គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត ត្រៀមលក្ខណៈ ទាំងមធ្យោបាយសម្ភារនិងយន្តការ ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋ

AKP កំពត ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០–

គណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្តកំពត បានត្រៀមលក្ខណៈបន្ថែម ទាំងមធ្យោបាយសម្ភារនិងយន្តការ ដើម្បីឆ្លើយតបជួយសង្គ្រោះ និងកាត់បន្ថយហានិភ័យ ផ្សេងៗជូនដល់ប្រជាពលរដ្ឋទូទាំងខេត្ត ក្នុងករណីមានគ្រោះធម្មជាតិ ឬហេតុការណ៍ អាក្រក់កើតឡើង។

ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការគ្រប់គ្រងគ្រោះមហន្តរាយខេត្ត ដើម្បីពិនិត្យលើ សេចក្ដីព្រាង នៃខ្លឹមសារសេចក្ដីសម្រេចកែសម្រួលសមាសភាពរបស់គណៈកម្មាធិការគ្រប់ គ្រងគ្រោះមហន្តរាយខេត្ត នៅព្រឹកថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០ ឯកឧត្តម ជាវ តាយ អភិបាលខេត្តកំពតបានលើកឡើងថា គ្រប់សមាសភាព និងអ្នកពាក់ព័ន្ធទាំងអស់ ក្រោយពី ទទួលបាននូវយន្តការ នៃសេចក្ដីសម្រេចថ្មីនេះត្រូវចូលរួមបង្កើនស្មារតីឆន្ទៈ ត្រៀមលក្ខណៈ អនុវត្តន៍ការងារតាមតួនាទីភារកិច្ច ដូចបានកំណត់ក្នុងសេចក្តីសម្រេចរបស់គណៈកម្មាធិការ ពោលគឺត្រូវត្រៀមលក្ខណៈទាំងមធ្យោបាយសម្ភារនិងយន្តការ ក្នុងបេសកកម្មជួយសង្គ្រោះ ព្រមទាំងការកាត់បន្ថយហានិភ័យផ្សេងៗ ដោយប្រើវិធានការសរុប មធ្យោបាយសរុប កម្លាំងសរុប ឱ្យបានសកម្មថែមទៀត។

ឯកឧត្តមអភិបាលខេត្តបានសង្កត់ធ្ងន់ថា យើងមិនអាចមើលឃើញ ឬកំណត់គ្រោះ មហន្តរាយធម្មជាតិបាន ប៉ុន្តែយើងអាចត្រៀមលក្ខណៈទុកជាមុន ដើម្បីអាចចៀសវាងបាន ឬកាត់បន្ថយហានិភ័យឱ្យបានច្រើនបំផុតតាម ដែលអាចធ្វើទៅបាននៅតាមក្រុងស្រុក នីមួយៗ។

ក្នុងឱកាសនោះដែរ ឯកឧត្តម ជាវ តាយ បានបញ្ជាក់ដែរថា សម្រាប់ខេត្តកំពត បញ្ហាដែលតែងតែកើតមានជារៀងរាល់ឆ្នាំគឺទឹកជំនន់លិចក្រុង និងបណ្តាស្រុកមួយចំនួន តែឆ្នាំនេះខេត្តកំពតមិនបានទទួលរងគ្រោះដោយទឹកជំនន់នោះទេ ហើយជាបន្តបន្ទាប់ទៀត រដ្ឋបាលខេត្តនឹងរៀបចំក្រុងឱ្យកាន់តែស្អាត់ ជាពិសេសការស្តា និងស្ថាបនាហេដ្ឋា រចនាសម្ព័នផ្លូវថ្នល់ ប្រព័ន្ធលូបង្ហូរទឹក ប្រឡាយព្រែកជីក ការស្តារព្រែកកំពង់បាយ និងការរៀប ចំអាងចម្រុះទឹកកខ្វក់ជាដើម ដើម្បីបង្កើនសោភណភាព និងធានាបានថា ខេត្តកំពតមិន មានការជន់លិចក្រុងទៀតទេ ពេលមានភ្លៀងធ្លាក់ខ្លាំង ឬពេលបើកទ្វារទឹក ទំនប់វារីអគ្គិសនីកំចាយ។

ជាមួយឱកាសនោះដែរ ឯកឧត្តមអភិបាលខេត្តក៏បានធ្វើការណែនាំដល់អភិបាលក្រុង ស្រុក ក៏ត្រូវតែអនុវត្តន៍រៀបចំ កែសម្រួលសមាសភាពគណៈកម្មាធិការគ្រប់គ្រង គ្រោះ មហន្តរាយនៅថ្នាក់ក្រុង ស្រុក និងឃុំ សង្កាត់ ដូចគ្នានោះថ្នាក់ខេត្តផងដែរ។ ដើម្បីធ្វើ យ៉ាងណាឱ្យ យន្តការការងារគ្រប់គ្រងគ្រោះមហន្តរាយនេះស្របតាម អនុក្រឹត្យ លេខ១៨៨ អនក្រ.បក ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅរបស់គណៈកម្មាធិការគ្រប់គ្រង គ្រោះមហន្តរាយ ថ្នាក់ក្រោមជាតិ ឱ្យបានដំណើរការប្រកបដោយប្រសិទ្ធភាព និងឆ្លើយតប ក្នុងការជួយសង្គ្រោះ ព្រមទាំងកាត់បន្ថយបាននូវហានិភ័យផ្សេងៗ ជូនដល់ប្រជាពលរដ្ឋរងគ្រោះនៅក្នុងសហគមន៍ បានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕ ដោយ ប្រាក់ លាង