ក្រសួងមហាផ្ទៃស្នើអភិបាលរាជធានីភ្នំពេញ និងខេត្តកណ្តាល ផ្អាករៀបចំវេទិកាផ្សព្វផ្សាយនិងកិច្ចប្រជុំនានា រយៈពេល២សប្តាហ៍ ដើម្បីទប់ស្កាត់ជំងឺកូវីដ-១៩

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ ក្រសួងមហាផ្ទៃបានស្នើដល់អភិបាលរាជធានីភ្នំពេញ និងអភិបាលខេត្តកណ្តាល ធ្វើការផ្អាកជាបណ្តោះអាសន្ន នូវការរៀបចំវេទិកាផ្សព្វផ្សាយ និងពិគ្រោះយោបល់ និងកិច្ចប្រជុំនានាចំនួន២សប្ដាហ៍ ដើម្បីចូលរួមការពារទប់ស្កាត់ ការចម្លងជំងឺកូវីដ-១៩ទៅក្នុងសហគមន៍។

យោងតាមសេចក្តីជូនដំណឹង របស់អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃ បានឱ្យដឹងថា ស្ថានភាពនៃជំងឺកូវីដ-១៩ នៅក្នុងភូមិសាស្ដ្ររាជធានីភ្នំពេញ និងខេត្តកណ្ដាល មានហានិភ័យខ្ពស់ក្នុងការបន្ដចម្លងទៅក្នុងសហគមន៍មូលដ្ឋាន ដែលចាំបាច់ត្រូវបន្ដការប្រុងប្រយ័ត្នខ្ពស់ និងត្រូវយកចិត្តទុកដាក់ ក្នុងការអនុវត្តវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាល នៃជំងឺកូវីដ-១៩ ឱ្យបានហ្មត់ចត់ ។ ក្នុងស្មារតីដើម្បីបន្តការអនុវត្តវិធានការទប់ស្កាត់ឱ្យបានទាន់ពេលវេលា នូវការរីករាលដាលជំងឺកូវីដ-១៩ សំដៅថែរក្សាសុខភាព សាធារណៈ និងសុវត្តិភាពសង្គមនោះ អគ្គនាយកដ្ឋានរដ្ឋបាលក្រសួងមហាផ្ទៃបានស្នើអភិបាលរាជធានីភ្នំពេញ និង អភិបាលខេត្តកណ្ដាល ត្រូវធ្វើការ ផ្អាកជាបណ្ដោះអាសន្ននូវការរៀបចំវេទិកាផ្សព្វផ្សាយ ពិគ្រោះយោបល់ និងកិច្ចប្រជុំនានា ដែលមានមនុស្សជាច្រើនចូលរួម រយៈពេល២សប្ដាហ៍។ ទន្ទឹមនេះ ក្រសួងមហាផ្ទៃ អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ត្រូវបន្តអនុវត្តវិធានការបង្ការ និងទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ស្របតាមការណែនាំរបស់រាជរដ្ឋាភិបាល និងក្រសួងសុខាភិបាល ឱ្យបានជាប់ជាប្រចាំនៅតាមទីកន្លែងបំពេញការងារ៕