ក្រសួងធនធានទឹកបើកយុទ្ធនាការស្ដារប្រេព័ន្ធធារាសាស្ត្រឡើងវិញក្រោយជំនន់ទឹកភ្លៀង

 

វិទ្យុជាតិកម្ពុជា៖ ដោយ អ៊ី កនិកា

ក្រសួងធនធានទឹកបានបើកយុទ្ធនាការស្ដារសំណង់ប្រព័ន្ធធារាសាស្ត្រឡើងវិញ នៅរាជធានី
ខេត្តចំនួន០៩ ក្រោយពីមានការខូចខាតដោយជំនន់ទឹកភ្លៀង ដើម្បីបម្រើដល់វិស័យកសិកម្ម និងសម្រាប់ផ្គត់ផ្គង់ការប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ របស់ប្រជាពលរដ្ឋ ។

លោក មាស តារា អនុប្រធាននាយកដ្ឋានធារាសាស្ត្រកសិកម្មនៃក្រសួងធនធានទឹកនិងឧតុនិយម បានប្រាប់វិទ្យុជាតិកម្ពុជាថា ការជួសជុលស្ដារប្រព័ន្ធធារាសាស្រ្តរាជធានីខេត្តចំនួន៩នេះ មាន៣៧ទីតាំង គឺបានចាប់ផ្ដើមធ្វើឡើងដោយមានការសហការពីក្រសួងធនធានទឹក រួមទាំងអាជ្ញាធរពាក់ព័ន្ធ ដើម្បីរួមគ្នាជួសជុលឱ្យបានរួចរាល់នាពេលខាងមុខនេះ។ លោកបានបន្តថា ចំពោះការស្ដារសំណង់ធារាសាស្ត្រឡើងវិញនេះ គឺដើម្បីជាប្រយោជន៍ក្នុងការទប់ទឹករក្សាទុក សម្រាប់បម្រើដល់វិស័យកសិកម្ម នារដូវប្រាំងខាងមុខផង និងពង្រឹងខ្នងទំនប់ឱ្យបានរឹងមាំ សម្រាប់សម្រួលដល់ការធ្វើដំណើរ របស់ប្រជាពលរដ្ឋក្នុងមូលដ្ឋានផងដែរ។

សូមបញ្ជាក់ថា ប្រព័ន្ធធារាសាស្ត្រទាំងចំនួន៣៧ទីតាំង ដែលខូចខាតដោយជំនន់ទឹកភ្លៀងនៅរាជធានីខេត្តចំនួន៩នេះរួមមាន នៅខេត្តបន្ទាយមានជ័យ ចំនួន១០ទីតាំង រាជធានីភ្នំពេញចំនួន១ទីតាំង ខេត្តកំពង់ស្ពឺចំនួន៣ទីតាំង ខេត្តបាត់ដំបងចំនួន
៦ទីតាំង ខេត្តសៀមរាបចំនួន៨ទីតាំង ខេត្តឧត្តរមានជ័យ ចំនួន៣ទីតាំង ខេត្ត
ពោធិ៍សាត់ចំនួន៣ទីតាំង ខេត្ត
កណ្តាលចំនួន២ទីតាំង និងខេត្តកំពង់ឆ្នាំងចំនួន១ទីតាំង។ ការខូចខាតនោះមាន ទំនប់បាក់ដាច់ មានប្រវែង
៥៥៦៣ម៉ែត្រ និងទំនប់ហូរច្រោះអស់
ប្រវែងជាង១ម៉ឺនម៉ែត្រ និងសំណង់ទំនប់មានចំនួន៧កន្លែង ប្រឡាយបាក់
ដាច់សរុបប្រវែងជាង២ម៉ឺនម៉ែត្រ និងប្រឡាយហូរច្រោះមានប្រវែងជាង៣ម៉ឺនម៉ែត្រ និងសំណង់ប្រឡាយមានចំនួន១២កន្លែង ៕