ឯកឧត្ដម ហ៊ុន ម៉ាណែត ផ្តល់ស្រូវពូជជូនដល់ប្រជាកសិករនៅខេត្តក្រចេះជាង ២០០០គ្រួសារ

AKP ក្រចេះ ថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០–

ឯកឧត្ដមឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ាណែត តំណាងដ៏ខ្ពង់ខ្ពស់សម្តេចអគ្គមហា សេនាបតីតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប៊ុន រ៉ានី ហ៊ុន សែន បានអញ្ជើញ ប្រគល់ស្រូវពូជដល់ប្រជាកសិករចំនួន២៣៧២គ្រួសារ នៅក្នុងខេត្តក្រចេះ កាលពីព្រឹកថ្ងៃពុធ ១១រោច ខែកត្តិក ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី១១ ខែវិច្ឆិកា ឆ្នាំ២០២០។

ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាល ខេត្តក្រចេះបានឱ្យដឹងថា ឆ្នាំនេះទឹកទន្លេ មេគង្គនៅខេត្តក្រចេះបានហក់ឡើងដល់កម្រិតកម្ពស់ ១៩,០៥ម៉ែត្រ នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០ បានធ្វើឱ្យប៉ះពាល់ដល់ផ្ទៃដីស្រូវរដូវប្រាំងប្រមាណជាង ២២៧៥ហិកតា និងខូច ខាតទាំងស្រុងជាង ១៧០៤ហិកតា ដំណាំរួមផ្សំ ៩៤ ហិកតានិងខូចខាតផ្លូវលំជនបទ ទំនប់ ប្រឡាយមួយចំនួនទៀត។

ឯកឧត្ដមអភិបាលខេត្តបញ្ជាក់ថា ជារៀងរាល់ឆ្នាំនៅខេត្តក្រចេះ ក្នុងកម្រិតកម្ពស់ទឹក ទន្លេមេគង្គ ១៩,០៥ ម៉ែត្រ មិនបានធ្វើឱ្យប៉ះពាល់និងខូចខាតដំណាំស្រូវរបស់ប្រជាកសិ ករយើងទេ ប៉ុន្តែសម្រាប់ឆ្នាំ២០២០នេះ ទឹកទន្លេមេគង្គស្រាប់តែបានហក់ឡើងក្នុងខែតុលា ដែលធ្វើឱ្យប៉ះពាល់ និងខូចខាតផ្ទៃដីស្រូវរដូវប្រាំងរបស់បងប្អូនប្រជាកសិករប្រមាណ ជាង២០០០ហិកតា នៅក្នុងក្រុង ស្រុកចំនួន៤គឺ ក្រុងក្រចេះ ស្រុកឆ្លូង ស្រុកព្រែកប្រសព្វ និងស្រុកចិត្របុរី។

នៅក្នុងឱកាសផ្តល់ជូនស្រូវពូជ ដល់ប្រជាកសិករជាង២០០០គ្រួសារនៅខេត្តក្រចេះ នាពេលនោះឯកឧត្តម ហ៊ុន ម៉ាណែត បានពាំនាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ដែលសម្ដេចទាំងពីរតែងតែគិតគូរខ្ពស់អំពីពីសុខទុក្ខប្រជាពលរដ្ឋ ពិសេសប្រជាពលរដ្ឋដែលកំពុងទទួលរងគ្រោះដោយគ្រោះធម្មជាតិ ផ្សេងៗ ដោយមិនទុកឱ្យប្រជាពលរដ្ឋណាម្នាក់អត់អាហារស្លាប់ដោយពុំបានដឹងឮពីអាជ្ញាធរមូលដ្ឋាននោះឡើយ។
ឯកឧត្ដម ហ៊ុន ម៉ាណែត បញ្ជាក់ថា រាជរដ្ឋាភិបាលកម្ពុជា បានខិតខំយ៉ាងប្ដូរផ្ដាច់ ដើម្បីអនុវត្តយុទ្ធសាស្ត្រកំណែទម្រង់ស៊ីជម្រៅ និងអភិវឌ្ឍន៍លើគ្រប់វិស័យ ជាពិសេសវិស័យកសិកម្ម ឧស្សាហកម្ម ដែលកំពុងតែដើរតួរនាទីយ៉ាងសំខាន់ ក្នុងការជំរុញការអភិវឌ្ឍ សង្គមនិងសេដ្ឋកិច្ចជាតិ រក្សាបាននូវសន្តិសុខស្បៀង កាត់បន្ថយភាពក្រីក្ររបស់ប្រជាពលរដ្ឋ ជាពិសេសក្នុងបរិបទប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ រួមទាំងដោះស្រាយបញ្ហាប្រឈមពីគ្រោះទឹកជំនន់ទឹក ភ្លៀងទាំងនៅរាជធានីភ្នំពេញ និងខេត្តមួយចំនួនក្នុងប្រទេសកម្ពុជាផងដែរ។

សូមបញ្ជាក់ថា ប្រជាកសិករទាំង ២៣៧២គ្រួសារ ដែលឯកឧត្ដម ហ៊ុន ម៉ាណែត បានផ្តល់ ជូនស្រូវពូជនៅពេលនោះ គឺក្នុងមួយគ្រួសារៗទទួលបានស្រូវពូជ ចំនួន១០០ គីឡូក្រាម និងថវិកាចំនួន ១០ម៉ឺនរៀល៕

ដោយ ជួន សុជាតិ

សម្រួលផ្សាយ៖ កន ចំណាន