ក្រុមប្រឹក្សាខេត្តកំពង់ចាម បើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ នៅស្រុកជើងព្រៃ

 

វិទ្យុជាតិកម្ពុជា


(កំពង់ចាម)៖ ក្រុមប្រឹក្សាខេត្តកំពង់ចាម នាព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ បានបើកវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ លើកទី២អាណត្តិទី៣ឆ្នាំ២០២០ នៅភូមិស្គន់ ឃុំសូទិពស្រុកជើងព្រៃ ក្រោមវត្តមានឯកឧត្តមខ្លូត ផនប្រធានក្រុមប្រឹក្សាខេត្ត និងឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្តកំពង់ចាម ព្រមទាំងសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត និងខាងសង្គមស៊ីវិល សរុបប្រមាណជាង ១០០ នាក់ ។
ឯកឧត្តម ខ្លូត ផន ប្រធានក្រុមប្រឹក្សាខេត្តកំពង់ចាម បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចនិងប្តេជ្ញាចិត្ត ក្នុងការធ្វើ កំណែទម្រង់រដ្ឋបាលថ្នាក់ក្រោមជាតិ ឱ្យមានលក្ខណៈស៊ីជម្រៅ យូរអង្វែងទាំងផ្នែករដ្ឋបាល និងផ្នែកនយោបាយ តាមរយៈការ បង្កើតក្រុមប្រឹក្សាឃុំ-សង្កាត់ ដែលជាតំណាងផ្ទាល់របស់ប្រជាពលរដ្ឋ។ ការដាក់ចេញនូវគោលនយោបាយកំណែទម្រង់វិមជ្ឈការ និងវិសហមជ្ឈការ គឺជាការអនុវត្តតាមរដ្ឋធម្មនុញ្ញនៃ ព្រះរាជាណាចក្រកម្ពុជា ដែលត្រូវបានអនុម័តនៅឆ្នាំ ១៩៩៣ ក្នុងបំណងសំខាន់ គឺការកែលម្អប្រព័ន្ធអភិបាលកិច្ច នៅតាមរដ្ឋបាលនានា, ជំរុញកិច្ចអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមកិច្ចនៅមូលដ្ឋាន រួមចំណែកកាត់បន្ថយភាពក្រីក្រ នៅទូទាំងប្រទេសកម្ពុជា ។

ឯកឧត្តម ខ្លូត ផន បានថ្លែងបន្តថា ការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ គឺជាឧបករណ៍ដ៏មានសារសំខាន់មួយ សម្រាប់លើកកម្ពស់គណនេយ្យភាព តម្លាភាព និងការចូលរួមរបស់ប្រជាពលរដ្ឋទាំងបុរស និងស្ត្រី ក្នុងដំណើរការ អភិបាលកិច្ចរបស់ក្រុមប្រឹក្សានៃរដ្ឋបាលថ្នាក់ក្រោមជាតិ។ វេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សា ខេត្តកំពង់ចាម អាណត្តិទី៣នាថ្ងៃនេះ គឺដើម្បីផ្តល់ព័ត៌មានដល់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់ សហគមន៍ ប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធអំពីសកម្មភាពនានារបស់ក្រុមប្រឹក្សា និងគណៈអភិបាលខេត្តក្នុងការឆ្លើយតបទៅនឹងសំណើ ទាំងឡាយរបស់ក្រុមប្រឹក្សាក្រុង-ស្រុក ក្រុមប្រឹក្សាឃុំ-សង្កាត់និងសហគមន៍ប្រជាពលរដ្ឋ។
សូមបញ្ជាក់ផងដែរថា ក្នុងវេទិកាពិគ្រោះយោបល់នោះ ជុំវិញការលើកឡើងរបស់ប្រជាពលរដ្ឋដែលមាន១២ចំណុច ក្នុងនោះ ចំណុចមួយចំនួនត្រូវបានដោះស្រាយភ្លាមៗ រីឯបញ្ហាមួយចំនួនទៀត គណៈអភិបាលខេត្តកំពង់ចាម ត្រូវលើកយកទៅពិគ្រោះ យោបល់សិន ដើម្បីដោះស្រាយនៅពេលក្រោយ ៕​