គម្រោងសាងសង់របងថ្ម តាមរចនាម៉ូតពីជំនាន់ដើម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី សម្រេចបាន៧០ភាគរយហើយ

AKP ភ្នំពេញ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០–

គម្រោងស្ថាបនារបងថ្មតាមរចនាម៉ូតពីជំនាន់ដើម នៅមុខទីស្តីការគណៈរដ្ឋមន្ត្រី តាម បណ្តាយមហាវិថីសហព័ន្ធរុស្ស៊ី ប្រវែងជិត១គីឡូម៉ែត្រ ចាប់ពីស្ថានីយប្រេងឥន្ធនៈតូតាល់ រហូតដល់ស្តុបវត្តនាគវ័ន្ដ សម្រេចបាន៧០ភាគរយហើយ។

លោក មឹង ពន្លក នាយករងទីចាត់ការរដ្ឋបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ថា គម្រោងនៃការរៀបចំសាងសង់របងថ្មនៅតាមបណ្ដោយផ្លូវ សហព័ន្ធរុស្ស៊ី ទល់មុខទីស្ដីការគណៈរដ្ឋមន្ត្រីបច្ចុប្បន្ន សម្រេចបានប្រមាណ ៧០ភាគរយ ហើយ ហើយរដ្ឋបាលរាជធានីភ្នំពេញគ្រោងធ្វើជាពីរ ដំណាក់កាលក្នុងនោះដំណាក់កាលទី១ ចាប់ផ្ដើមអនុវត្តន៍ ការដ្ឋានចេញពីស្ថានីយប្រេងឥន្ធនៈតូតាល់ រហូតដល់ផ្លូវR៦ (ស្តុបក្តាន់២) មានប្រវែង ៦៥០ម៉ែត្រ កម្ពស់២ម៉ែត្រ។ ក្នុងតំណាក់កាលទី១នេះដែរ ក្រុមការងារបានស្ថាបនា របងថ្មនេះទៅតាមគម្រោងបានសម្រេចជាច្រើនរយម៉ែត្រហើយ គឺចាប់ពីស្ថានីយតូតាល់ ដល់ឃ្លាំងលក់រថយន្ត ហើយដំណាក់កាលទី២ ចាប់ផ្ដើមពីផ្លូវR៦ (ស្តុបក្តាន់២)នេះ រហូតដល់ ទប់វត្តនាគវ័ន្តដែលមានប្រវែង៤៣៧ម៉ែត្រ។

មន្ត្រីដដែលបានបញ្ជាក់ថា ការរៀបចំធ្វើរបងថ្ម ជាមួយនឹងការរៀបចំការ៉ូឡាសម្រាប់ ថ្មើរជើងខាងលើនេះ ធ្វើឡើងដើម្បីលើកសោភណភាពរាជធានីភ្នំពេញឲ្យកាន់តែល្អប្រសើរ ដោយសារតែផ្លូវសហព័ន្ធរុស្ស៊ី ជាផ្លូវមួយដែលភ្ញៀវជាតិ និងអន្តរជាតិឆ្លងកាត់រាល់ថ្ងៃ។

សូមបញ្ជាក់ថា កាលពីដើមខែកក្កដា ឆ្នាំ២០២០ កន្លងទៅនេះ ឯកឧត្ដម ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក៏បានដឹកនាំអាជ្ញាធរខណ្ឌដូនពេញ និងមន្ទីរជំនាញចុះពិនិត្យមើល គម្រោងនេះផងដែរ និងបានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋ មេត្តាយោគយល់ និងចូលរួម សហការជាមួយរដ្ឋបាលរាជធានីភ្នំពេញ ដោយហេតុថាកំណាត់ផ្លូវមួយនេះ មិនមានផ្លូវថ្មើរ ជើងនោះទេ ដូច្នេះរដ្ឋបាលរាជធានីនឹងរៀបឱ្យមានចិញ្ចើមផ្លូវ សម្រាប់អ្នកថ្មើរជើងឱ្យ បានស្អាត ស័ក្តិសមជារាជធានី ដែលជាបេះដូងនៃព្រះរាជាណាចក្រកម្ពុជា៕ ដោយ សួស សំរិត

សម្រួលផ្សាយ៖ កន ចំណាន