ការវាយចោលអគារចាស់នៅមូលដ្ឋានទ័ពរាម គឺ ដើម្បីអភិវឌ្ឍន៍តំបន់នេះឱ្យកាន់តែរីកចម្រើនបន្ថែមទៀត

 

វិទ្យុជាតិកម្ពុជា៖អត្ថបទ វ៉ែនសុវុទ្ធី

MC: សម្តេចពិជ័យសេនា ទៀ បាញ់ បានអះអាងថា ការវាយចោលអគារចាស់នៅមូលដ្ឋានទ័ពរាម គឺដើម្បីអភិវឌ្ឍន៍តំបន់នេះ ឱ្យកាន់តែរីកចម្រើនបន្ថែមទៀត បន្ទាប់ពីអគារនេះមានសភាពចាស់ទ្រុឌទ្រោម។

សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្រ្តី និង ជារដ្ឋមន្រ្តីក្រសួងការពារជាតិ បានអះអាងនៅក្នុងកិច្ចសម្ភាសន៍ ជាមួយវិទ្យុបរទេសមួយថា ពាក់ព័ន្ឋនឹងការវាយអគារចាស់ចោល និងសាងសង់អគារថ្មី ដែលស្ថិតនៅមូលដ្ឋានទ័ពរាម ខេត្តព្រះសីហនុ គឺដោយសារអគារចាស់មានសភាពទ្រុឌទ្រោមនិងតូចចង្អៀត ហេតុដូច្នេះហើយទើបរាជរដ្ឋាភិបាល សម្រេចសាងសង់អគារថ្មីឡើងវិញ ក្នុងគោលដៅបំពេញសេចក្តីត្រូវការ និងផ្តល់ភាពងាយស្រួលដល់ ប្រតិបត្តិការ កិច្ចការងាររបស់កងទ័ពឱ្យមានប្រសិទ្ធភាព។
សម្តេចពិជ័យសេនាបានបញ្ជាក់ថា ការវាយកម្ទេចអគារចាស់នេះ ក៏ជាសិទ្ធិក្នុងដែនអធិបតេយ្យរបស់កម្ពុជា នឹងពុំមែនធ្វើឡើង ដើម្បីផ្គាប់ចិត្តប្រទេសណាមួយនោះទេ។

)«ការត្រៀមអភិវឌ្ឍន៍របស់កម្ពុជាគឺធ្វើការអភិវឌ្ឍហើយ និងរៀបចំគឺអត់ឱ្យមានបាត់ស្លាកស្នាមទៅណាបន្តិចទេ គឺរៀបចំថ្មីហ្នឹងឱ្យល្អជាង ឱ្យធំជាងតែប៉ុណ្ណឹងទេ ខ្ញុំបាននិយាយហើយនិយាយទៀតនិយាយរាប់លើកមិនអស់គឺវាក្លាយជារឿង ភាគមួយដ៏ធំធេងពេកហើយ ហាក់ដូចជាទាំងអស់គ្នាយកចិត្តទុកដាក់នឹងអារឿងផ្សេងៗដូចអត់ឃើញសោះ ដូចអស់ហើយ ខ្ញុំដូចអត់មានអីពន្យល់របៀបណាទៀតទេ»។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាធ្លាប់បានថ្លែងកាលពីពេលថ្មីៗនេះថា កម្ពុជាគ្មាន គោលការណ៍ណាមួយ ដើម្បីផ្ដល់ឱ្យបរទេសណាប្រើប្រាស់នូវមូលដ្ឋានក្នុងប្រទេសកម្ពុជាឡើយ ព្រោះផ្ទុយនឹង រដ្ឋធម្មនុញ្ញរបស់កម្ពុជា ។ ប៉ុន្តែផ្ទុយទៅវិញបើមានប្រទេសណាមួយចង់ចូលមកសំចតនិងធ្វើសមយុទ្ធនៅកម្ពុជា គឺអាចដាក់ពាក្យស្នើសុំបាន សម្តេចស្វាគមន៍គ្រប់ពេល៕​