ប្រជាពលរដ្ឋបង្ហាញអារម្មណ៍គាំទ្រនិងរីករាយ ចំពោះការរៀបចំបរិវេណមុខប្រាសាទអង្គរវត្ត

វិទ្យុជាតិកម្ពុជា៖


ប្រជាពលរដ្ឋដែលពឹងអាស្រ័យផល ក៏ដូចជាទេសចរមកទស្សនានៅតំបន់អង្គរ បានបង្ហាញអារម្មណ៍រីករាយ ជាមួយនឹងការ អភិវឌ្ឍជាបន្តបន្ទាប់នៅបរិវេណមុខប្រាសាទអង្គរវត្ត។ ការអភិវឌ្ឍទាំងនោះរួមមាន ការរៀបចំសួនច្បារ ដាំដើមឈើប្រណិត ឈើផ្កាព្រៃ ក៏ដូចជាសណ្ដាប់ធ្នាប់របៀបរៀបរយនៅកន្លែងលក់ដូរ និង ចំណតជាដើម ។

លោក ស៊ាន សុខៈ មគ្គុទ្ទេសក៍ទេសចរណ៍នៅតំបន់អង្គរ យល់ថាការរៀបចំកែលម្អបរិវេណមុខប្រាសាទអង្គរវត្ត ជាការល្អ និងមានប្រយោជន៍សម្រាប់វិស័យទេសចរណ៍។ លោក សុខៈ បានធៀបនឹងពេលមុនថា មានភាពខុសគ្នាឆ្ងាយ ដ្បិតបច្ចុប្បន្ន មានរៀបចំជាសួនបៃតង ដាំដើមឈើកម្រៗ ដូចជាធ្នង់ បេង ជាដើម ដែលជាផ្នែកមួយជួយទាក់ទាញភ្ញៀវទេសចរ ក៏ដូចជាឱ្យ ពួកគេស្គាល់ពូជឈើទាំងនោះ។

ចំណែកលោក អ៊ួច សុវណ្ណ វិញក៏សប្បាយរីករាយជាមួយទិដ្ឋភាពថ្មីនៃបរិវេណមុខអង្គរវត្តនេះដែរ។ ក្នុងនាមជាពលរដ្ឋខេត្តសៀមរាបមួយរូប លោកសូមចូលរួមអបអរសាទរជាមួយសមិទ្ធផលមួយនេះ និងរំពឹងថា ក្រោយវិបត្តិកូវីដ-១៩ នឹងមានភ្ញៀវទេសចរកាន់តែច្រើនចូលមកទស្សនារមណីយដ្ឋានអង្គរ។ ជាជាងថតមួយរូប លោក អ៊ួច សុវណ្ណ សង្កេតឃើញថា មានទេសចរមួយចំនួនចាប់អារម្មណ៍ជាមួយសម្រស់សួនច្បារបៃតងនៅមុខអង្គរវត្តនេះ និងបានថតរូបទុកជាអនុស្សាវរីយ៍ផងដែរ។ ក្រៅពីគាំទ្រចំពោះការអភិវឌ្ឍនេះហើយ លោក អ៊ួច សុវណ្ណ ក៏លើកទឹកចិត្តដល់អាជ្ញាធរជាតិអប្សរា បន្តរៀបចំ និងដាំដើមឈើឱ្យបានកាន់តែច្រើន។

គួរបញ្ជាក់ថា ក្នុងបំណងដើម្បីកែប្រែសោភ័ណភាពនៅបរិវេណមុខប្រាសាទអង្គរវត្ត ឱ្យសាកសមជាសម្បត្តិបេតិកភណ្ឌពិភពលោក អាជ្ញាធរជាតិអប្សរាបានចាប់ផ្តើមគម្រោងកែលម្អនេះចាប់ពីចុងឆ្នាំ២០១៩មក ដោយក្នុងនោះមានការរៀបចំសួនច្បារ ទីលានបដិសណ្ឋារកិច្ចថ្មី ដោយរើសំណង់តូបលក់ដូរទាំងអស់ចេញពីបរិវេណខាងមុខ អង្គរវត្ត បញ្ឈប់មិនឱ្យមានការលក់រញ៉េរញ៉ៃ និង ចំណតយានយន្តគ្មានសណ្ដាប់ធ្នាប់ជាដើម។ល៕​