋាន  មានការផ្លាស់ប្តូរច្រើន ទាំងការប្រកបមុខរបរ ទាំងមូលដ្ឋានរស់នៅ ដើម្បីចង់ឱ្យសង្គមគ្រួសារមានមុខមាត់ខ្ពង់ខ្ពស់ដូចគេឯង។ សូមបញ្ជាក់ថា៖អង្គការភ្លែនអន្តរជាតិ ប្រចាំកម្ពុជា បានធ្វើប្រតិបត្តិការលើកកម្ពស់ក្មេងស្រីក្នុងខេត្តចំនួន១៧ រួមមានខេត្ត ស្ទឹងត្រែង ក្រចេះ រតនគីរី កំពង់ចាម ព្រះវិហារ  កំពង់ធំ  តាកែវ  ខេត្តកំពត  បាត់ដំបង ពោធិ៍សាត់ បន្ទាយមានជ័យ ឧត្តរមានជ័យ​ សៀមរាប ព្រៃវែង ស្វាយរៀង កំពង់ឆ្នាំងនិងខេត្តកំពង់ស្ពឺ៕​