CDC សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ដល់ក្រុមហ៊ុនឯកជនចំនួន២ក្នុងទំហំ វិនិយោគប្រមាណ៦លានដុល្លារ

AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា  ឆ្នាំ២០២០–

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) សម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនឯកជនចំនួន២ ក្នុងទំហំវិនិយោគប្រមាណ៦លានដុល្លារ ជាមួយនឹងឱកាស ការងារជាង១ពាន់កន្លែង។

យោងតាមហ្វេសប៊ុកផ្លូវការរបស់ CDC ចេញផ្សាយនៅថ្ងៃទី១០ ខែវិច្ឆិកា បានឱ្យដឹងថា តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាស្ថាពរ ជូនដល់ក្រុមហ៊ុនរួមមាន៖ ១. SEAN ZORINA FASHION (CAMBODIA) CO., LTD.  គម្រោងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិថ្នល់ទទឹង ឃុំដំណាក់អំពិល ស្រុកអង្គស្នួល ខេត្តកណ្តាល មានទុនវិនិយោគប្រមាណ ៣លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៦៧៣កន្លែង។ ២. HARMONY APPAREL CO., LTD.  គម្រោងកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិចំការឪឡឹក សង្កាត់កាកាប២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ មានទុនវិនិយោគប្រមាណ ២,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៧៨៤កន្លែង៕

ដោយ​ម៉ៅ ចរិយា