ទាល់តែមានការចូលរួមអនុវត្តន៍ពីបុគ្គលគ្រប់ៗរូប ទើបអាចឆ្លងកាត់ដំណាក់កាលនៃព្រឹត្តិការណ៍៣វិច្ឆិកានេះបាន

 

វិទ្យុជាតិកម្ពុជា៖ លោកស្រី ធីណា ឌីណេ

ភ្នំពេញ៖ ក្រសួងសុខាភិបាលបានឱ្យដឹងថា ទាល់តែមានការចូលរួមអនុវត្តន៍ពីបុគ្គលគ្រប់ៗរូប ទើបអាចឆ្លងកាត់ដំណាក់កាល នៃព្រឹត្តិការណ៍៣វិច្ឆិកានេះបាន ដើម្បីបញ្ចៀសពីហានិភ័យ នៃការចម្លងវីរុសដ៏កាចសាហាវនេះ ចូលក្នុងសហគមន៍មូលដ្ឋាន។

សេចក្តីណែនាំរបស់ក្រសួងសុខាភិបាល ស្តីពីការអនុវត្តគម្លាតសុវត្ថិភាពសង្គម និងគម្លាតសុវត្ថិភាពបុគ្គល ដើម្បីបង្ការ និងទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ក្នុងសហគមន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ថា ជំងឺកូវីដ-១៩ឆ្លងតាមការ ប៉ះតំណក់ទឹកតូចៗដែលខ្ទាតចេញពីមនុស្សម្នាក់ទៅប៉ះមនុស្សម្នាក់ទៀត នៅពេលបុគ្គលដែលមានផ្ទុកវីរុសកូវីដ-១៩ និយាយ សើច ច្រៀង ក្អក ឬ កណ្តាស់ជាដើម។តំណក់ទឹកតូចៗនោះ អាច.ត.បានប្រហែលជាមួយម៉ែត្រកន្លះ ហើយអាចចូលទៅក្នុង មាត់ ភ្នែក និងច្រមុះបុគ្គលដែលនៅជិតអ្នកមានវីរុសកូវីដ-១៩តិចជាងមួយម៉ែត្រកន្លះម៉ែត្រ។ តំណក់ទឹកតូចៗនេះ ក៏អាចធ្លាក់ ទៅលើផ្ទៃនៃវត្ថុនានា ហើយឆ្លងមកមនុស្សដោយបុគ្គលយកដៃទៅប៉ះផ្ទៃនៃវត្ថុទាំងនោះ ហើយមកប៉ះពាល់ ជាមួយមាត់ ភ្នែក ច្រមុះ ដោយមិនបានលាងសម្អាតដៃឱ្យបានត្រឹមត្រូវ។
ក្រសួងសុខាភិបាលតែងតែអំពាវនាវហើយអំពាវនាវទៀត សូមប្រជាពលរដ្ឋទាំងអស់ចូលរួមអនុវត្តន៍វិធានការសុខាភិបាល ដែលបានដាក់ចេញឱ្យបានត្រឹមត្រូវ ព្រោះទាល់តែមានការចូលរួមអនុវត្តន៍របស់បុគ្គលគ្រប់ៗរូប ទើបអាចឆ្លងកាត់ ដំណាក់កាលនៃព្រឹត្តិការណ៍៣វិច្ឆិកានេះបាន។
ក្រសួងសុខាភិបាលសូមធ្វើការក្រើនរំលឹក និងអំពាវនាវដល់បងប្អូនសាធារណជនទាំងអស់ ត្រូវតែនាំគ្នាបន្តកិច្ចការពារ សុខភាពរបស់ខ្លួន ដោយត្រូវអនុវត្តន៍វិធានការសាមញ្ញៗ ដូចជា ការរក្សាគម្លាតសុវត្ថិភាពសង្គម និង ការរក្សាគម្លាតសុវត្ថិភាព បុគ្គល រួមជាមួយនឹងការអនុវត្តអនាម័យដៃស្អាតជានិច្ច និងការពាក់ម៉ាស់នៅពេលចាំបាច់ ជាពិសេសពេលធ្វើដំណើរ ឬចល័ត ឬមានបម្លាស់ទីពីកន្លែងមួយទៅកន្លែងមួយ ដើម្បីការពារ ការចម្លងចូលសហគមន៍មូលដ្ឋាន៕​