អាជ្ញាធរប្រទេសអ៊ុយក្រែនបិទបញ្ចប់ការស៊ើបអង្កេតលើលោកបាយដិន

វិទ្យុជាតិកម្ពុជា/ អត្ថបទ ឆាយ វីកាល

ប្រភព ​ស៊ីប៊ីអេសញីវ  (១១.១១.២០)

អ៊ុយក្រែន៖ កាសែតបរទេសចុះផ្សាយថ្ងៃពុធ ទី ១១ ខែ វិច្ឆិកានេះ​ បានស្រង់សម្តីរបស់មន្រ្តីនំាពាក្យរបស់​ប៉ូលីសអ៊ុយក្រែន ដែលបាននិយាយថា  អាជ្ញាធរប្រទេសអ៊ុយក្រែនបានបិទបញ្ចប់ការស៊ើបអង្កេតព្រហ្មទណ្ឌ​លើរូបលោក​ហ្សូបាយដិនដែលត្រូវរងការចោទប្រកាន់ថាបានបង្ខំដោយខុសទំនងឲ្យមានការបណ្តេញចេញ​ពីតំណែង​នូវអគ្គព្រះរាជអាជ្ញារបស់ប្រទេសអ៊ុយក្រែនមួយរូប កាលពីឆ្នំា ២០១៦ ។

អគ្គព្រះរាជអាជ្ញានោះ បានអះអាងថា លោកហ្សូបាយដិន ដែលកាលនោះជាអនុប្រធានាធិបតីអាមេរិក បានដាក់សម្ពាធលើអតីតប្រធានាធិបតីប្រទេសអ៊ុយក្រែន លោក ប៉េត្រូ ប៉ូរ៉ូសិនកូ  ឲ្យបណ្តេញគាត់ចេញពីតំណែង ដោយសារគាត់ បានស៊ើបអង្កេតពីការធ្វើអាជីវកម្មរបស់ក្រុមហ៊ុនប្រេងនិងឧស្ម័នឈ្មោះ បួរីសស្មា ដែលមាន​កូនរបស់លោក ហ្សូបាយដិន ស្ថិតនៅក្នុងក្រុមប្រឹក្សានាយករបស់ក្រុមហ៊ុនរហូតដល់ឆ្នំា ២០១៩ ។

កាលពីឆ្នំា ២០១៩    ប្រធានាធិបតីអាមេរិក លោកដូណាល់ត្រំា បានជំរុញប្រធានាធិតីប្រទេសអ៊ុយក្រែន លោក វ៉ូឡូឌីមៀ ហ្សេឡិនស្គី ឲ្យប្រកាសបើកការស៊ើបអង្កេតលើរូបលោកហ្សូបាយដិន អំពីករណីក្រុមហ៊ុននោះដែរ ។​